កីឡាជាតិ
ជាតិ
កីឡាចំបាប់ជើងឯកអាស៊ី៖ លោក Barnet ថាកម្ពុជារៀបចំបានល្អ ជាជោគជ័យសម្រាប់ស៊ីហ្គេម ២០២៣
25, Dec 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងកីឡាករកម្ពុជា ម៉ូ សារី (ក្រហម) និងកីឡាករកម្ពុជា សៅ ដន(ខៀវ) នាពេលកន្លងទៅ។
ការប្រកួតរវាងកីឡាករកម្ពុជា ម៉ូ សារី (ក្រហម) និងកីឡាករកម្ពុជា សៅ ដន(ខៀវ) នាពេលកន្លងទៅ។
ដោយ:
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnet ថាកម្ពុជារៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានល្អ ទាំងគណៈកម្មការរៀបចំការប្រកួត មន្រ្តីបច្ចេកទេស និងកាត់សេចក្តីរបស់មន្រ្តីអាជ្ញាកណ្តាល ដែលជាដំណើរជោគជ័យឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានបញ្ចប់ទៅនៅថ្ងៃទី១៨ ខែធ្នូ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ លោក Casey Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មើលឃើញភាពវិជ្ជមាន និងអវិជ្ជមានមួយចំនួនចំពោះអត្តពលិកកម្ពុជា។ ចំពោះចំនុចវិជ្ជមាន គឺកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា កើនសមត្ថភាពខ្ពស់ និងបានយល់ច្បាស់ពីលក្ខន្តិកៈនៃការប្រកួត ចំណែកចំនុចអវិជ្ជមាន គឺប្រឈមនឹងកម្លាំងកាយ និងបច្ចេកទេស ក្នុងការយកឈ្នះគូប្រកួត។
 
លោក Casey Barnet និយាយថា៖«ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺមើលឃើញថាមានភាពរលូន ដែលជាបទពិសោធយ៉ាងល្អសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ នេះជាប្រវត្តិសាស្រ្តសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលយើងមិនធ្លាប់មាន ប្រកួតជ្រើសរើសជើងឯកនេះយើងឈ្នះមេដាយរហូតដល់១៩ឯណោះ»។
 

លោក Casey Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ចូលរួមក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២។

លោក Casey បន្តថា ចំពោះមន្រ្តីរៀបចំការប្រកួតគឺយើងបានរៀបចំជាលក្ខណៈស្តង់ដារអន្តរជាតិ ដោយយើងមានក្រុមរបស់យើង ពិធីករ-ពិធីការិនី ដែលជាក្រុមត្រៀមហើយជាស្រេចសម្រាប់ស៊ីហ្គេម ២០២៣។ សម្រាប់កម្រិតសមត្ថភាពអត្តពលិកជម្រើសជាតិកម្ពុជាវិញ មន្រ្តីជំនាញមើលឃើញថា នៅមិនទាន់ល្អគ្រប់គ្រាន់នោះទេ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។
 
អនុប្រធានសហព័ន្ធ បញ្ជាក់ថា៖«យើងនៅខ្វះ យើងមិនអាចថាបាន១០០ភាគរយទេ បើប្រៀបធៀបទៅយើងអាចបានប្រហែល៥០ទៅ៦០ភាគរយ បើធៀបទៅនឹងវៀតណាម ឬក៏ហ្វីលីពីន គេមានកម្រិតខ្លាំងជាងយើង។ យើងនៅចាញ់បច្ចេកទេស ចាញ់កម្លាំងកាយគេ ប៉ុន្តែយើងនឹងត្រៀមពង្រឹងគាត់ឱ្យបានល្អសម្រាប់ស៊ីហ្គេម ២០២៣»។
 
គួររំឭកដែរថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ កម្ពុជា ឈ្នះមេដាយសរុប១៩ មេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១៣ ខណៈវៀតណាម ឈ្នះមេដាយសរុប៣០, ឥណ្ឌូណេស៊ី ឈ្នះមេដាយសរុប១៨ ហ្វីលីពីន ឈ្នះមេដាយសរុប១១ ថៃឈ្នះមេដាយសរុប៩ សិង្ហបុរី ឈ្នះមេដាយសរុប៣ និងឡាវពុំទទួលបានមេដាយឡើយ៕
 

Tag:
 កីឡាចំបាប់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com