អន្តរជាតិ
ចិន ប្រឆាំងច្បាប់ការពារជាតិអាម៉េរិកដែលបញ្ចូលកញ្ចប់ជំនួយ១០ពាន់លានដុល្លារឱ្យតៃវ៉ាន់
25, Dec 2022 , 10:29 am        
រូបភាព
ក្រសួងការបរទេសចិន នៅថ្ងៃទី២៤ ខែធ្នូ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះច្បាប់ការពារជាតិមួយរបស់អាម៉េរិក ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែធ្នូ។ មិនពេញចិត្តជុំវិញច្បាប់នេះ ក៏ព្រោះវាអនុញ្ញាតឱ្យមានការចំណាយលុយច្រើនសន្ធឹកសន្ធាប់លើវិស័យការពារជាតិអាម៉េរិកដែលក្នុងនោះមានជំនួយឥតសំណងសម្រាប់តៃវ៉ាន់ ១០ពាន់លានដុល្លារផងដែរ។

 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែធ្នូ បានចុះហត្ថលេខាសម្រេចអនុម័តច្បាប់ការពារជាតិអាម៉េរិកដែលផ្ដោតលើកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិនៅឆ្នាំ២០២៣។ ច្បាប់នេះរួមមានកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៨៥៨ពាន់លានដុល្លារ ដែលលើសពីការស្នើសុំរបស់រដ្ឋាភិបាល៤៨ពាន់លានដុល្លារឯណោះ។ 
 
អ្វីដែលសំខាន់បំផុតធ្វើឱ្យចិនមិនពេញចិត្ត ហើយប្រឆាំងដាច់ខាតនោះដោយសារក្នុងកញ្ចប់ថវិកាការពារជាតិអាម៉េរិកសរុប មានកញ្ចប់លុយ១០ពាន់លានដុល្លារជាជំនួយសន្តិសុខតៃវ៉ាន់ និងសម្រាប់ការងារបញ្ជូនអាវុធឱ្យបានលឿនទៅកោះនេះ។ វាជាជំនួយឥតសំណងដែលនឹងផ្ដល់ឱ្យតៃវ៉ាន់ក្នុងមួយឆ្នាំ២ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន រដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា​ ច្បាប់ការពារជាតិអាម៉េរិកដែលអនុញ្ញាតឱ្យមានកញ្ចប់ជំនួយសម្រាប់តៃវ៉ាន់ នឹងបំផ្លាញសន្តិសុខ និងស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅច្រកសមុទ្រតៃវ៉ាន់។ 
 
«ច្បាប់នេះមិនយកចិត្តទុកដាក់ពីការពិត បំផុសការគំរាមកំហែងដល់ចិន ដោយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយវាយប្រហារ និងបង្ខូចកិត្តិយសបក្សកុម្មុយនីស្តចិន (CPC)។ នេះ​ជា​ការ​ញុះញង់​ផ្នែកនយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​​ចិន»។ សេចក្ដីថ្លែងការក្រសួងការបរទេសចិនថ្លែងបែបនេះ មុនបន្ថែមថា ច្បាប់នេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ខណៈតៃវ៉ាន់ជារបស់ចិន។
 
ជាចុងក្រោយនៃសេចក្ដីថ្លែងការណ៍ ចិនបានជំរុញឱ្យអាម៉េរិកអនុវត្តតាមការយោគយល់រួមគ្នាដែលសម្រេចបានរវាងប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគី លោក បៃឌិន នៅកោះបាលីកាលពីកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដោយសង្កត់ធ្ងន់លើការចៀសវាងសង្គ្រាមត្រជាក់ ទទួលយកទស្សនៈនៃការអភិវឌ្ឍរបស់ចិន និងពង្រឹងទំនាក់ទំនងចិន-អាម៉េរិក។ លើសពីនេះ ចិននឹងចាត់វិធានការខ្លាំងក្លា និងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ខ្លួន។
 
គួរបញ្ជាក់ថា  ច្បាប់ការពារជាតិជាច្បាប់សហព័ន្ធរបស់អាម៉េរិកដែលតែងបង្កើតជារៀងរាល់ឆ្នាំដើម្បីកំណត់ទំហំថវិកា និងគម្រោងចំណាយសម្រាប់វិស័យការពារជាតិ ហើយច្បាប់នេះបានធ្វើឡើងតាំងពីឆ្នាំ១៩៦១ មកម្ល៉េះ។ កញ្ចប់ថវិកាការពារជាតិអាម៉េរិកក្នុងឆ្នាំ២០២៣ ក៏មានចំណែកជំនួយសម្រាប់អ៊ុយក្រែនផងដែរដើម្បីទប់ទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com