ជាតិ
សេដ្ឋកិច្ច
រដ្ឋ នឹងបង្កើតគោលនយោបាយ​ជាតិ«​ម្រេច» ដោយជំរុញការដាំម្រេចសរីរាង្គដើម្បីនាំចេញ
25, Dec 2022 , 6:59 pm        
រូបភាព
ក្រសួងពាណិ​ជ្ជកម្ម នឹងរៀបចំគោលនយោបាយជាតិស្តីពី«​ម្រេច» ​ដើម្បីបង្កើនប្រសិទ្ធិ​ភាពនៃប្រកួតប្រជែងទីផ្សារ​អន្តរជាតិ និងបង្កើននូវតម្លៃ​បន្ថែមក្នុងខ្សែច្រវាក់​ផលិតកម្ម​ម្រេច​កម្ពុជា​។​ ការរៀបចំគោលនយោបាយនេះ នឹងធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីពេញអង្គ។

 
សេចក្តីព្រាងគោលនយោ​បាយ​​​​​​​​​​​​​​​​​​​​​​​ជាតិស្តីពី«ស្វាយចន្ទី» យ៉ាងយូរនឹងត្រូវបានអនុម័តនៅចុងត្រីមាសទី​១ ឆ្នាំ២​០២៣។ នេះការជាលើកឡើងរបស់​​​​​​​​​លោក វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ​​​​​​​​​​​​​​​ដោយអះអាងថា​ ​បន្ទាប់​ពី​​កា​រ​អនុ​ម័ត​នេះ ក្រសួ​ងពា​ណិ​ជ្ជក​ម្មនឹង​ជំរុញការរៀបចំគោលន​យោបាយ​ជាតិស្តី​ពី«​ម្រេ​ច» ក្នុង​គោលដៅ​បង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យអស់ល​​​ទ្ធ​ភា​ព។​ ​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាមលោក វ៉ា រុតសាន ការបង្កើតគោលនយោបាយជាតិម្រេចនេះ គឺផ្តោតលើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ។ ការធ្វើបែបនេះក៏ព្រោះតែដីកសិកម្មកម្ពុជានៅមានច្រើនដែលមិនទាន់ខូចខាត ដោយសារជី​និងថ្នាំគីមីកសិកម្ម ខណៈដីកសិកម្មរបស់វៀតណាម និង ប្រទេសផ្សេងទៀត មិនអាចដុះដំណាំសរីរាង្គនាំចេញទៅទីផ្សារអន្តរជាតិបាន។ 
 
 
​​​​​​​​​លោក វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម។ រូបថត៖ CPSF
​​​​​​​​​​​​​​​
ក្នុងវេទិកាប្រមើមើលម្រេចកម្ពុជាឆ្នាំ២០២២ ដែលរៀបចំដោយ​សហព័ន្ធម្រេច​ និង គ្រឿងទេសកម្ពុជា(CPSF) នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៣ធ្នូ លោក វ៉ា រុតសាន មានប្រសាសន៍ដូច្នេះ៖ «យើងអាចអភិវឌ្ឍន៍ដីដាំម្រេចសរីរាង្គបាន [ខណៈ]ដែលដីកសិកម្មប្រទេសគេគឺសុទ្ធតែគីមីអស់ហើយ។ នេះ ជាឧត្តមភាពរបស់យើង​ ហើយខ្មែរយើងក៏ជាអ្នកមានប្រវត្តិក្នុងការដាំម្រេចពីដូនតាមកដែរ។ អ៊ីចឹង!​ បច្ចេកទេសមួយចំនួន យើងអាចដកស្រង់យកចំណុចខ្លាំងមកប្រើប្រាស់ដើម្បីអភិវឌ្ឍវិស័យម្រេចយើងឱ្យអស់លទ្ធភាព»។ 
 
សម្រាប់គោលនយោបាយជាតិម្រេចនេះ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ពោល គោលនយោបាយទាំងនេះ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ, កាត់បន្ថយថ្លៃដើម, បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម, ជំរុញការវិនិយោគ និងជំរុញការនាំចេញជាដើម...។ លោកប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ « វៀតណាមផលិតម្រេចមួយគីឡូក្រាមអស់ថ្លៃដើមត្រឹម២ដុល្លារ​ តែខ្មែរវិញអស់ថ្លៃដើមដល់ជាង២,៥ដុល្លារក្នុងមួយគីឡូក្រាម។ អ៊ីចឹង! តើយើងប្រកួតប្រជែងបានអត់?។​ នេះជាចំណុចខ្សោយមួយរបស់យើងដែលត្រូវរួមគ្នាដោះស្រាយ»។​​ 
 
ជុំវិញ​បញ្ហាកសិកម្មកម្ពុជានេះ​ លោក វ៉ា រុតសាន លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជនត្រូវខិតខំរៀបចំនិងធ្វើយ៉ាងម៉េចឱ្យមានតម្លៃបន្ថែមក្នុងផលិតកម្ម​ និងដំណើរការចេញនាំម្រេចទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់គោលនយោបាយជាតិស្តីពីម្រេចដែលក្រសួងពាណិជ្ជកម្ម​រៀបចំឡើងនេះ សហព័ន្ធម្រេច​ និង គ្រឿងទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច​ ក្នុងការចូលរួមផ្តល់ធាតុចូល​ និងជួយសម្របសម្រួលទីផ្សារក្នុងនិងក្រៅស្រុក។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPSF) បាននិយាយបែបនេះថា៖ «ផ្ទៃដីស្រុកខ្មែរ បើលើកលែងដីនៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំចេញ ដីនៅខេត្តផ្សេងៗគឺងាយដាំម្រេចសុវត្ថិភាព និងសរីរាង្គ ដោយសារការប្រើប្រាស់ [ថ្នាំ និងជីគីមីកសិកម្ម] នៅមានកម្រិតទាប ដែលអាចកែប្រែបានលឿន។ ប៉ុន្តែ វាអាស្រ័យលើឆន្ទៈរបស់កសិករផ្ទាល់ ថាចង់ធ្វើម្រេចសរីរាង្គ ឬក៏អត់!»។ បើតាម លោក ម៉ាក់ នី ប្រសិនបើកសិករចង់បំបែកដីសម្រាប់ដាំម្រេចសរីរាង្គនោះ គឺខាង CPSF នឹងជួយប្រឹក្សយោបល់ និងផ្តល់បច្ចេកទេសដាំដុះដោយឥតគិតថ្លៃឡើយ។

«បើកសិករធ្វើ[ឬដាំដុះម្រេចសរីរាង្គ] នឹងបានតម្លៃបន្ថែម។ ឧបមាថា៖ តម្លៃម្រេចធម្មតា លក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម តែម្រេចសរីរាង្គអាចបានដល់តម្លៃ១,៤ម៉ឺនរៀល ទៅ១,៥ម៉ឺនរៀល។ អ៊ីចឹង! វាល្អសម្រាប់កសិករ»។ នេះជាការលើកឡើងរបស់លោក ម៉ាក់ នី ដោយបន្តថា នៅពេលភាគីពាក់ព័ន្ធទាំងអស់សហការគ្នា ជាពិសេសសមាជិក CPSF រួមមានទាំងផលិតករ ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុនផ្គត់ផ្គង់ផលិត-សេវាក្នុងវិស័យកសិកម្មឧស្សាហកម្ម រួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពី«​ម្រេច»នោះ  វានឹងធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន ខណៈដែលកម្ពុជាកំពុងបើកទីផ្សារ​សេរីជាមួយប្រទេសក្នុងពិភពលោកជាបន្តបន្ទាន់។

បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប),  កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េងត្បូង។​ ទន្ទឹមនេះ កម្ពុជាក៏កំពុងចរចាបើកទីផ្សារជាមួយ អេមីរ៉ាតរួម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) ផងដែរ។​ ក្នុងនោះ ផលិតផលម្រេចកម្ពុជា ក៏ត្រូវបានភាគីខាងពីរលើកយកមកពិភាក្សាដែរ។
 
​របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះម្រេចសរុប​ ៦, ៩៣៥ហិកតា ដែលផ្តល់ទិន្នផល​បាន ១៨ ៣៧៣តោន។ ម្រេចកម្ពុជាបានចូលដល់ទីផ្សារប្រទេសចំនួន១៧ ក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសវៀតណាម សហរដ្ឋអាម៉េរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អ៊ីស្រាអែល និងប្រទេសឥណ្ឌា ជាដើម។

សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញបាន ១៨ ០០០តោន​។ ក្នុងនោះ ទីផ្សារធំជាងគេរបស់កម្ពុជា គឺប្រទេសវៀតណាម ខណៈអាល្លឺម៉ង់ស្ថិតនៅលេខ២៕ 
 
 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com