ជាតិ
សេដ្ឋកិច្ច
រដ្ឋ ចំណាយថវិកា ៦៧លានដុល្លារ ដើម្បីកែលម្អ និងពង្រីក ផ្លូវលេខ៤១
26, Dec 2022 , 10:39 am        
រូបភាព
ផ្លូវជាតិលេខ៤១។ រូបភាព៖ ក្រសួងសារធាណការ
ផ្លូវជាតិលេខ៤១។ រូបភាព៖ ក្រសួងសារធាណការ
ដោយ:
ភ្នំពេញ៖ ផ្លូវជាតិលេខ៤១ ត្រូវបានស្ថាបនាឡើងវិញ ក្រោមទំហំទឹកប្រាក់៦៧លានដុល្លារអាម៉េរិក។ ថវិកាធ្វើផ្លូវនេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។



លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤១នេះ សាងសង់ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកំពត ដែលមានប្រវែង ៩៥,២៧គីឡូម៉ែត្រ ហើយគ្រោងចំណាយថវិកា ៦៧លានដុល្លារអាមេរិក។ 
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសារធាណការ
 
ការស្ថាបនាផ្លូវជាតិលេខ៤១នេះ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ត្រង់ចំណុចប្រសព្វនៃផ្លូវជាតិលេខ៣ ខេត្តកំពត ។ ផ្លូវនេះ ត្រូវបានសាងសង់ឡើងវិញ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងផ្លូវរហូតដល់ ១២ម៉ែត្រ។ នេះបើតាមលោក ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងពិធីប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវលេខ៤១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
 
រដ្ឋមន្រ្តីក្រសួងសារធាការរូបនេះ បានបន្តថា ក្រៅពីនេះ ក៏មានការសាងសង់សំណង់សិល្បការ្យផ្សេងៗបន្ថែមទៀត រួមមាន ពង្រីកស្ពានចាស់ ១កន្លែង ប្រវែង ២០០ម៉ែត្រ ,ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង, បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
 
«ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ»។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ។
 

ពិធីប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវលេខ៤១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន

បើតាមលោក ចាន់ថុល ផ្លូវនេះ បានតភ្ជាប់ទៅកំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់, កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ កែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣។ 
 
សូមជម្រាបថា គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ៕
 

ផ្លូវជាតិលេខ៤១

Tag:
 ផ្លូវជាតិលេខ៤១
© រក្សាសិទ្ធិដោយ thmeythmey.com