អន្តរជាតិ
កូរ៉េខាងត្បូងថានឹងតបតយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
28, Dec 2022 , 7:42 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី២៨ ខែធ្នូ បានប្រាប់មន្រ្តីរបស់ខ្លួបឱ្យតបតយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង ដោយមិនភ័យខ្លាចពីអាវុធអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ​ បានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនយន្តហោះដ្រូនចូលទឹកដីខ្លួន។

 
 
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉លក្នុងអំឡុងពេលកិច្ចប្រជុំដែលមិនបានគ្រោងទុកជាមួយសមាជិកនៃការិយាល័យប្រធានាធិបតី និងការិយាល័យសន្តិសុខជាតិនៅថ្ងៃទី២៨ ខែធ្នូ បានណែនាំឱ្យមន្រ្តីកូរ៉េខាងត្បូងកុំភ័យខ្លាចពីអាវុធអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមលេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការសារព័ត៌មានលោកស្រី Kim Eun-hye ។
 
«ប្រធានាធិបតី យូន (យូន សុកយ៉ល) បានប្រាប់មន្រ្តីឱ្យតបត ដោយគ្មានលក្ខខណ្ឌឆ្លើយតបទៅនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើងដោយនិយាយថា នោះគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង»។ លោកស្រី Kim Eun-hye បានលើកឡើងបែបនេះមុនបន្តថា លោក​ យូន សង្កត់ធ្ងន់ថា កូរ៉េខាងត្បូងគ្មានការភ័យខ្លាច ឬស្ទាក់ស្ទើរដោយសារតែកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែឡើយ។ 
 
លើសពីនេះ លោកស្រី Kim បាននិយាយថា លោក​ យូន នឹងទៅទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ដើម្បីពិនិត្យមើលសមត្ថភាពឃ្លាំមើល ការឈ្លបយកការណ៍ និងស្ទាក់ចាប់ប្រឆាំងនឹងយន្តហោះដ្រូននិងវត្ថុហោះហើរផ្សេងទៀត ក៏ដូចជាវឌ្ឍនភាពលើការអភិវឌ្ឍន៍មីស៊ីលវាយប្រហារផងដែរ។
 
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែធ្នូកន្លងទៅ កូរ៉េខាងជើងបានបញ្ជូនយន្តហោះដ្រូនចំនួន ៥ គ្រឿងចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង។ យ៉ាងណាមិញ យោធាកូរ៉េខាងត្បូងបានបរាជ័យក្នុងការបាញ់ទម្លាក់យន្តហោះទាំងនេះ ដែលបង្ហាញពីភាពខ្វះខាតក្នុងការត្រៀមខ្លួនរបស់កូរ៉េខាងត្បូង។ ក្នុងថ្ងៃដដែលកូរ៉េខាងត្បូង ក៏បានបញ្ជូនដ្រូនចូលទៅក្នុងដីកូរ៉េខាងជើងវិញដែរ ដើម្បីឃ្លាំមើលសកម្មភាពយោធា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com