អន្តរជាតិ
វិមានក្រេមឡាំង៖ ផែនការសន្តិភាពរបស់អ៊ុយក្រែនត្រូវបញ្ចូលតំបន់៤ដែលរុស្ស៊ីកាន់កាប់ដែរ
29, Dec 2022 , 10:59 am        
រូបភាព
វិមានក្រេមឡាំង នៅថ្ងៃទី២៨ ខែធ្នូ បានច្រានចោលផែនការសន្តិភាព១០ចំណុចរបស់ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី តែក៏ចង់ឱ្យផែនការនេះគិតគូរពីរឿងបច្ចុប្បន្នរបស់​តំបន់​អ៊ុយក្រែន​ទាំងបួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

 
«ផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដែលមិនគិតពីការពិតនាពេលបច្ចុប្បន្ននេះទាក់ទងនឹងទឹកដីរុស្ស៊ី​ជាមួយនឹងការបញ្ចូលតំបន់ចំនួនបួនចូលទៅក្នុងរុស្ស៊ី មិនគួរមាននោះឡើយ»។  អ្នកនាំពាក្យ​វិមាន​ក្រេមឡាំងលោក Dmitry Peskov ថ្លែងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ រួចបន្តថា ផែនការ​ដែល​មិនគិតពីការពិត មិនអាចបង្កើតសន្តិភាពទេ។ 
 
រុស្ស៊ីបញ្ចូលតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលខ្លួនបានដណ្ដើមរួមមាន Donetsk, Luhansk, Kherson និង Zaporizhzhia ជាផ្នែកនៃទឹកដីរបស់ខ្លួនកាលពីខែកញ្ញាបន្ទាប់​ពី​ការ​បោះឆ្នោ​ត​ប្រជាមតិក្នុងតំបន់។ យ៉ាងណាមិញ ក្រុងមូស្គូមិន​គ្រប់​គ្រង​ពេញលេញលើតំបន់​ណា​មួយ​ក្នុង​ចំណោម​តំបន់ទាំង​បួន​នោះ​ទេ។
 
ស្របពេលរងការវាយប្រហារខ្លាំងពីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ក៏​ជំរុញផែនកា​រ​សន្តិភាព​១០​ចំណុចរបស់លោកដែលបានប្រកាសជាលើកដំបូងនៅក្នុងខែវិច្ឆិកា ហើយបានយកទៅ​ពិភាក្សាជាមួយ​ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថែមទៀត។ ក្រុងកៀវក៏បានជំរុញឱ្យមេដឹកនាំ​ពិភពលោក​រៀប​ចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពសកលដោយផ្អែកលើផែនការសន្តិភាពនេះផងដែរ។
 
ក្រៅពីរឿងបច្ចុប្បន្ន ផែនការ​នេះ​ ជំរុញឱ្យមានការដក​ទ័ព​រុស្ស៊ី​ចេញ​ពី​ទឹកដី​​តំបន់​ទាំង៤ព្រមទាំងតំប​ន់​គ្រីមេដែល​រុស្ស៊ីដណ្តើម​យក​ក្នុង​ឆ្នាំ២០១៤ទៀតផង៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com