ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ប្រវត្តិវិទូ ស៊ន សំណាង៖«ដើម្បីការពារអនាគតកម្ពុជា យើងត្រូវបំពាក់ឧត្តមគតិថ្មីឱ្យយុវជន»
29, Dec 2022 , 2:09 pm        
រូបភាព
រូបឆ្វេង លោកប្រវត្តិវិទូ ស៊ន សំណាង, រូបស្ដាំ លោក ហ៊ុន ម៉ានី ថ្លែងសារទៅកាន់​យុវជន​កាលពីយប់ថ្ងៃទី៣​ខែធ្នូ​ឆ្នាំ​២០២២ ក្នុងពិធីរម្លឹកខួប៤៤ឆ្នាំនៃចលនាយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងខួប​១០ឆ្នាំ​នៃ​សហភាពសហព័ន្ធយុវជនកម្ពុជា​នៅវិមានឈ្នះ-ឈ្នះ
រូបឆ្វេង លោកប្រវត្តិវិទូ ស៊ន សំណាង, រូបស្ដាំ លោក ហ៊ុន ម៉ានី ថ្លែងសារទៅកាន់​យុវជន​កាលពីយប់ថ្ងៃទី៣​ខែធ្នូ​ឆ្នាំ​២០២២ ក្នុងពិធីរម្លឹកខួប៤៤ឆ្នាំនៃចលនាយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងខួប​១០ឆ្នាំ​នៃ​សហភាពសហព័ន្ធយុវជនកម្ពុជា​នៅវិមានឈ្នះ-ឈ្នះ
លោក ហ៊ុន ម៉ានី បានរើសយកវេទិការម្លឹកខួប៤៤ឆ្នាំនៃកំណើតយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួប១០ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីប្រកាសពាក្យបំផុសគំនិតថ្មីមួយទៀតគឺ «ការពារអនាគត» កម្ពុជា។ នោះគឺជាការអំពាវនាវមួយ ហើយយុទ្ធនាការក៏ទំនងជាចាប់ផ្តើមដែរ។ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោក ហ៊ុន ម៉ានី បានធ្វើដំណើរទៅជួបរចនាសម្ព័ន្ធគណៈចលនាមហាជននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយក៏បានផ្សព្វផ្សាយពីគោលបំណងដែលនៅពីក្រោយពាក្យបំផុសគំនិតថ្មីនេះ។ លោក ស៊ន សំណាង បណ្ឌិតផ្នែកប្រវត្តិវិទ្យា ពេញចិត្តចំពោះពាក្យបំផុសគំនិតការពារប្រទេសរបស់អ្នកនយោបាយបន្តវេន។ ប៉ុន្តែលោកបារម្ភថា ការផ្សព្វផ្សាយពន្យល់មិនទូលំទូលាយនឹងធ្វើឱ្យមហាជនមិនអាចចូលរួមបាន។

 
លោក លាង ដឺលុច នៃសារព័ត៌មានថ្មីៗ បានស្នើសុំធ្វើបទសម្ភាសជាមួយលោកប្រវត្តិវិទូ ស៊ន សំណាង ដើម្បីស្ដាប់ការយល់ឃើញរបស់លោកចំពោះចក្ខុវិស័យរបស់លោក ហ៊ុន ម៉ានី។
បទសម្ភាសមានខ្លឹមសារដូចតទៅ៖
 
លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យយល់យ៉ាងណាដែរចំពោះការបង្កើតពាក្យបំផុសគំនិតរបស់លោក ហ៊ុន ម៉ានី ដែលពាក្យចុងក្រោយនេះ គឺ «ការពារអនាគត» កម្ពុជា? 
 
សាស្ត្រាចារ្យ ស៊ន សំណាង៖ ប្រសើរណាស់ ដែលអ្នកនយោបាយបន្តវេនយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ ប៉ុន្តែខ្ញុំរម្លឹកថា នៅក្នុងមុខវិជ្ជាប្រវត្តិវិទ្យា មានពាក្យមួយឃ្លានិយាយថា «ប្រវត្តិវិទ្យា គឺជាស្ពានដែលតភ្ជាប់អតីតកាលមកបច្ចុប្បន្នកាល និងបង្ហាញផ្លូវដែលត្រូវដើរទៅអនាគតកាល។ បើសិនជាចង់គិតពី អនាគត គេត្រូវស្គាល់ប្រវត្តិសាស្ត្រឱ្យបានច្បាស់។ មានពាក្យមួយឃ្លាទៀតថា «បើអ្នកស្គាល់អតីតកាលកាន់តែច្រើន អ្នកនឹងអាចរៀបចំអនាគតកាលបានកាន់តែល្អ»។ 
 
លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យអាចពន្យល់ខ្ញុំបន្ថែមជាងនេះបានទេ?
 
សាស្ត្រាចារ្យ ស៊ន សំណាង៖ ខ្ញុំជូនឧទាហរណ៍មួយ ទាក់ទងនឹងជម្លោះប្រាសាទព្រះវិហារ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ បារាំងដែលជាអាណាព្យាបាលរបស់ខ្មែរបានចុះអនុសញ្ញាមួយជាមួយសៀម ដែលនៅក្នុងអនុសញ្ញាបារាំង-សៀមនោះ សៀមយល់ព្រមចាកចេញពីទឹកដីខ្មែរដែលរួមមានខេត្តម្លូព្រៃ និងទន្លេរពៅ។ បានន័យថា សៀមយល់ព្រមចាកចេញពីតំបន់ប្រាសាទព្រះវិហារផងដែរ។ ប៉ុន្តែ ៥០ឆ្នាំក្រោយមក គឺក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ហើយបារាំងបានដកទ័ពចេញពីកម្ពុជា តាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅឆ្នាំ១៩៥៤នោះ ថៃបានត្រឡប់ចូលមកតំបន់ប្រាសាទព្រះវិហារវិញ។ ក្នុងឆ្នាំ១៩៥៨ គណៈប្រតិភូកម្ពុជាបានទៅប្រជុំជាមួយភាគីថៃ នៅក្រុងបាងកក ដើម្បីដោះស្រាយបញ្ហានេះ។ ពេលនោះ ថៃបានបបួលកម្ពុជាឱ្យលុប សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ដែលមានពីមុនមកនោះ ចោលទាំងអស់។
 
អ្វីដែលខ្ញុំចង់និយាយ គឺនៅត្រង់នេះហើយ។ បើខ្មែរមិនបានស្គាល់អតីតកាល ឬប្រវត្តិសាស្ត្រខ្លួនឯងច្បាស់លាស់ទេ ខ្មែរអាចយល់ព្រមតាមការស្នើរបស់ថៃ នៅពេលនោះ ដែលនាំឲ្យខ្មែរបាត់មូលដ្ឋានច្បាប់ជាម្ចាស់ប្រាសាទព្រះវិហារ។ ប៉ុន្តែ គណៈប្រតិភូរដ្ឋាភិបាលកម្ពុជា មិនបានយល់ព្រមតាមការចង់បានរបស់ ថៃនោះទេ ហើយបានពន្យល់ពួកគេវិញអំពីមូលដ្ឋានគតិយុត្ត ស្តីពី«គោលការណ៍និរន្តរភាពនៃរដ្ឋ» មានន័យថាចាប់ពីឆ្នាំ១៨៦៣ បារាំងក្នុងឋានៈជារដ្ឋអ្នកអាណាព្យាបាលលើកម្ពុជា គឺជាអ្នកតំណាងរបស់កម្ពុជា ក្នុងការចុះហត្ថលេខាលើ សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម។ នៅពេលបារាំងប្រគល់ឯករាជ្យមកឲ្យកម្ពុជាវិញនៅឆ្នាំ១៩៥៣នោះ សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀមពីមុន នៅមានតម្លៃគតិយុត្តជាធរមាន ហើយថៃ (ប្តូរពីពាក្យសៀមនៅឆ្នាំ១៩៣៩) មិនអាចលុបចោលបានទេ។
 
ដោយថៃមិនបានគោរពតាម«គោលការណ៍និរន្តរភាពនៃរដ្ឋ»នេះហើយ បានជាកម្ពុជាដាក់បណ្ដឹងទៅតុលាការអន្តរជាតិក្រុងឡាអេ ក្នុងរឿងប្រាសាទព្រះវិហារនៅឆ្នាំ១៩៥៩។ កម្ពុជាបានឈ្នះក្នុងរឿងក្តី ប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២នោះ ដោយសារខ្មែរមានចំណេះដឹងយ៉ាងច្បាស់អំពី ប្រវត្តិសាស្រ្តជាតិរបស់ខ្លួន ដូចបានបង្ហាញខាងលើនេះ។
 
លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យចង់មានប្រសាសន៍ថា ដើម្បីចូលរួមការពារអនាគត យុវជនកម្ពុជាត្រូវរៀនប្រវត្តិសាស្ត្រឱ្យច្រើន?
 
សាស្ត្រាចារ្យ ស៊ន សំណាង៖ មិនត្រឹមតែរៀនប្រវត្តិសាស្ត្រទេ ប៉ុន្តែត្រូវស្វែងយល់ និងផ្សព្វផ្សាយអប់រំនិន្នាការថ្មីរបស់ពិភពលោក។ តាំងពីឆ្នាំ១៩៩៨ អង្គការយូណេស្កូបានផ្សព្វផ្សាយ សេចក្តីប្រកាសជា សាកលមួយស្តីពី វិស័យអប់រំសម្រាប់សតវត្សរ៍ទី២១ ហើយដែលនៅក្នុងនោះក៏មាននិយាយអំពីមុខងារ យុវជនសតវត្សរ៍ទី២១ផងដែរ។ ពោលគឺ ការបំពាក់ឱ្យយុវជននូវជំនាញ ចំណេះដឹង និងឧត្តមគតិថ្មី។ ឧត្តមគតិថ្មី គឺសំដៅទៅលើ«វប្បធម៌សន្តិភាព» ដែលយុវជនត្រូវប្រកាន់ខ្ជាប់ ចំពោះមុខសង្គ្រាមសម័យ ថ្មីជាយថាហេតុ ដូចជាជម្លោះសាសនា និងជម្លោះពូជសាសន៍ជាដើម។ លើសពីនេះទៀត សេចក្តីប្រកាស ជាសាកលរបស់យូណេស្កូនោះ ក៏មាននិយាយអំពី «មុខងារយុវជនសម្លឹងទៅមុខ» ផងដែរ។ បានសេចក្តីថា យុវជនត្រូវចេះវិភាគលើនិន្នាការនយោបាយ សេដ្ឋកិច្ច និងសង្គមដែលលេចធ្លោ ដើម្បីចូលរួម ព្យាករណ៍ ព្រមាន និងបង្ការ។ ខ្ញុំយល់ថា ប្រព័ន្ធអប់រំរបស់យើងត្រូវផ្សព្វផ្សាយអំពីសេចក្តីប្រកាសជាសាកលរបស់អង្គការយូណេស្កូនេះ។ 
 
លោក លាង ដឺលុច៖ លោកសាស្ត្រាចារ្យ! ប្រហែលជាលោក ហ៊ុន ម៉ានី យល់ពីអតីតកាលរបស់កម្ពុជាហើយ បានជាលោក ម៉ានី បារម្ភខ្លាចសង្គ្រាមហែកហួរនោះត្រឡប់មកវិញ ហើយថា វានឹងធ្វើឱ្យកម្ពុជាបាត់បង់សាជាថ្មី។ ហេតុដូចនេះហើយបានជាលោក ម៉ានី អំពាវនាវឱ្យមានការចូលរួម«ការពារអនាគត» កម្ពុជា? 
 
សាស្ត្រាចារ្យ ស៊ន សំណាង៖ អាចប្រហែលយ៉ាងដូច្នោះដែរ។ តែខ្ញុំសង្ឃឹមថា ពលរដ្ឋកម្ពុជាយើងដែលធ្លាប់ឆ្លងកាត់ស្គាល់សង្គ្រាមហើយនោះ មិនខុសពីសត្វឆ្មាដែលរលាកទឹកក្ដៅហើយ នៅពេលវាឃើញទឹកត្រជាក់ ក៏វាខ្លាចភ្លាមដែរ។
 
លោក លាង ដឺលុច៖ ប៉ុន្តែលោកសាស្ត្រាចារ្យ! ពលរដ្ឋកម្ពុជាបច្ចុប្បន្ន គឺជាពលរដ្ឋវ័យក្មេងដែលមិនស្គាល់រសជាតិសង្គ្រាមនៅឡើយទេ។
 
សាស្ត្រាចារ្យ ស៊ន សំណាង៖ ដូច្នេះ ពួកគេអាចក្រឡេកមើលសង្គ្រាមនៅអ៊ុយក្រែនបាន (សើច)។ ពេលនេះ រកទីបញ្ចប់មិនឃើញឡើយ។ ពិភពលោកក៏មិនអាចជួយអ្វីបានច្រើនដែរ។ ម្នាក់ៗរវល់តែដោះស្រាយបញ្ហារបស់ប្រទេសគេដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com