អន្តរជាតិ
អាម៉េរិកអនុម័តលក់ប្រព័ន្ធការពាររថក្រោះឱ្យតៃវ៉ាន់ក្នុងតម្លៃ១៨០លានដុល្លារ
29, Dec 2022 , 4:59 pm        
រូបភាព
ក្រសួងការបរទេសអាម៉េរិក បានបើកភ្លើងបៃតងចំពោះការលក់ប្រព័ន្ធមីនការពាររថក្រោះទៅឱ្យតៃវ៉ាន់ ក្នុងតម្លៃប្រហែល១៨០លានដុល្លារដើម្បីបង្កើនសមត្ថភាពការពារទប់ទល់នឹងចិន។ នេះបើតាមការលើកឡើងរបស់មន្ទីរបញ្ចកោណនៅថ្ងៃទី២៨ ខែធ្នូ។



តៃវ៉ាន់ រងការគំរាមកំហែងពីចិនកាន់តែខ្លាំងឡើងចាប់តាំងពីទស្សនកិច្ចប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងខែសីហា។ ជាមួយការគំរាមនៅនឹងមុខ កោះមួយនេះមមាញឹកពង្រឹងវិស័យការពារជាតិតាមរយៈការទិញសព្វាវុធពីអាម៉េរិក ហើយថ្មីៗនេះបានប្រកាសបន្លាយពេលបំពេញកាតព្វកិច្ចយោធារបស់ប្រជាជនពី ៤ខែទៅដល់១ឆ្នាំ ថែមទៀត។ 
ចុងក្រោយនេះ អាម៉េរិកបានអនុម័តលក់ប្រព័ន្ធមីនសម្រាប់ពង្រាយការពាររថក្រោះ និងលក់ឧបករណ៍យោធាផ្សេងទៀតទៅឱ្យតៃវ៉ាន់ក្នុងតម្លៃប្រហែល១៨០លានដុល្លារ។
 
«ការលក់អាវុធនេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិក ដោយគាំទ្រដល់កិច្ចប្រឹងប្រែងបន្តរបស់អ្នកទទួលដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងដើម្បីរក្សាបានសមត្ថភាពការពារដែលអាចទុកចិត្តបាន។ ការលក់អាវុធនឹងជួយកែលម្អសន្តិសុខរបស់អ្នកទទួល និងជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។ សេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណលើកឡើងបែបនេះ នៅថ្ងៃទី២៨ ខែធ្នូ ក្រោយការផ្ដល់ភ្លើងបៃតងពីក្រសួងការបរទេស។
 
ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជុំវិញការអនុម័តលក់ប្រព័ន្ធប្រឆាំងរថក្រោះរបស់ទីក្រុងវ៉ាស៊ីនតោន ថា វានឹងចូលជាធរមានក្នុងរយៈពេល១ខែក្រោយ ហើយប្រព័ន្ធការពារនឹងជួយបង្កើនសមត្ថភាពយោធារបស់កោះនេះ។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ការលក់អាវុធយោធាជាបន្តបន្ទាប់របស់អាម៉េរិកជាមូលដ្ឋានគ្រឹះនៃការរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។
 
ទីក្រុងវ៉ាស៊ីនតោន បានផ្តល់អាវុធដល់កោះតៃវ៉ាន់ជាយូរមកហើយក្រោមលក្ខខណ្ឌនៃច្បាប់ទំនាក់ទំនងតៃវ៉ាន់។ នៅក្នុងខែកញ្ញា រដ្ឋបាលអាម៉េរិកបានអនុម័តលក់អាវុធជាង១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ ដែលជាចំនួនដ៏ធំបំផុតក្នុងអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃឌិន ក្នុងនោះរួមមានមីស៊ីលប្រឆាំងនាវារហូតដល់៦០គ្រាប់ និងមីស៊ីលបាញ់លើអាកាសរហូតដល់ ១០០គ្រាប់។
 
នៅដើមខែធ្នូ ក្រសួងការបរទេសអាម៉េរិក ឯកភាពលក់គ្រឿងបរិក្ខារយោធាឱ្យតៃវ៉ាន់៤២៥លានដុល្លារបន្ថែម។ លើសពីនេះ អាម៉េរិកបានអនុម័តកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិនៅឆ្នាំ២០២៣ រហូតដល់ ៨៥៨ពាន់លានដុល្លារ ដែលក្នុងនោះក៏មានជំនួយឥតសំណងសម្រាប់តៃវ៉ាន់ ១០ពាន់លានដុល្លារផងដែរ។ 
 
ចិនដែលតែងចាត់ទុកតៃវ៉ាន់ជាទឹកដីខ្លួន ខឹងសម្បារយ៉ាងខ្លាំងចំពោះការឯកភាពលក់អាវុធ និងការផ្តល់ជំនួយទាំងអស់របស់អាម៉េរិកកន្លងមក។ ទីក្រុងប៉េកាំងបានព្រមានចាត់វិធានការខ្លាំងក្លា និងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ខ្លួន៕ 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com