អន្តរជាតិ
UN ផ្អាកកម្មវិធីសង្គ្រោះមួយចំនួននៅអាហ្វហ្កានីស្ថាន ដោយសារខ្វះបុគ្គលិកស្រី
29, Dec 2022 , 8:29 pm        
រូបភាព
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៨ ខែធ្នូ ប្រកាសពីការផ្អាកកម្មវិធីសង្គ្រោះសំខាន់ៗមួយចំនួននៅអាហ្វហ្កានីស្ថានជាបណ្ដោះអាសន្ន ព្រោះខ្វះខាតបុគ្គលិកស្រី។ ខ្វះខាតក៏ដោយសារ ក្រុមតាលីបង់បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងប្រទេសបញ្ឈប់បុគ្គលិកស្រីទាំងអស់។



ក្រុមជ្រុលនិយមតាលីបង់ កាលពីសប្ដាហ៍មុន បានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងប្រទេសបញ្ឈប់បុគ្គលិកស្រីរបស់ខ្លួនទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែមទៀតនៅពេលក្រោយ។ បទបញ្ជានេះ ប៉ះពាល់ដល់អង្គការដែលធ្វើការផ្នែកផ្ដល់ជំនួយជាច្រើន។
 
ប្រធានផ្នែកជំនួយអង្គការសហប្រជាជាតិ (UN) លោក Martin Griffiths នៅថ្ងៃទី២៨ ខែធ្នូ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ការបញ្ជាមិនឱ្យស្ត្រីធ្វើការរបស់ពួកតាលីបង់នឹងនាំឱ្យកម្មវិធីសង្គ្រោះក្នុងពេលចាំបាច់មួយចំនួនសម្រាប់អាហ្វហ្កានីស្ថានត្រូវបញ្ឈប់សកម្មភាព។ នេះក៏ដោយសារ ស្រ្តីជាបុគ្គលិកចាំបាច់ក្នុងការងារផ្គត់ផ្គង់ជំនួយក្នុងប្រទេស។ 
 
«ការហាមឃាត់ស្ត្រីពីការងារមនុស្សធម៌ បានផ្ដល់ផលវិបាកភ្លាមៗ ដែលគំរាមកំហែងដល់អាយុជីវិតប្រជាជនអាហ្វហ្កានីស្ថានទាំងអស់។ កម្មវិធីសំខាន់ៗមួយចំនួនត្រូវបញ្ឈប់ជាបណ្តោះអាសន្នដោយសារតែខ្វះបុគ្គលិកស្ត្រី»។ ប្រធានជំនួយ UN លោក Griffiths បានលើកឡើងបែបនេះ។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់ស្ត្រីក្នុងដំណើរការផ្តល់ជំនួយមិនអាចមានអ្វីមកដោះដូរជំនួសបានឡើយហើយវាត្រូវតែបន្ត។ លោក Griffiths ក៏បានអំពាវនាវឱ្យតាលីបង់ផ្លាស់ប្ដូរការសម្រេចចិត្តមិនឱ្យស្ត្រីធ្វើការនេះ។
 
សេចក្ដីប្រកាសរបស់តាលីបង់នឹងអនុវត្តចំពោះអង្គការមនុស្សធម៌ក្រោមការសម្របសម្រួលរបស់អាហ្វហ្កានីស្ថានចំនួន១៨៣រាប់ទាំងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ តែមិនរាប់បញ្ចូលស្ថាប័នរបស់ UN ទេ។ កន្លងមកប្រេសិតពិសេសតំណាង UN ប្រចាំអាហ្វហ្កានីស្ថាន លោក Ramiz Alakbarov អះអាងថា វានៅតែមានបញ្ហាសម្រាប់ UN ខណៈ UN តែងមានទំនាក់ទំនងជាមួយបុគ្គលិកស្ត្រីរបស់ NGO ដែលស្ថិតក្រោមការសម្របសម្រួលរបស់អាហ្វហ្កានីស្ថានដើម្បីផ្ដល់ជំនួយមនុស្សធម៌។ 
 
ជាការឆ្លើយតបនឹងការសម្រេចរបស់ពួកតាលីបង់ NGO ជាច្រើននៅអាហ្វហ្កានីស្ថានបានផ្អាកកម្មវិធីមនុស្សធម៌របស់ខ្លួនបន្តបន្ទាប់គ្នា។ លើសពីនេះ ប្រទេសចំនួន១២ រួមទាំងអឺរ៉ុបបានរួមគ្នាអំពាវនាវឱ្យក្រុមតាលីបង់ប្ដូរគំនិត និងអនុញ្ញាតឱ្យស្ត្រី និងកុមារីអាចចូលរៀនបានវិញ។ មុនការហាមស្ត្រីមិនឱ្យធ្វើការប៉ុន្មានថ្ងៃ ពួកតាលីបង់ ក៏មិនឱ្យនិស្សិតស្រីចូលរៀននៅកម្រិតសាកលវិទ្យាល័យដែរ។ 
 
ឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែធ្នូ បានថ្កោលទោសលើការហាមស្រ្តីធ្វើការឱ្យ NGO និងជំរុញឱ្យតាលីបង់បើកសាលារៀនឡើងវិញ ហើយផ្លាស់ប្តូរគោលនយោបាយខ្លួនឱ្យបានឆាប់រហ័ស ព្រោះនេះជាការរឹតបន្តឹងកាន់តែខ្លាំងឡើងលើសិទ្ធិស្រ្តី៕
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com