អន្តរជាតិ
ប្រមុខការពារជាតិរុស្ស៊ី តួកគី និងស៊ីរី ជួបជជែកគ្នាពីវិបត្តិនៅស៊ីរីជាលើកដំបូងតាំងពីឆ្នាំ២០១១
29, Dec 2022 , 9:29 pm        
រូបភាព
ដោយ:
រដ្ឋមន្រ្តីការពារជាតិតួកគី ស៊ីរី និងរុស្ស៊ី នៅថ្ងៃទី២៨ ខែធ្នូ ជួបពិភាក្សាជាត្រីភាគីនៅក្រុងមូស្គូ។ នេះជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងក្រុងអង់ការ៉ា និងក្រុងដាម៉ាសដែលអាចវិលទៅរកធម្មតាវិញ ក្រោយរកាំរកូសក្នុងសង្រ្គាមស៊ីរីប្រហែលមួយទសវត្សរ៍មកនេះ។

 
នេះជាជំនួបដំបូងរវាងរដ្ឋមន្រ្តីការពារជាតិស៊ីរី និងតួកគី តាំងពីសង្រ្គាមនៅស៊ីរីចាប់ផ្តើមនៅឆ្នាំ២០១១។ ទាំងរុស្ស៊ី និងតួកគីសុទ្ធតែជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនេះ ដោយក្រុងមូស្គូគាំទ្ររបបក្រុងដាម៉ាសប្រឆាំងពួកបះបោរ ហើយក្រុងអង់ការ៉ាគាំទ្រក្រុមឧទ្ទាមប្រឆាំង។ 
 
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិតួកគី រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar និងប្រធានអង្គការស៊ើបការណ៍សម្ងាត់ជាតិ Hakan Fidan ជួបជាមួយរដ្ឋមន្រ្តីការពារជាតិស៊ីរី Ali Mahmoud Abbas និងប្រធានចារកម្មស៊ីរី Ali Mamlouk រួមជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃទី២៧ ខែធ្នូ នាក្រុងមូស្គូ។
 
«វិបត្តិស៊ីរី បញ្ហាជនភៀសខ្លួន និងកិច្ចប្រឹងប្រែងរួមគ្នាប្រឆាំងអង្គការភេរវករទាំងអស់លើទឹកដីស៊ីរីត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំប្រកបដោយស្ថាបនា»។ ក្រសួងការពារជាតិតួកគីបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល ភាគីតួកគី រុស្ស៊ី និងស៊ីរី ក៏បានព្រមព្រៀងបន្តកិច្ចប្រជុំត្រីភាគីនៅថ្ងៃខាងមុខទៀតដែរដើម្បីធានាស្ថិរភាពនៅស៊ីរី និងតំបន់មជ្ឈិមបូព៌ាទាំងមូល។
 
កិច្ចប្រជុំនេះធ្វើឡើង ក្រោយពេលប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ព្រមានម្តងហើយម្តងទៀតថានឹងបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរីដើម្បីវាយប្រហារក្រុមឃើដដែលខ្លួនចាត់ទុកជាភេរវករ។ តាំងពីមានការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្តង់ប៊ុលដែលសម្លាប់មនុស្ស៦នាក់នៅថ្ងៃទី១៣ ខែវិច្ឆិកា មក តួកគីបានបង្កើនការវាយប្រហារតាមអាកាសនៅភាគខាងជើងស៊ីរីដើម្បីសងសឹកក្រុមបក្សពលករឃើដដែលត្រូវបានចោទថានៅពីក្រោយការបំផ្ទុះនោះ។
 
កាលពីខែវិច្ឆិកា លោក អ៊ែរដូហ្កាន់ លើកឡើងថា កិច្ចប្រជុំជាមួយមេដឹកនាំស៊ីរី លោក Bashar al-Assad អាចនឹងកើតមានឡើង បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងដាម៉ាសពេញ១១ឆ្នាំនៃជម្លោះ។ នៅពាក់កណ្តាលខែធ្នូ លោកបញ្ជាក់ថា លោកអាចនឹងជួបលោក Assad ក្រោយជំនួបរវាងរដ្ឋមន្រ្តីការពារជាតិ និងការបរទេសរបស់ប្រទេសទាំងពីរ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  តួកគី
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com