សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Bloomberg ៖ ពិភពលោកកំពុងខ្វះយន្តហោះ
30, Dec 2022 , 8:29 am        
រូបភាព
រោងចក្រ Airbus ក្នុងទីក្រុង Quebec ប្រទេសកាណាដា។ រូបថត៖ Bloomberg ។
រោងចក្រ Airbus ក្នុងទីក្រុង Quebec ប្រទេសកាណាដា។ រូបថត៖ Bloomberg ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ពិភពលោកកំពុងប្រឈមមុខនឹងកង្វះខាតយន្តហោះយ៉ាងគំហុក ខណៈតម្រូវការទេសចរណ៍កើនឡើង ស្របពេលចិនបើកប្រទេសឡើងវិញ។



ក្រុមហ៊ុនអាកាសចរណ៍នានាជុំវិញពិភពលោក ដូចជាក្រុមហ៊ុនអាកាសចរណ៍ United Airlines និង Air India ជាដើម កំពុងស្វះស្វែងរកការបញ្ជាទិញយន្តហោះរហូតដល់រាប់រយគ្រឿងពីក្រុមហ៊ុន Boeing និង Airbus ។ ប៉ុន្តែដោយសារតែមានឧបសគ្គនៃខ្សែច្រវាក់ផ្គត់ផ្គង់ អតិថិជនត្រូវរង់ចាំជាច្រើនឆ្នាំ ដើម្បីទទួលបានការបញ្ជាទិញបន្តទៀត។
 
ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Jefferies ប៉ាន់ប្រមាណថាមានការបញ្ជាទិញយន្តហោះរហូតដល់ចំនួន ១២ ២៧០គ្រឿង ហើយកាលពីដើមខែធ្នូនេះ ក្រុមហ៊ុន Airbus បានផ្គត់ផ្គង់យន្តហោះត្រឹមចំនួន ៧០០គ្រឿងប៉ុណ្ណោះនៅឆ្នាំនេះ ដោយបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់។
 
បើតាមលោក Steve Udvar-Hazy ស្ថាបនិកក្រុមហ៊ុនជួលយន្តហោះ Air Lease រាល់យន្តហោះដែលបានជួលក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ត្រូវបានពន្យាពេលក្នុងការប្រមូលមកចូលឃ្លាំងវិញ។ លោក បាននិយាយថា ៖ « យើងមិនទាន់ឃើញយន្តហោះណាមួយ ចូលឃ្លាំងវិញទាន់ពេលកំណត់នោះទេ ដូចជាប្រភេទយន្តហោះ 737 Max, 787 ឬ A330, A350 ហើយអាក្រក់បំផុតគឺប្រភេទ A321neo បានពន្យាពេលរហូតដល់ ៦ទៅ៧ខែ ក្រោយកិច្ចសន្យា» ។ លោក​បាន​ចាត់​ទុកស្ថានភាព​នេះ​ គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​បញ្ហា​ច្រវាក់​ផ្គត់ផ្គង់ និងកង្វះ​កម្លាំង​ពលកម្ម​ជាដើម។
 
យន្តហោះរាប់សិបពាន់គ្រឿង ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទុកចោលនៅវាលខ្សាច់ ឬព្រលាននៅជុំវិញពិភពលោក ចាប់តាំងពីការផ្ទុះឡើងកូវីដ-១៩ ស្របពេលដែលបណ្តាប្រទេសនានាបានបិទព្រំដែនរបស់ពួកគេ។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមិនបាននាំយកយន្តហោះទាំងនេះត្រឡប់ទៅចូលព្រលានវិញបានទេ ដោយសារត្រូវការជុសជុលថែទាំបន្ថែម ឬមានគម្រោងលុបចោលយន្តហោះចាស់ទាំងនេះ ដើម្បីជំនួសថ្មីតែម្តង។ នេះ​ក៏​ជា​មូលហេតុ​នៃ​ការ​ខ្វះខាត​យន្តហោះ​នា​ពេល​បច្ចុប្បន្នផងដែរ​​។
 
ជុំវិញមូលហេតុខាងលើ បណ្តាលឱ្យតម្លៃសំបុត្រយន្តហោះនៅគ្រប់កន្លែងបានបន្តឡើងថ្លៃ។  Ajay Awtaney ស្ថាបនិកគេហទំព័រ LiveFromALounge.com បានលើកឡើងថា ភ្ញៀវទេសចរបានស៊ាំនិងតម្លៃសំបុត្រចុះថោកក្នុងអំឡុងពេលជំងឺរាតត្បាត ប៉ុន្តែក្រោយការបើកប្រទេសចិនឡើងវិញ បានធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់ទៅៗ។ លោក Awtaney សង្កត់ធ្ងន់ថា ៖« វាមិនមែនគ្រាន់តែជាការខ្វះខាតយន្តហោះ និងការឡើងថ្លៃសំបុត្រនោះទេ ប៉ុន្តែក៏មានកត្តាផ្សេងទៀតដូចជាតម្លៃប្រេងផងដែរ» ។
 
ការផលិតយន្តហោះទាន់ពេលគឺជាបញ្ហាដ៏ធំមួយសម្រាប់ក្រុមហ៊ុនយក្សទាំងពីរ Boeing និង Airbus នាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុន Airbus បានទទួលការបញ្ជាទិញសម្រាប់ប្រភេទយន្តហោះគ្រួសារ A320 ចំនួន ៦ ១០០ គ្រឿង ហើយវាបានចំណាយពេលប្រាំបីឆ្នាំក្នុងការទូទាត់ការបញ្ជាទិញ។ ក្រុមហ៊ុន​បាន​ដាក់​ផែនការ​ជា​យូរ​មក​ហើយ​ ក្នុង​ការ​ផលិត​យន្តហោះឱ្យបានចំនួន ៧៥ គ្រឿង​ក្នុង​មួយ​ខែ។ ហើយថ្មីៗនេះ ក្រុមហ៊ុន Airbus ទើបតែបានកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើនផលិតកម្មចាប់ពីឆ្នាំ ២០២៥ តទៅ៕
 
 
 
 

Tag:
 យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com