អន្តរជាតិ
អ៊ីតាលី ជំរុញឱ្យបណ្ដាប្រទេស EU តេស្តរកជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរមកពីចិន
30, Dec 2022 , 10:29 am        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ។ រូបថត AFP
នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ។ រូបថត AFP
អ៊ីតាលី នៅថ្ងៃទី២៩ ខែធ្នូ បានទទូចឱ្យប្រទេសក្នុងសហភាពអឺរ៉ុប (EU) ចាត់វិធានការដូចខ្លួនក្នុង​ការ​តេស្តរកជំងឺកូវីដ-១៩លើអ្នកធ្វើដំណើរមកពីចិន។ យ៉ាងណាមិញប្រទេសផ្សេងៗបាននិយាយថា មិន​ត្រូវការវិធានការបែបនេះឡើយ។

 
ស្ថានភាពជំងឺកូវីដ-១៩ នៅចិន កំពុងក្លាយជាក្ដីកង្វល់សម្រាប់ជាច្រើន ដោយសារតែការហក់ឡើងខ្លាំងនៃករណីឆ្លងនៅប្រទេសដែលមានប្រជាជនច្រើនជាងគេលើលោកមួយនេះ។ ប្រទេសមួយចំនួនមានអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងជាដើម កំណត់ឱ្យអ្នកដំណើរទាំងអស់ធ្វើដំណើរពីចិនបង្ហាញលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ទើបអនុញ្ញាតឱ្យចូលប្រទេស។
 
នៅប្លុកវិញ មន្ត្រីសុខាភិបាល EU មិនអាចព្រមព្រៀងគ្នាលើសកម្មភាពរួមមួយអំឡុងជំនួបនាថ្ងៃទី២៩ ខែធ្នូអំពីវិធានការតែមួយចំពោះអ្នកធ្វើដំណើរ និងភ្ញៀវទេសចរពីចិន។ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni ថ្លែងក្នុងសន្និសីទកាសែតមួយថា អ៊ីតាលីសង្ឃឹមថា EU នឹងចាត់វិធាន​ការ​កាតព្វ​កិច្ច​ក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ លើអ្នកដំណើរទាំងអស់​ដែលធ្វើដំណើរមកពីចិន។ 
 
មកទល់ពេលនេះ អ៊ីតាលីតែមួយប៉ុណ្ណោះ បានបញ្ជាឱ្យប្រើប្រាស់ឧបករណ៍តេស្តរកជំងឺកូវីដ-១៩ លើ​អ្នកដំណើរមកពីចិន។ ប៉ុន្តែលោកស្រី Meloni សង្កត់ធ្ងន់ថា វិធានការនេះនឹងមិនមា​ន​ប្រសិទ្ធភា​ព​នោះ​ឡើយប្រសិនបើមនុស្សនៅតែអាចធ្វើដំណើរចេញចូលដោយសេរីក្នុងប្លុកមួយនេះ។
 
អាកាសយានដ្ឋានចម្បងរបស់ទីក្រុង Milan ចាប់ផ្ដើមធ្វើតេស្តលើអ្នកដំណើរដែលមកពីទីក្រុងប៉េកាំង និងទីក្រុងសៀងហៃនៅថ្ងៃទី២៦ ខែធ្នូ ហើយបានរកឃើញសឹងតែពាក់កណ្ដាលនៃអ្នកធ្វើ​ដំណើរ​ទាំង​នោះផ្ទុកជំងឺកូវីដ-១៩។ 
 
នៅថ្ងៃដដែល ប្រធានគណៈកម្មាធិការវាយតម្លៃហានិភ័យសុខភាពបារាំង COVARS លោកស្រី Brigitte Autran លើកឡើងថា ​តាមទស្សនៈវិទ្យាសាស្ត្រ គ្មានហេតុផលសមស្របក្នុងដំណាក់​កាល​នេះ​ដើម្បី​នាំ​យកការរឹតបន្តឹងតាមព្រំដែនត្រឡប់មកវិញ។ លោកស្ត្រីបន្តប្រាប់វិទ្យុបារាំង Classique ថា ស្ថានភាព​នាពេលបច្ចុប្បន្នគឺអាចនៅគ្រប់គ្រងបាន ហើយក៏មិនមានសញ្ញាណាមួយ​ពីវីរុស​បំប្លែង​ខ្លួន​ថ្មី​ពីចិ​ន​នោះ​ឡើយ។
 
ចំណែកអាល្លឺម៉ង់ និងព័រទុយហ្កាល់ក៏ធ្លាប់ប្រកាសថា មិនត្រូវការការរឹតបន្តឹងការធ្វើដំណើរនោះទេ ខណៈអូទ្រីសសង្កត់ធ្ងន់ពីផលប្រយោជន៍សេដ្ឋកិច្ចនៃភ្ញៀវទេសចរចិនដែលត្រឡប់ទៅលេងអឺរ៉ុប៕ 
 
 
 
 

Tag:
 ចិន
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com