អន្តរជាតិ
យោធាអាម៉េរិកថា យន្តហោះចិនចូលកៀកតែ៣ម៉ែត្រពីយន្តហោះអាម៉េរិកនៅសមុទ្រចិនខាងត្បូង
30, Dec 2022 , 11:59 am        
រូបភាព
ដោយ:
យន្តហោះយោធាចិនមួយគ្រឿង នៅថ្ងៃទី២១ ខែធ្នូ ចូលកៀកយន្តហោះទ័ពអាកាសអាម៉េរិកក្នុងចម្ងាយតែ៣ម៉ែត្រប៉ុណ្ណោះដែលធ្វើឱ្យយន្តហោះអាម៉េរិកបើកគេចដើម្បីបញ្ចៀសការប៉ះទង្គិច។ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាអាម៉េរិកនៅថ្ងៃទី២៩ ខែធ្នូ។

 
តាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាអាម៉េរិក ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែធ្នូ នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលរួមមានយន្តហោះចម្បាំងទ័ពជើងទឹកចិន J-11 និងយន្តហោះឈ្លបយកការណ៍របស់ទ័ពអាកាសអាម៉េរិក RC-135 ដែលដឹកមនុស្សប្រហែល៣០នាក់។ 
 
អ្នកនាំពាក្យយោធាអាម៉េរិកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យន្តហោះចិនបានចូលមកជិតតែចម្ងាយ៣ម៉ែត្រពីស្លាបយន្តហោះអាម៉េរិក ហើយ៦ម៉ែត្រពីក្បាលយន្តហោះ។ 
 
« RC-135 ស្ថិតនៅដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង និងកំពុងធ្វើប្រតិបត្តិការជាប្រចាំដោយស្របច្បាប់»។ សេចក្តីថ្លែងការណ៍របស់យោធាអាម៉េរិកបញ្ជាក់បែបនេះនៅថ្ងៃទី២៩ ខែធ្នូ ដោយបន្ថែមថា អ្នកបើកយន្តហោះត្រូវបង្ខំឱ្យបើកគេចដើម្បីបញ្ចៀសការប៉ះទង្គិច។
 
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា កងកម្លាំងចម្រុះឥណ្ឌូប៉ាស៊ីហ្វិកប្តេជ្ញាចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយនឹងបន្តហោះហើរ ប្រតិបត្តិការ និងធ្វើដំណើរតាមសមុទ្រ និងដែនអាកាសអន្តរជាតិដោយយកចិត្តទុកដាក់លើសុវត្ថិភាពនាវា និងយន្តហោះទាំងអស់ក្រោមច្បាប់អន្តរជាតិ។ បន្ថែមពីនេះ  អាម៉េរិករំពឹងថា ប្រទេសទាំងអស់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រើប្រាស់ដែនអាកាសអន្តរជាតិប្រកបដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ។
 
សូមបញ្ជាក់ថា ចិនទាមទារយកស្ទើរតែទាំងអស់នៃតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង តែអាម៉េរិកមិនទទួលស្គាល់ ហើយជាញឹកញយថែមទាំងធ្វើប្រតិបត្តិជាប្រចាំនៅទីនោះទៀតផងដើម្បីបង្ហាញពីជំហរប្រឆាំងដោយផ្អែកលើគោលការណ៍តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ៕
 
 
 
 
 
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com