អន្តរជាតិ
កូរ៉េខាងត្បូង តម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ លើអ្នកដំណើរទៅពីចិន
30, Dec 2022 , 2:29 pm        
រូបភាព
កូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែធ្នូ បានប្រកាសពីកាតព្វកិច្ចតេស្តរកជំងឺកូវីដ-១៩ លើអ្នកដំណើរទៅពីចិន ខណៈដែលប្រទេសដទៃទៀតមានអាម៉េរិក និងជប៉ុនជាដើម ក៏ចាប់ផ្ដើមរឹតត្បិតដូចគ្នា​ក្រោយ​ទីក្រុង​ប៉េកាំងបានដកចេញគោលនយោបាយដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ការរីករាលដាល​នៃជំ​ងឺ​មួយ​នេះ​។


 
«ពួកយើងត្រូវតែត្រៀមខ្លួនជាបន្ទាន់សម្រាប់ការឆ្លងក្នុងស្រុកណាមួយដែលអាចកើតឡើង ក្រោយចិន​បានបន្ធូរបន្ថយវិធានការចត្តាឡីស័ក»។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo ថ្លែងបែបនេះក្នុងកិច្ចប្រជុំនៅថ្ងៃទី៣០ រួចបន្តថា រដ្ឋាភិបាលនឹងចាត់វិធានការដ៏តឹងរ៉ឹងបំផុតក្នុងករណីដែលស្ថានភាព​ប្រែ​អាក្រក់ជាងមុន ឬក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងពីអ្នកដំណើរមកថ្មី ឬការ​សាយ​ភាយ​វីរុសបំប្លែងខ្លួនថ្មីថែមទៀត។ 
 
លោក Han បញ្ជាក់ថា កូរ៉េខាងត្បូងក៏នឹងរឹតត្បិតចំពោះការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ជន​ជាតិ​ចិនរហូតដល់ចុងខែមករាឆ្នាំក្រោយ ហើយក៏នឹងកាត់បន្ថយជើងហោះហើរពីចិនផងដែរ។ ទន្ទឹមនេះ អាកាសយានដ្ឋាន Incheon នឹងជាច្រកតែមួយគត់ដែលនឹងទទួលយកអ្នកដំណើរ និងភ្ញៀវទេសចរ​ពី​ប្រទេសជិតខាងមួយនេះ។
 
បើតាមមន្ត្រីកូរ៉េខាងត្បូង វិធានការខាងលើនឹងចូលជាធរមាននៅថ្ងៃទី៥ ខែមករា ហើយ អ្នកធ្វើដំណើរ​ពីចិននឹងតម្រូវឱ្យមានលទ្ធផលតេស្ត PCR អវិជ្ជមានអំឡុងពេល៤៨ម៉ោង ឬត្រូវធ្វើតេស្តរហ័ស​ក្នុង​រយៈ​ពេល២៤ម៉ោងមុនពេលធ្វើដំណើរ។ ភ្ញៀវទេសចរទាំងនោះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ដ PCR ម្ដងទៀត​នៅពេលទៅដល់ចាប់ពីថ្ងៃទី២ ខែមករា។
 
រដ្ឋាភិបាលចិននៅដើមខែធ្នូ បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទខ្ទប់ និងការតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាធំដូចដែលប្រទេសនានាបានធ្វើ។ ក្រោយការបន្ធូរនេះ ករណីឆ្លងនៅចិនក៏ហក់ឡើងខ្លាំង តែចិនលែងផ្សាយចំនួនអ្នកឆ្លងប្រចាំថ្ងៃទៀតហើយ ដែលបង្កជាក្ដីបារម្ភសម្រាប់ពិភពលោកដែលចង់ដឹងពីស្ថានការណ៍ជាក់ស្ដែងនៅប្រទេសនេះ។
 
 ជំហានមួយនេះបានជំរុញឱ្យប្រទេសផ្សេងៗដាក់វិធានការរឹតត្បិតចំពោះអ្នកដំណើរមកពីចិនមានអាម៉េរិក ជប៉ុន ឥណ្ឌា និងកោះតៃវ៉ាន់ផងដែរ។៕
 
 
 
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com