អន្តរជាតិ
ឥណ្ឌូណេស៊ី ដកវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងស្រុង
30, Dec 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៣០ ខែធ្នូ បានប្រកាសដកវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងស្រុងដោយសារប្រជាជនភាគច្រើនមានអង់ទីករប្រឆាំងជំងឺនេះរួចទៅហើយ។



ជាប្រទេសដែលធ្លាប់មានអត្រាឆ្លងជំងឺកូវីដ-១៩ ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ក្នុងសប្ដាហ៍ចុងក្រោយនេះមានករណីឆ្លងប្រចាំថ្ងៃមិនដល់១ពាន់ករណីឡើយ ហើយអ្នកជំងឺសង្គ្រោះបន្ទាន់និងអត្រាអ្នកស្លាប់ក៏មានកម្រិតទាបដែរ។ មេដឹកនាំប្រទេស លោក ចូកូ វីដូដូ នៅថ្ងៃទី៣០ ខែធ្នូ បានប្រកាសដកវិធានការរឹតបន្ដឹងទាំងអស់ក្នុងស្រុក ក្រោយស្ថានភាពឆ្លងមានលក្ខណៈធូរស្បើយ។ 
 
«មិនមានវិធានការរឹតបន្ដឹងលើការជួបជុំគ្នា និងសកម្មភាពផ្សេងៗទៀតឡើយ»។ លោក ចូកូវី លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា ការសម្រេចចិត្តរបស់លោកធ្វើឡើងដោយផ្អែកលើតួលេខអ្នកឆ្លងក្នុងប្រទេសចុងក្រោយបង្អស់ ហើយប្រជាជនភាគច្រើនក៏មានអង់ទីករអស់ហើយដែរ។ 
 
មុនពេលមានការប្រកាសរបស់មេដឹកនាំ ឥណ្ឌូណេស៊ី នៅមានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខ្លះដូចជាតម្រូវឱ្យពាក់ម៉ាស់ទាំងក្នុង និងក្រៅផ្ទះ និងតម្រូវឱ្យប្រើប្រាស់កម្មវិធីតាមដានជំងឺកូវីដ-១៩ នៅពេលចូលទៅកន្លែងសាធារណៈភាគច្រើន ហើយការជួបជុំអាចធ្វើទៅបានសម្រាប់អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូសឡើងទៅប៉ុណ្ណោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីឥណ្ឌូណេស៊ី នៅតែជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នរៀងៗខ្លួនប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងពាក់ម៉ាស់ឱ្យបានខ្ជាប់ខ្ជួន ទោះវាមិនមែនជាកាតព្វកិច្ចដូចមុនក៏ដោយ។ 
 
យ៉ាងណាមិញ ការប្រកាសរបស់ប្រធានាធិបតី វីដូដូ ធ្វើឡើងស្របពេលស្ថានភាពកូវីដ-១៩ នៅចិនកំពុងកក្រើកជាថ្មី។ បណ្ដាប្រទេសដូចជា អាម៉េរិក ជប៉ុន កូរ៉េខាងត្បូង និងអ៊ីតាលី បានចាត់វិធានការបន្តបន្ទាប់គ្នា ធ្វើតេស្តរកជំងឺកូវីដ-១៩ លើអ្នកដំណើរទាំងអស់​ដែលមកពីចិន។
 
មកទល់ពេលនេះ ប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោកមួយនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង៦លានករណី ដោយមានអ្នកស្លាប់ជាង១៦ម៉ឺននាក់។ ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាជនឥណ្ឌូណេស៊ីជិត៧៥ភាគរយមានអាយុលើសពី ៦ឆ្នាំ ឬស្មើនឹង ១៧៤,៧លាននាក់បានចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់ ហើយប្រហែល៦៨,៥លាននាក់បានចាក់ដូសជំរុញយ៉ាងហោចណាស់មួយដង៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com