ជាតិ
សេដ្ឋកិច្ច
គយ និង ពន្ធដារ ប្រមូលចំណូលចូលជាតិលើសផែនការ ជាង២៦ភាគរយ ក្នុងឆ្នាំនេះ
30, Dec 2022 , 10:30 pm        
រូបភាព
សម្តេច ហ៊ុន សែន_ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នាថ្ងៃទី៣០ធ្នូ
សម្តេច ហ៊ុន សែន_ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នាថ្ងៃទី៣០ធ្នូ
កម្ពុជាទទួលបានចំណូលប្រចាំឆ្នាំ២០២២ ពីគយ និង ពន្ធដារប្រមាណ៦០០០លានដុល្លារអាម៉េរិក។ ចំណូលដែលសម្រេចបាននេះ គឺលើសផែនការដល់ក្នុងរង្វង់២៦ភាគរយ។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន។

 
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី២៩ធ្នូ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិ បាន ៣ ៤៣៧លានដុល្លារ។ ចំណូលនេះ គឺស្មើនឹង១២១,៩១ភាគរយ​ ខណៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបាន ២ ៦៧០លានដុល្លារ ដែលស្មើនឹង១០៤,១៥ភាគរយ នៃផែនការប្រចាំឆ្នាំ២០២២របស់រដ្ឋាភិបាល។ 
 
ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នាថ្ងៃទី៣០ធ្នូ សម្តេចហ៊ុន សែន​ មានប្រសាសន៍យ៉ាងដូច្នេះ៖ «[ចំណូល]នេះ គឺមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធដែលឆ្នាំនេះជឿថា​វានឹងកើន ព្រោះគ្រាន់តែទេសចរ[អន្តរជាតិ]២លាននាក់​ យើងនឹងមានប្រាក់៦០លានដុល្លារនៃតម្លៃទិដ្ឋាការ!»។ 
 
បើតាមសម្តេចកំណើននៃប្រភពចំណូលជាតិទាំងនេះ បានផ្តល់ឱកាសឱ្យរដ្ឋាភិបាល​ក្នុងការវិនិយោគ ទៅលើផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈចាំបាច់នានា សម្រាប់ថវិកាបដិភាគនៃគម្រោងនានាដែលបរទេសជួយដល់កម្ពុជា។  
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់បន្តគាំទ្រផ្នែកគយ និងពន្ធដារ ដើម្បីប្រមូលចំណូលចូលជាតិ៕
 

Tag:
 ពន្ធដារ
  គយ​
© រក្សាសិទ្ធិដោយ thmeythmey.com