ជាតិ
ឆេះកាស៊ីណូនៅប៉ោយប៉ែត៖ ស្លាប់មនុស្សសរុប២៦នាក់ សុទ្ធតែជនបរទេស
30, Dec 2022 , 8:11 pm        
រូបភាព
កាស៊ីណូហ្គេនដាយនៅក្រុងប៉ោយប៉ែត ត្រូវបានអគ្គិភ័យលាបត្របាក់កាលពីយប់ថ្ងៃទី២៨ធ្នូ ដែលធ្វើឱ្យមនុស្សសរុប២៦នាក់ស្លាប់។ រូបថត៖ ហ្វេសប៊ុកផេក លោក អ៊ុំ រាត្រី
កាស៊ីណូហ្គេនដាយនៅក្រុងប៉ោយប៉ែត ត្រូវបានអគ្គិភ័យលាបត្របាក់កាលពីយប់ថ្ងៃទី២៨ធ្នូ ដែលធ្វើឱ្យមនុស្សសរុប២៦នាក់ស្លាប់។ រូបថត៖ ហ្វេសប៊ុកផេក លោក អ៊ុំ រាត្រី
ហេតុការណ៍ឆេះកាស៊ីណូហ្គេនដាយនៅក្រុងប៉ោយប៉ែត បានធ្វើឱ្យមនុស្ស២៦នាក់បាត់បង់ជីវិត។ អ្នកស្លាប់ទាំងនោះ គឺសុទ្ធសឹងជាជនបរទេស។ នេះ ជាតួលេខសរុបបន្ទាប់ពីប្រតិបត្តិការរុករកជនរងគ្រោះក្នុងហេតុការណ៍នេះត្រូវបានបញ្ចប់ទាំងស្រុងនាល្ងាចថ្ងៃទី៣០ធ្នូ។



«ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់ចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ»។ លោកអុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

បើតាមលោកអ៊ុំ រាត្រី អ្នកដែលស្លាប់ក្នុងហេតុការណ៍នេះ មានភាគច្រើន គឺជាជនជាតិថៃដែលមានដល់១៧នាក់។ ក្រៅពីនេះ មានជនជាតិនេប៉ាល់១នាក់, ម៉ាឡេស៊ី១នាក់ និងសង្ស័យជនជាតិចិន១នាក់ ខណៈអ្នកស្លាប់៦នាក់ គឺមិនស្គាល់អត្តសញ្ញាណ។
 
អ្នកស្លាប់៦នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ ត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យអះអាងថា៖ «គឺមិនមែនជនជាតិខ្មែរ»។

ដោយឡែក អ្នករងរបួសចំនួន៥៧នាក់នោះ គឺខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុនៅក្នុងប្រទេស។ ហេតុការណ៍ឆេះកាស៊ីណូហ្គេនដាយនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យនេះ បានកើតឡើងតាំងពីម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២។  មូលហេតុក្រោមការសនិ្នដ្ឋានជំហានដំបូងគឺ ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលឆាបឆេះតែម្ដង។

លោកអ៊ុំ រាត្រី បានបន្ថែមថា ការឆេះនេះគឺមានពីរអគារដែលផ្តើមចេញពីអគារហ្គេនដាយមិន ហើយក៏រាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។ សម្រាប់ការ ខូចខាត គឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com