អន្តរជាតិ
តុលាការយោធាបិទបញ្ចប់ការកាត់ក្តីលោកស្រីស៊ូជី ដោយលោកស្រីជាប់ពន្ធនាគារសរុប៣៣ឆ្នាំ
30, Dec 2022 , 9:27 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារនាពេលកន្លងមក។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារនាពេលកន្លងមក។ រូបភាព៖ AFP
តុលាការយោធាមីយ៉ាន់ម៉ា ​​នៅថ្ងៃទី ៣០ ខែធ្នូ បានបិទបញ្ចប់ការកាត់ក្តីលើមេដឹកនាំស៊ីវិលលោកស្រី អ៊ុង​សាន​ ស៊ូជី​ ដោយម្ចាស់ពានរង្វាន់ណូបែលរូបនេះ ត្រូវជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។



លោកស្រី អ៊ុងសាន​ ស៊ូជី ដែលត្រូវបានយោធាចាប់ខ្លួនតាំងពីឆ្នាំ ២០២១ ត្រូវបានកាត់ទោសលើរាល់ការចោទប្រកាន់លើលោកស្រី រាប់ចាប់ពីអំពើពុករលួយ រហូតដល់ការកាន់កាប់ដោយឧបករណ៍ទាក់ទងខុសច្បាប់ និងការបំពានលើការរឹតបន្តឹងកូវីដ-១៩។

បើតាមទីភ្នាក់ងារព័ត៌មាន AFP​ លោកស្រី អ៊ុងសាន​ ស៊ូជី ត្រូវបានរកឃើញថាមានពិរុទ្ធលើបទចោទចំនួន ៥ ករណីពាក់ព័ន្ធនឹងការជួល ការទិញ និងថែទាំឧទ្ធម្ភាគចក្រ ដែលបានបណ្តាលឱ្យរដ្ឋខាតបង់។ «សំណុំរឿងរបស់លោកស្រីទាំងអស់ត្រូវបានបញ្ចប់ហើយមិនមានការចោទប្រកាន់បន្ថែមទៀតលើលោកស្រីទេ»។ នេះបើតាមប្រភពដែលបានសុំមិនបញ្ចេញឈ្មោះ។

ប្រភពដដែលបានបន្ថែមថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំបន្ទាប់ពីការកាត់ទោសឱយលោកស្រីជាប់ពន្ធនាគាររយៈ ១៨ ខែកន្លង។ យ៉ាងណាមិញប្រភពដដែលបានបន្ថែមថា លោកស្រីនៅមានសុខភាពល្អជាធម្មតា។

ដូចការកាត់ក្តីកន្លងមក អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសវនាការរបស់តុលាការ ហើយមេធាវីរបស់លោកស្រី​ស៊ូជី ​ត្រូវបានហាមឃាត់មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ ប្រភព​ដដែល​បាន​បន្ត​ថា លោកស្រី អ៊ុងសាន​ ស៊ូជី នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​ចុងក្រោយ​នេះ។

ចាប់តាំងពីការកាត់ក្តីរបស់លោកស្រីបានចាប់ផ្តើមមក លោកស្រីត្រូវបានគេឃើញតែមួយដងប៉ុណ្ណោះ នៅក្នុងរូបថតរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពីបន្ទប់សវនាការ ហើយបានពឹងផ្អែកលើមេធាវីដើម្បីបញ្ជូនសារទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរបបយោធាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារ៕

© រក្សាសិទ្ធិដោយ thmeythmey.com