ជាតិ
ពិបាករកកន្លែងទិញ និងចង់អភិរក្ស បុរសជនជាតិបារាំងម្នាក់ បើកអាជីវកម្មលក់ខ្លែងខ្មែរ
31, Dec 2022 , 2:39 pm        
រូបភាព
នាយ យ៉ាន ជាម្ចាស់អាជីវកម្មលក់ខ្លែង។
នាយ យ៉ាន ជាម្ចាស់អាជីវកម្មលក់ខ្លែង។
ភ្នំពេញ៖ មានចិត្តស្រឡាញ់នូវទម្រង់ខ្លែងខ្មែរ និងចង់ចូលរួមអភិរក្សខ្លែងខ្មែរ នាយ យ៉ាន ជាជនជាតិបារាំង ដែលបានមករស់នៅកម្ពុជាជិត២០ឆ្នាំមកហើយ បានបើកអាជីវកម្មលក់ខ្លែងខ្មែរនៅលើបណ្ដាញសង្គម។ អាជីវកម្មធ្វើខ្លែងនេះ លោក យ៉ាន ជាអ្នកធ្វើដោយខ្លួនឯង បន្ទាប់ពីចំណាយពេលកន្លះឆ្នាំដើម្បីរៀនពីជំនាញធ្វើខ្លែងខ្មែរ។ ខ្លែងដែលបុរសរូបនេះធ្វើ គឺលោកផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិទាំងអស់ ហើយខ្លែងនោះទៀតសោតអាចបត់ចូលគ្នាបាន។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក ស៊ុល រ៉វី អ្នកយកព័ត៌មាន ThmeyThmey25 ជាមួយ នាយ យ៉ាន ដូចតទៅ៖

 
 
ការបង្ហើរខ្លែង ជាទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ តាំងពីបុរាណមក។ ការបង្ហើរខ្លែង ត្រូវបានគេលេងនៅពេលរដូវរំហើយ ឬធ្លាក់ខ្យល់ និងក្រោយរដូវច្រូតកាត់ប្រមូលផលស្រូវជាដើម។ ខ្លែងខ្មែរ មានច្រើនប្រភេទណាស់ ដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលទៅនឹងសត្វ ឬវត្ថុប្រើប្រាស់នានា ទាំងឈ្មោះ និងរូបរាង។
 
គេសង្កេតឃើញថាបច្ចុប្បន្ននេះ អ្នកចេះធ្វើខ្លែងខ្មែរមិនមានច្រើននោះឡើយ ហើយក៏មិនជាពេញនិយមក្នុងការបង្ហើរលេងផងដែរ។ មានចិត្តស្រឡាញ់នូវទម្រង់ខ្លែងខ្មែរ និងពិបាករកទិញ នាយ យ៉ាន ជាជនជាតិបារាំង និងបានរស់នៅកម្ពុជាតាំងឆ្នាំ២០០៣មកនោះ បានសម្រេចបើកអាជីវកម្មលក់ខ្លែង ដែលជាស្នាដៃរបស់លោក។

ខ្លែងថ្នង ដែលផលិតដោយនាយ យ៉ាន នាពេលកន្លងមក។ រូបភាពផ្ដល់ដោយ នាយ យ៉ាន។ 

មូលហេតុដែលបុរសជនជាតិបារាំង ចេះនិយាយភាសាខ្មែររូបនេះ បើកអាជីវកម្មលក់ខ្លែង ដោយសារខ្លួនស្រឡាញ់ខ្លែងខ្មែរ ចង់ចូលរួមអភិរក្សខ្លែងខ្មែរនេះ។ ដោយមានចិត្តស្រឡាញ់ លោក យ៉ាន បានស្វែងរកទិញនូវខ្លែងបែបនេះ ប៉ុន្តែពិបាករកទិញ ដូច្នេះលោកក៏បានសុំគេរៀនធ្វើខ្លែងនេះ។
 
ចាប់ផ្ដើមអាជីវកម្មនាចុងឆ្នាំ២០២២ ក្រោមយីហោ «KLENG» (ខ្លែង) បន្ទាប់ពីលោកចំណាយពេលរៀនធ្វើខ្លែងអស់រយៈពេលប្រមាណជាកន្លះឆ្នាំ ជាមួយអ្នកចេះធ្វើខ្លែងមួយរូបដែលជាជនជាតិខ្មែរ។ សម្រាប់ លោក យ៉ាន ការធ្វើខ្លែងគឺមានភាពលំបាកដែរ ទម្រាំរូបលោកអាចធ្វើវាបាន។
 
ដោយឡែកលក្ខណៈគួរឱ្យចាប់អារម្មណ៍នៃខ្លែងរបស់បុរសរូបនេះ គឺការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិទាំងអស់ ដើម្បីយកមកធ្វើខ្លែង។ វត្ថុធាតុដើមដូចជា ឫស្សីស្រុក ផ្ដៅ ស្លឹកត្នោត ក្រដាស ខ្សែធ្វើពីក្រចៅ ខ្សែកំប្លោក និងបាយដំណើប សម្រាប់បិទភ្ជាប់។ 
 
ក្នុងខ្លែងព្នង(ឈ្មោល)មួយដែលទំហំទទឹង ១,៣៥ម៉ែត្រ និងបណ្ដោយ ១,៥០ម៉ែត្រ មានតម្លៃ ៣៣០ ០០០រៀល និង ទំហំខ្លែងព្នង(បុរាណ)ដែលមានទទឹង ១,៨០ម៉ែត្រ និងបណ្ដោយ ២,១៥ម៉ែត្រ មានតម្លៃ ៤០០ ០០០រៀល។ បច្ចុប្បន្នអាជីវកម្មដែលទើបបើកថ្មីថ្មោងនេះ លោក យ៉ាន អះអាងថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជន ទាំងបរទេស និងខ្មែរ៕
 

Tag:
 អាជីវកម្មខ្លែង
  នាយ យ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com