ជាតិ
សិល្បះ
បេក្ខជនជយលាភីអមតៈ ប្ដេជ្ញាយកមូលនិធិដែលទទួលបានទៅអភិវឌ្ឍសហគមន៍របស់ខ្លួន
31, Dec 2022 , 6:19 pm        
រូបភាព
ភ្នំពេញ៖ បេក្ខជនដែលទទួលបានអាហារូបករណ៍ និងមូលនិធិ ពីអង្គការសិល្បៈខ្មែរអមរតៈ ប្ដេជ្ញាយកប្រាក់ទាំងនោះ ទៅអភិវឌ្ឍជំនាញសិល្បៈ និងការសិក្សារបស់ខ្លួន។ បន្ថែមពីនោះ ឆ្លើយតបនឹងការផ្ដល់ជំនួយនេះ ពួកគេនឹងយកចំណេះទាំងនោះ ត្រឡប់ទៅអភិវឌ្ឍសហគមន៍របស់ខ្លួន ឱ្យរីកចម្រើន។


 
ស្ថិតក្នុងពិធីប្រកាសជយលាភីអមតៈ ដែលរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ កញ្ញា ម៉ៅ ស្រីឆ្នាស គឺជាបេក្ខនារីមួយរូបដែលទទួលបាន អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន សម្រាប់សិក្សាជំនាញដឹកនាំរឿងរបាំបុរាណ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នារីដែលមកពីខេត្តប៉ៃលិនរូបនេះ អះអាងថា ដោយចិត្តស្រឡាញ់សិល្បៈវប្បធម៌ជាតិ នាងមានបំណង ចង់បើកសមាគមន៍សិល្បៈតូចមួយនៅប៉ៃលិន ក្នុងបំណងចែករំលែកចំណេះដឹងសិល្បៈដែលនាងបានរៀន ទៅយុវជននិងក្មេងៗក្នុងតំបន់នោះ។
 
មានវ័យ២៣ឆ្នាំ ហើយបច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៣ ស្រីឆ្នាស បានមើលឃើញថា ក្នុងតំបន់របស់នាងពុំសូវមានការរីកចម្រើនលើទម្រង់សិល្បៈវប្បធម៌ជាតិឡើយ ជាហេតុនាំឱ្យក្មេងជំនាន់ក្រោយនៅទីនោះ ឃ្លាតឆ្ងាយពីអ្វីដែលហៅថាសិល្បៈដួងព្រលឹងជាតិ។ ជាអ្នកមានឧបនិស្ស័យស្រឡាញ់របាំតាំងតែពីក្មេង នារីដែលមកពីគ្រួសារកសិកររូបនេះ ចង់ឱ្យកូនខ្មែរគ្រប់រូប ព្យាយាមស្វែងយល់ និងរៀនសូត្រពីសិល្បៈវប្បធម៌ខ្មែរឱ្យបានច្រើន បើទោះបីជាពួកគេនៅខេត្តដាច់ស្រយ៉ាល ឬនៅទីក្រុងក្ដី។
 
យុវតីកូនទី៨ក្នុងចំណោមបងប្អូន១០នាក់ ដែលទទួលបានអាហារូបករណ៍ សម្រាប់ដំឡើងស្នាដៃរបាំរយៈពេល២ឆ្នាំរូបនេះ ពន្យល់បន្ថែម៖«ខ្ញុំចង់ឱ្យកុមារាកុមារី និងយុវជនបានរៀន ព្រោះនៅទីនោះឆ្ងាយ(ប៉ៃលិន) មានសិល្បៈតិចតួចហូរចូល។ ខ្ញុំមានគំនិតបង្កើតសមាគមន៍ តាំងពី១១ឆ្នាំមុន។ ខ្ញុំជឿថាខ្ញុំអាចធ្វើបាន។ តែយ៉ាងណាក៏ត្រូវការក្មេងៗចូលរួមដែរ។ ខ្ញុំបានស្ទង់ពីចិត្តក្មេងៗហើយគេចង់រៀន។ ខ្ញុំមិនទាន់ច្បាស់ថាអាចបង្កើតក្នុងឆ្នាំណាទេ ប៉ុន្តែជាគម្រោងប្រហែលឆ្នាំ២០២៦ ទើបអាចកើតឡើង»។
 

កញ្ញា ម៉ៅ ស្រីឆ្នាស
 
ចំណែកលោក ម៉ន មាន អ្នកសម្របសម្រួលក្រុមសិល្បៈជនជាតិដើមភាគតិចកួយភូមិអណ្ដះ ក៏មិនសូវខុសពីកញ្ញា ម៉ៅ ស្រីឆ្នាសប៉ុន្មានដែរ។ បុរសជនជាតិដើមភាគតិចកួយ មកពីខេត្តកំពង់ធំ ក្នុងស្រុកប្រាសាទបាឡាំងរូបនេះ នឹងយកប្រាក់អាហារូបករណ៍ ទៅដំឡើងស្នាដៃរបាំជនជាតិដើមភាគតិចកួយ។ របាំដែលហៅជាភាសាកួនថា “វ៉ស្រៃ” ប្រែជាភាសាខ្មែរថា “របាំធ្វើចម្ការ” និង “តូចចាល់ទ្រួ”  ប្រែជាខ្មែរថា“រើសជ័រចុង” កំពុងស្ថិតក្នុងដំណើរការចងក្រងបទភ្លេងនិងបង្កើតក្បាច់។ មានរយៈពេល១ឆ្នាំ ក្នុងការស្រាវជ្រាវនិងដំឡើង របាំទាំងពីនេះបានចាប់ផ្ដើមពីខែតុលាឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២៣ខាងមុខ។
 
 លោក ម៉ន មាន សម្បុរស្រអែម ដែលដឹងដំណឹងអាហារូបករណ៍ តាមរយៈមន្ទីរវប្បធម៌ខេត្ត និងសិស្សច្បងប្រាប់ បានពន្យល់បន្ថែមដូច្នេះ៖«ខ្ញុំយល់ឃើញថា វប្បធម៌ ទំនៀមទម្លាប់ មុខរបរ ប្រពៃណី និងជីវភាពរបស់ជនជាតិដើមភាគតិចកួយរបស់ពួកខ្ញុំ គួរត្រូវបានផ្សព្វផ្សាយទៅខាងក្រៅ។ ម្យ៉ាងវិញទៀតការបង្កើតស្នាដៃរបាំនេះ ខ្ញុំក៏មានគោលបំណងឱ្យយុវជន ទទួលស្គាល់ខ្លួនឯង ថាជាជនជាតិដើមដែរ»។ 
 

លោក ម៉ន មាន ជនជាតិដើមភាគតិចកួយ
 
ជាបេក្ខនារីដែលទទួលបានអាហារូករណ៍ អាន ចនផន មួយរូបទៀត នោះគឺកញ្ញា រដ្ឋ ស្រីប៉ា។ មកពីខេត្តព្រះវិហារ ស្រីប៉ា ដែលមានសម្បុរស មាឌស្តើងរាងខ្ពស់ស្រឡះ នឹងយកប្រាក់អាហារូបករណ៍នោះ ទៅរៀនថ្នាក់អនុបណ្ឌិត ជំនាញទំនាក់ទំងអន្តរជាតិ។ អះអាងថាប្រាក់ទាំងនោះ ជាផ្នែកដ៏សំខាន់ក្នុងការ ទ្រទ្រង់ការសិក្សារបស់ខ្លួន ស្រីប៉ា ប្ដេជ្ញាក្រោយពីរៀនចប់នឹងយកចំណេះទាំងនោះ ទៅជួយសហគមន៍របស់ខ្លួនវិញ ទៅតាមអ្វីដែលខ្លួនអាចធ្វើបាន។
 
នាងថាជាជំហានដំបូង នាងអាចជួយបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពក្មេងៗ ពិសេសក្មេងស្រីនិងស្ត្រី ឱ្យយល់ពីតម្លៃនៃការសិក្សា និងបន្តជំរុញពួកគេ ឱ្យប្រឹងប្រែងរៀនឱ្យបានវែងឆ្ងាយ។ ស្ថិតក្នុងវ័យ២៥ឆ្នាំ កូនកសិកររូបនេះ អះអាងថាភាពក្រីក្រពុំមែនជាឧបសគ្គ សម្រាប់ការសិក្សារៀនសូត្រឡើយ។ 
 
ចេញពីគ្រួសារមានជីវភាពខ្វះខាត បេក្ខជនកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់រូបនេះ បន្ថែមដូច្នេះ៖«សូមកុំយកមូលហេតុគ្មានប្រាក់ជាឧបសគ្គ ព្រោះខ្ញុំទទួលបានអាហារូបករណ៍តាំងពីឆ្នាំទី១ បានទាំងថ្លៃរៀននិងការស្នាក់នៅផង។ ដូច្នេះឱ្យតែយើងចេះបង្កើតទំនាក់ទំនងឱ្យបានច្រើន និងស្វះស្វែងរកអាហារូបករណ៍ដោយខ្លួនឯង នោះយើងនឹងអាចទៅរួច»។

កញ្ញា រដ្ឋ ស្រីប៉ា ជនជាតិដើមភាគតិចកួយ
 
ប្លែកអំពីបេក្ខនារីនិងបេក្ខជនទាំងបីនាក់ខាងលើ លោក ស៊ុំ ស៊ីថែន ទទួលបានមូលនិធិដាំដុះ។ មូលនិធីនេះផ្ដល់ជូនសម្រាប់បុគ្គល ស្ថាប័ន ឬអង្គការដែលធ្វើការលើវិស័យសិល្បៈ។ សម្រាប់ប្រធានអង្គការភាពយន្តឈូករ័ត្នរូបនេះ នឹងយកប្រាក់មូលនិធិ ទៅរៀបចំកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ សម្រាប់ឆ្នាំ២០២៣ខាងមុខ។ 
 
ក្រៅពីមូលនិធិបុរសរាងស្គមសម្បុរស្រអែមរូបនេះ ក៏បានស្នើដល់អង្គការសិល្បៈខ្មែរអមតៈ សហការជាមួយខ្លួនលើផ្នែកផ្សេងៗទៀតដែរ ក្នុងគោលបំណងផ្សព្វផ្សាយពីសិល្បៈភាពយន្តជាដើម។ ប្រាក់ដែលទុកសម្រាប់ការរៀបចំមហោស្រពនេះ ជាចំណែកជួយជំរុញនិងលើកកម្ពស់ វិស័យសិល្បៈភាពយន្តនៅកម្ពុជា ដែលមិនអាចប្រកែកបាន។ 
 
ហើយលោក ស៊ីថែន បន្ថែមដូច្នេះ៖«ប្រាក់នោះយើងយកជួលទីតាំង ឧបករណ៍តុបតែងទីតាំង ឧបករណ៍ថត សម្រាប់ប្រើប្រាស់ផ្សេងៗ និងសម្រាប់អ្នកស្ម័គ្រចិត្ត ក្នុងពេលធ្វើមហោស្រព។ ខ្ញុំក៏ស្នើទៅអង្គការ(សិល្បៈខ្មែរអមតៈ) ជួយផ្សព្វផ្សាយពេលមហោស្រពមានកម្មវិធីដែរ។ យ៉ាងហោចណាស់គាត់ជួយផ្សព្វផ្សាយ ឬជួយភ្ជាប់បណ្ដាញ ឱ្យយើងទៅជួបអ្នកដែលយើងចង់បាន»។ 

លោក ស៊ុ ស៊ីថែន ប្រធានអង្គការភាពយន្តឈូករ័ត្ន
 
លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ បានប្រាប់សារព័ត៌មានថ្មីៗ ក្រោយពិធីប្រកាសជយលាភីអមតៈថា ទាំងអាហារូបករណ៍ និងមូលនិធិនានារបស់អង្គការសិល្បៈខ្មែរអមតៈ ផ្ដល់អាទិភាពខ្ពស់ដល់នារី។ លោកថាមូលនិធិទាំងនោះ មិនត្រឹមតែជួយស្ត្រីកាត់បន្ថយភាពក្រីក្រឡើយ ប៉ុន្តែថែមទាំងបានជួយពួកគេ ឱ្យមានចំណេះដឹងខ្ពស់ថែមទៀតផង។
ស្ថាបនិកអង្គការរូបនេះ អះអាងថាទស្សនៈវិស័យរបស់អង្គការសិល្បៈខ្មែរអមតៈ ជំរុញវិស័យសិល្បៈវប្បធម៌ ពីបច្ចុប្បន្ន ទៅដល់២០ឬ៣០ឆ្នាំទៅមុខ សម្រាប់អាទិភាពនារី ក្នុងវិស័យសិល្បៈ និងសិល្បករនិងការិនីតាមខេត្ត។
 
«នារីជនជាតិដើមភាគតិចកាន់តែច្រើន បានផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី និងបង្កើតស្នាដៃ របស់ខ្លួន។ ទស្សនវិស័យរបស់សិល្បៈខ្មែរអមតៈ ចង់ឱ្យសិល្បៈខ្មែរ រីករាលដាលទូទាំងកម្ពុជា។ ខ្ញុំជឿងថាសិល្បៈ ជាការបង្ហាញអារម្មណ៍ ជាឆាកឱ្យមានការងារធ្វើ ថែវប្បធម៌ អាចបង្កើតសិល្បៈថ្មីផ្សេងៗទៀត សម្រាប់អត្តសញ្ញាណខ្លួនតាមភូមិនានា និងជាយានឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង»។ នេះគឺជាការមើលឃើញរបស់លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ។

លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ជយលាភីអមតៈ ផ្ដល់អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ដល់សិស្សចំនួន១០នាក់ ដោយក្នុងម្នាក់ឧបត្ថម្ភ ១,៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិដាំដុះសម្រាប់គម្រោង ៧នាក់  ទទួលបានប្រាក់ឧបត្ថម្ភ ២,៥០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ម្នាក់។ មូលនិធិចល័ត ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ១,០០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ម្នាក់។ មូលនិធិជឿនលឿន ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥,០០០ ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិដំឡើងស្នាដៃថ្មី ៤នាក់ ប្រាក់ឧបត្ថម្ភ ៤,០០០-៥,០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិរុងរឿង ៦ក្រុម។  អាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ២,៥០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ និងអក្សរសិល្ប៍ច្នៃប្រតិដ្ឋ៤នាក់  ទទួលបានប្រាក់៥០០ដុល្លារអាេមរិកសម្រាប់ម្នាក់៕
 

Tag:
 សិល្បៈ
  អាហារូបករណ៍
  សិល្បៈខ្មែរអមតៈ
  ជយលាភី
  មូលនិធិ
© រក្សាសិទ្ធិដោយ thmeythmey.com