ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអូរសណ្ដាន់ គ្រោងសង់ជម្រាលជនពិការនៅអគាររដ្ឋបាលឃុំនៅពេលខាងមុខ
31, Dec 2022 , 7:39 pm        
រូបភាព
ដោយ៖ បុត្រ លក្ខិណា(យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ បច្ចុប្បន្ន អគាររដ្ឋបាលឃុំអូរសណ្ដាន់ ពុំទាន់មានជម្រាលជនពិការដើម្បីជួយសម្រួលដល់អ្នកមានពិការភាពឡើងចុះ ពេលទៅទទួលសេវានៅសាលាឃុំនៅឡើយ។ ជុំវិញការសង់ជម្រាលសម្រាប់ពលរដ្ឋមានពិការភាពនេះ លោក ម៉ម ធន មេឃុំអូរសណ្តាន់ បានបញ្ជាក់ថា លោកមានគម្រោងសាងសង់នៅមុនឆ្នាំ២០២៥​។

 
លោក ម៉ម ធន មេឃុំអូរសណ្ដាន់ បានឱ្យដឹងថា ក្នុងឃុំអូរសណ្ដាន់ ពលរដ្ឋដែលមានពិការភាព មានចំនួន ១០៨នាក់ ក្នុងនោះស្រី ៤១នាក់។ បើតាមលោកមេឃុំរូបនេះ ពលរដ្ឋដែលមានពិការភាពទាំង ១០៨នាក់ ភាគច្រើនជាអ្នកមានពិការដៃជើង និងភ្នែក ហើយអ្នកដែលមានពិការភាពស្ថិតក្នុងសភាពពិបាកជាងគេនោះគឺ អ្នកដែលមានពិការភាពជើងទាំងសងខាង។
 
មូលហេតុដែលអគាររដ្ឋបាលឃុំអូរសណ្ដាន់ មិនមានជម្រាលជនពិការ ត្រូវបានលោក ម៉ម ធន ពន្យល់ថា នៅពេលសាងសង់ក្នុងប្លង់តាមស្តង់ដារ តាមការឧបត្ថម្ភពីដៃគូអភិវឌ្ឍនោះគេមិនបានដាក់ឱ្យមានការសង់ជម្រាលសម្រាប់ជនពិការភាពឡើយ។ «​សាលាឃុំអូរសណ្ដាន់សាងសង់ដោយអង្គការ ADB ពុំទាន់មានជម្រាលជនពិការនោះទេ ដោយធ្វើតាមប្លង់របស់ក្រសួងទាំងអស់គ្នា»។ លោក ម៉ម ធន បញ្ជាក់បែបនេះ រួចបន្ថែមថា អាជ្ញាធរមានគម្រោងសង់នៅពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ន អាជ្ញាថរកំពុងស្វែងរកជំនួយពីសប្បុរសជនដើម្បីយកមកសាងសង់។


លោក ម៉ម ធន មេឃុំអូរសណ្ដាន់
 
បើទោះបីចានៅអគាររដ្ឋបាលឃុំ មិនទាន់មានជម្រាលក៏ដោយ ប៉ុន្តែលោក ម៉ម ធន បានស្នើឱ្យពលរដ្ឋដែលមានពិការភាពមកទទួលសេវានៅសាលាឃុំអូរសណ្ដាន់ ឱ្យបានគ្រប់ៗគ្នា ព្រោះការទទួលសេវាមិនតម្រូវឱ្យបង់ថ្លៃនោះទេ។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏ផ្តល់អាទិភាព និងយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនពលរដ្ឋដែលមានពិការភាពដោយមិនមានការរើសអើងផងដែរ។ លោក ម៉ម ធន មេឃុំអូរសណ្តាន់ បានលើកឡើងថា៖ «ខ្ញុំមិនដែលរើសអើងអ្នកពិការនោះទេ ពួកខ្ញុំនឹងយកចិត្តទុកដាក់លើពួកគាត់ ជាងពលរដ្ឋទូទៅ ហើយក៏គ្មានអ្វីដែលខ្ញុំត្រូវរើសអើង ស្អប់ខ្ពើមពួកគាត់ដែរ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)


សាលាឃុំអូរសណ្ដាន់ ពុំទាន់មានជម្រាលជនពិការ

 

Tag:
 ជម្រាលជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com