ជាតិ
សហគ្រិន១០រូប ពង្រីកអាជីវកម្មថ្មី នៅឆ្នាំ២០២២
31, Dec 2022 , 11:29 pm        
រូបភាព
ម្ចាស់អាជីវកម្ម ដែល Start up នាឆ្នាំ ២០២២
ម្ចាស់អាជីវកម្ម ដែល Start up នាឆ្នាំ ២០២២
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ តែងតែងសម្ភាសវាគ្មិនមកពីចម្រុះវិស័យ ដែលជាម្ចាស់អាជីវកម្ម ព្រមទាំងអ្នកជំនាញៗ ទាក់ទងទៅនឹងគំនិតអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេរៀងៗខ្លួន ក្នុងសម័យបច្ចេកវិទ្យានេះ។ តាមរយៈបទពិសោធន៍ សម្ភាសវាគ្មិនច្រើនរូប ថ្ងៃនេះសារព័ត៌មានថ្មីៗ សូមលើកយកនូវអាជីវកម្មថ្មី ដែលទើបតែបង្កើតឡើងនាឆ្នាំ ២០២២ របស់សហគ្រិនចំនួន១០រូប មកបង្ហាញ។



តើអាជីវកម្មទាំងនេះមានអ្វីខ្លះ ហើយផ្តល់នូវគុណតម្លៃបែបណាចំពោះសង្គមខ្មែរ?
 
 ទី១. តំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា សម្ពោធជាផ្លូវការនាចុងឆ្នាំ ២០២២នេះ នៅលើផ្ទៃដីសរុប ៨០០ហិកតា ក្នុងខេត្តព្រះសីហនុ។  តាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  លោកស្រី កែវ មុំ ប្រធានគម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា បានឱ្យដឹងថា គម្រោងដ៏ធំមួយនេះ ត្រូវបាន ចំណាយទុនរាប់លានដុល្លារ ព្រោះចង់បំពេញតម្រូវការអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនេះ វាក៏អាចផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកមួយចំនួនដែរ។
 
ស្រ្តីអ្នកជំនួញវ័យ៤៧ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុនផលិតនាំស្រួយលីលីរូបនេះ រៀបរាប់ដូច្នេះ៖« ចំពោះការវិនិយោគក្នុងការងារនេះ គឺពិតជាធំ ហើយក៏ពិបាកខ្លាំង។   យើងជួបឧបសគ្គ និងបញ្ហាជាច្រើនផងដែរ ប៉ុន្តែនាងខ្ញុំមិនបាក់ទឹកចិត្តក្នុងការបន្តដំណើរទៅមុខ ដោយសារតែយើងមានក្តីសង្ឃឹម នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ ពិភពលោកនឹងបើកទូលាយការហោះហើរដោយសេរីបាន។ អ្នកវិនិយោគជាច្រើននឹងចាប់អារម្មណ៍មកលើទឹកដីកំពង់សីលារបស់នាងខ្ញុំ ដែលជាតំបន់មានសក្តានុពលខ្លាំង ព្រោះនៅចំចំណុចកណ្តាលតែម្តង ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស»។


 
ទី២. សាលារៀនសហគមន៍២១ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២២ ហើយ សម្ពោធជាផ្លូវការនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ ដែលមាន៣សាខា គឺសាខាក្រាំងធ្នង់ សាខាព្រែកអញ្ចាញ និងសាខាគគី។ សាលារៀនឯកជនមួយនេះ មានធនធានគ្រូបង្រៀនកំពុងបម្រើការចំនួន ៣០នាក់ និងសិស្សានុសិស្សជាង ៣០០នាក់ ដែលផ្តោតលើ ចំណេះដឹងផ្នែកវិជ្ជាជីវៈ ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងពីភាពជាអ្នកដឹកនាំរបស់បុគ្គលឆ្នើម។ កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការ នៃសាលារៀនសហគមន៍២១ បានប្រាប់សារព័ត៌មានថ្មីៗ ថា សាលារៀននេះ បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់ពីកំរិតថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ហើយក៏ជួយសម្រួលដល់សិស្ស ដែលខ្វះនូវលទ្ធភាពបង់ថ្លៃសាលាផងដែរ។


 
ទី៣. ប្ដីប្រពន្ធមួយគូ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមូលទិញសំរាមប្លាស្ទិក ច្នៃជាគ្រាប់ជ័រ។ អ្នកស្រី ដួង ឆេងហួ ម្ចាស់សិប្បកម្ម Collect Plastic បានឱ្យដឹងថា  ក្នុងមួយសប្តាហ៍ អ្នកស្រី អាចផលិតគ្រាប់ជ័របានជិតពីរតោន និងលក់បាន ៥០០ដុល្លារក្នុងមួយតោន។
អ្នកស្រី ដួង ឆេងហួ បើកអាជីវកម្មនេះ ព្រោះចិត្តស្រឡាញ់បរិស្ថាន ជាពិសេសគិតគូរ ពីផលប៉ះពាល់សំរាមប្លាស្ទិកចំពោះបរិស្ថាន។  រយៈពេលជិត១ឆ្នាំមកនេះ ពោលគឺ នៅដើមឆ្នាំ ២០២២ អ្នកស្រី ដួង ឆេងហួ បានប្រមូលទិញសំរាមប្លាស្ទិក ជាច្រើនតោនក្នុងមួយថ្ងៃៗ ដើម្បីកែច្នៃជាគ្រាប់ជ័រ។ គ្រាប់ជ័រនេះ អាចផលិតជា កញ្រ្ចែងជ័រ ចានជ័រ ធុង និងបាល់ជ័រជាដើម។ 
 
អ្នកស្រី ដួង ឆេងហួ បានបញ្ជាក់ដូច្នេះ៖« ខ្ញុំបានប្រមូលទិញសំរាមប្លាស្ទិក ឬ ថង់ដាច់ រហែក ខូច ពីខេត្តនានា ក្នុងមួយគីឡូចាប់ពី៣០០ ទៅ៥០០ រៀល។ បន្ទាប់មក យកទៅចម្រាញ់តាមដំណាក់កាល ទម្រាំតែកើតចេញជា គ្រាប់ជ័រ»។  


 
 
ទី៤. ក្រុមហ៊ុនទេសចរណ៍ យូនីកហូលីដេ បានចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ក្នុងពេលដែលវិបត្តិកូវីដ មានភាពស្រាកស្រាន្តនៅក្នុងប្រទេសកម្ពុជា។ លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីកហូលីដេ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ក្រុមហ៊ុនខ្លួនបានចុះបញ្ជីជាផ្លូវការ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ នេះតែម្តង ដោយផ្តោតលើសេវាកម្មរៀបចំកញ្ចប់ទេសចរណ៍ក្នុងស្រុក ក្រៅស្រុក និងលក់សំបុត្រយន្តហោះ ជាដើម។ តាមរយៈបេសកកម្មជំរុញវិស័យទេសចរណ៍ក្នុងស្រុក ក្រុមហ៊ុននេះក៏បានផ្តល់នូវឱកាសការងារ និងបង្កើតដៃគូសហការតាមតំបន់ទេសចរណ៍ជាច្រើន នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោក វណ្ណា មករា ធ្លាប់លើកឡើងថា «បើធនធានយើងមួយចំនួនសម្រេចចិត្តចាកចេញពីវិស័យនេះក្នុងពេលដែលលំបាក តើវិស័យទេសចរណ៍រំពឹងអ្វីទៅថ្ងៃក្រោយ?»។  
ជាមួយគ្នានេះផងដែរ លោក មករា លើកឡើងដោយជំនឿជាក់ដូច្នេះ៖ « ខ្ញុំជឿថាវិស័យនេះនឹងវិលមកភាពល្អប្រសើរវិញ ហើយសក្តានុពលទេសចរណ៍ក្នុងស្រុកយើងមានច្រើនណាស់ ទាំងធម្មជាតិ និងវប្បធម៌ មិនចាញ់នៅបរទេសឡើយ។ ដូចនេះ ប្អូនៗ ដែលកំពុងបន្តរៀនក្នុងវិស័យនេះត្រូវមានក្តីសង្ឃឹម ហើយត្រូវរៀនឱ្យចប់ប្រកបដោយសមត្ថភាព និងខ្នះខ្នែងយកបទពិសោធន៍ដាក់ខ្លួន ព្រោះមានរៀមច្បងជាច្រើនចាំជួយគាំទ្រគ្នាជានិច្ច»។


 
ទី៥. លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes ដែលជាអាជីវកម្មបែបសេវាកម្មផ្តោតលើការរចនាប្រអប់វេចខ្ចប់ទំនិញ បានដំណើការលើទីផ្សារនៅភ្នំពេញ នៅខែកុម្ភៈ ឆ្នាំ២០២២នេះ។ បច្ចុប្បន្ន អាជីវកម្ម The Boxes បានផ្តល់សេវាកម្មជាសម្ភារៈវេចខ្ចប់ទៅកាន់ ម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម ក៏ដូចជាអង្គការ ជាង៥០ស្ថាប័ន និង អតិថិជនប្រើប្រាស់ផ្ទាល់ជាង ១០០នាក់។ បុរសវ័យ ២៥ឆ្នាំ ខាងលើធ្លាប់បានបញ្ជាក់ថា ខ្លួនបើកអាជីវកម្មនេះឡើង ព្រោះចង់ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា តាមរយៈការរចនាសម្ភារៈវេចខ្ចប់ពីក្រដាសរឹងធម្មជាតិ។


 
ទី៦. ថ្មីៗនេះ អតីតកីឡាករកាយវប្បកម្មមេដាយមាសពិភពលោក លោក សំបូរ នន់ បានសម្រេចក្តីស្រមៃដំណើរការក្លិបហាត់ប្រាណមួយមានឈ្មោះថា សំបូរ នន់ ដែលជាឈ្មោះរបស់លោកផ្ទាល់តែម្តង កាលពី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ អ្នកខេត្តបាត់ដំបងរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ ទាំងអារម្មណ៍រំភើបថា ខ្លួនសម្រេចចិត្តបើកក្លិបហាត់ប្រាណឡើង ព្រោះក្តីស្រឡាញ់យ៉ាងលើសលប់ ទៅលើវិស័យកីឡាកាយវប្បកម្ម ហើយចង់ឱ្យសិស្សទាំងអស់មានសុខភាពល្អ រូបរាងរឹងមាំតាមដែលពួកគេប្រាថ្នា ជាពិសេសសមត្ថភាពចូលរួមប្រកួត លើឆាកជាតិ និងអន្តរជាតិ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកបានទាក់ទាញចិត្តអ្នកនៅក្នុងតំបន់ក្រាំងធ្នង់មួយចំនួន ដែលមិនសូវចាប់អារម្មណ៍រឿងហាត់ប្រាណ ឱ្យងាកមកចូលរួមហាត់ប្រាណផងដែរ ។ សម្រាប់យុវវ័យមានអាយុក្រោម ១៨ឆ្នាំវិញ ក្លិបហាត់ប្រាណ សំបូរ នន់ មានការបញ្ចុះតម្លៃរហូតដល់ ៥០% ដោយសារលោកចង់ជំរុញឱ្យពួកគេហាត់គិតគូរពីសុខភាព ជាងការបរិភោគគ្រឿងស្រវឹង ។ល។ 


 
ទី៧.  សហស្ថាបនិកមន្ទីរផលិតគ្រាប់ធ្មេញសិប្បនិម្មិត ADS លោក ជា វិទូ បានឆ្លងកាត់បទពិសោធន៍ជាទន្តពេទ្យជិត១០ឆ្នាំក្នុងអាជីពនេះ។ ថ្លែងប្រាប់សារព័ត័មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក វិទូ បង្កើតគ្រាប់ធ្មេញសិប្បនិម្មិតនេះ ជំនួសធ្មេញនាំចូលពីបរទេស ដើម្បីបំពេញតម្រូវការរវាងគ្រូពេទ្យ អ្នកបច្ចេកទេស និងពលរដ្ឋក្នុងស្រុក ។
 
ទន្តពេទ្យវ័យ៣១ឆ្នាំរូបនេះ បើកដំណើរការមន្ទីរផលិតគ្រាប់ធ្មេញសិប្បនិម្មិតឡើង នៅដើមឆ្នាំ ២០២២ ព្រោះមើលឃើញនូវភាពខ្វះចន្លោះ និងផលវិបាករវាងគ្រូពេទ្យ និងអ្នកបច្ចេកទេស ពីតម្រូវការធ្មេញសិប្បនិម្មិត ដែលត្រូវតាមស្តង់ដារ និងផ្តល់ភាពងាយស្រួលដល់ពួកគេ។ ម្យ៉ាងទៀតលោកមានជំនាញផ្នែកនេះស្រាប់ និងចង់បំពេញតម្រូវការទីផ្សារក្នុងស្រុក ជាជាងការនាំចូលធ្មេញតែពីបរទេស។
 
«ក្នុងការបើកអាជីវកម្មផលិតគ្រាប់ធ្មេញសិប្បនិម្មិតនេះ បើគិតពីផលចំណេញអាចថាដកឃ្លាតិចដែរ គ្រាន់តែថាយើងព្យាយាមគិតពីដំណោះស្រាយជូនទន្តពេទ្យនៅក្នុងស្រុកយើងហ្នឹង ក្នុងការផ្តល់ជូនគ្រាប់ធ្មេញសិប្បនិម្មិតមានគុណភាព និងសោភ័ណភាពទៅដល់អ្នកជំងឺ។ មានន័យថាជួយដល់វិស័យឡាបូទន្តសាស្រ្តប្រទេសយើងបាន»។ នេះជាការបញ្ជាក់របស់លោក ជា វិទូ ។  


 
ទី៨. ក្រោយអាជីវកម្មផលិតធុងសំរាមពីកង់ឡាន របស់ខ្លួនមានស្ថិរភាព អ្នកនាង សឿង សុថារី ដែលបច្ចុប្បន្នមាន វ័យ៣៥ឆ្នាំ ក៏បានប្រឡូកចូលក្នុងវិស័យអចលទ្រព្យបន្ថែមទៀត។ ក្រៅពីស្វែងរកប្រភពចំណូលបន្ថែម ដើម្បីទ្រទ្រង់សិប្បកម្មរបស់ខ្លួន និងជាវិធានការទប់ស្កាត់បញ្ហាហិរញ្ញវត្ថុទៅអនាគត សហគ្រិនរូបនេះ ក៏បានព្យាយាមបញ្ជ្រាបគំនិតថែរក្សាបរិស្ថាន ទៅក្នុងវិស័យអចលនទ្រព្យនេះដែរ។ ក្នុងនាមជាប្រធានអាជីវកម្ម នៃក្រុមហ៊ុនបុរី និងផ្ទះល្វែងGM ការសម្រេចចិត្តហក់ចូលក្នុងវិស័យអចលនទ្រព្យ ព្រោះតែមានចិត្តស្រឡាញ់ ខណៈដែលអ្នកនាង ក៏ធ្លាប់ធ្វើជាអ្នកលក់អចលនទ្រព្យដ៏ឆ្នើមមួយរូមផងដែរ។  
«ការពិតការងារទាំងពីរនេះ នាងខ្ញុំមានក្តីស្រឡាញ់ និងយកបេះដូងទៅធ្វើដូចគ្នា គ្រាន់តែពីមុន យើងមិនទាន់បានប្រឡូកក្នុងវិស័យដីធ្លី (អចលនទ្រព្យ) ឱ្យបានពេញដៃពេញជើងទេ។ យើងរវល់តែពង្រឹងធុងបរិស្ថានរបស់យើង។ អ៊ីចឹង ពេលនេះធុងបរិស្ថានក៏មានស្ថានភាពល្អប្រសើរខ្លះហើយ។ នាងខ្ញុំនឹងឆ្លៀតពេលដើម្បីបំពេញក្តីស្រមៃឱ្យខ្លួនមួយទៀត ដែលវិវត្តន៍ខ្លួនទៅអនាគត ឱ្យទៅជាអ្នកជំនាញ និងវិនិយោគផ្នែកអចលនទ្រព្យឱ្យបានល្អប្រសើរ»។ នេះជាការអះអាងរបស់ អ្នកនាង សឿង សុថារី។ 


 
ទី៩. ស្រយាលកាហ្វេ និងផាប់ ជាហាងកាហ្វេថ្មីមួយ ដែលទើបបើកដំណើរការ នាដើមឆ្នាំ ២០២២នេះតែម្តងនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។  កញ្ញា ឈឺន ចាន់បូរិន សហស្ថាបនិកហាងកាហ្វេខាងលើ បានប្រាប់កម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗថា ស្រយាលទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រោះស្រយាលបានផ្តល់ជូនអតិថិជននូវបរិយាកាសធម្មជាតិ លើសពីរសជាតិកាហ្វេ ភេសជ្ជៈ និងអាហារ។ 
 កញ្ញា ឈឺន ចាន់បូរិន សហស្ថាបនិកស្រយាលកាហ្វេ និងផាប់ បញ្ជាក់ថា ការបើកដំណើរការហាងនេះឡើង ព្រោះតែចង់ផ្តល់នូវរសជាតិភេសជ្ជៈ អាហារ និងជាពិសេសបរិយាកាសធម្មជាតិប្លែកពីហាងកាហ្វេដទៃទៀត ជូនអតិថិជន។   កញ្ញា ឈឺន ចាន់បូរិន បន្ថែម៖«ដោយសារតែសមាជិកក្នុងក្រុម គឺជាអ្នកស្រឡាញ់ធម្មជាតិ ចូលចិត្តដើរញាំចំណីអាហារ មានរសជាតិប្លែកៗ ជាមួយនឹងការសិក្សាស្រាវជ្រាវទៀតនោះ ទើបបង្កើតបានជាគំនិតថ្មីៗ សម្រាប់អភិវឌ្ឍហាងស្រយាលកាហ្វេ និងផាប់នេះ»។
 
ក្រៅពីលក់កាហ្វេ ភេសជ្ជៈនានា និងអាហារបែបខ្មែរ និងថៃ ម្ចាស់ហាងកាហ្វេវ័យ ២៣ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា ស្រយាល ក៏បានផ្តល់ជូនទឹកស្អាតពិសាដោយឥតគិតថ្លៃ សម្រាប់អ្នកធ្វើដំណើរ ពិសេសក្រុមទេសចរជិះកង់ ដែលឆ្លងកាត់ផងដែរ។


 
ទី១០.  ស្រ្តីសម្បុរស្រអែម រាងខ្ពស់ស្រឡះ កញ្ញា កែ ច័ន្ទកេសី បានប្រឡូកចូលជ្រៅទៅក្នុងផ្នែក Model Fashion 11 ឆ្នាំហើយ បើគិតមកទល់សព្វថ្ងៃ។ ម្ចាស់សាលា The Walk Fit ដែលទើបបើកដំណើរការនាឆ្នាំ ២០២២ រូបនេះបានរៀបរាប់ថា ទម្រាំតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះ កញ្ញាធ្លាប់មានការបាក់ទឹកចិត្តមួយរយៈដែរ ទៅលើការរើសអើងសម្បុរខ្មៅស្រអែមរបស់នាងពីមនុស្សមួយចំនួន និងបាត់បង់ឱកាសក្នុងការផ្សព្វផ្សាយផលិតផលលើស្បែក ដូចជាឡេជាដើម។  ប៉ុន្តែដោយការពេញចិត្តនូវអ្វីដែលខ្លួនមាន ហើយ ហ្វឹកហាត់សមត្ថភាព ជំនាញ ដុសខាត់ទេពកោសល្យ បន្តឆន្ទៈ ទើបកញ្ញាមានឱកាសបង្ហាញខ្លួនហូរហែរនៅក្នុងអាជីពដែលខ្លួនស្រលាញ់៕


 

Tag:
 ចម្រុះវិស័យជុំវិញសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com