ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ប្រធានមណ្ឌលសុខភាពអូរសណ្ដាន់ គ្រោងសង់ជម្រាលនៅបន្ទប់ទឹកឆ្នាំក្រោយ
01, Jan 2023 , 9:29 pm        
រូបភាព
ដោយ៖ ផាន សុខជា (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ អ្នកស្រី វុទ្ធី ស្រីល័ក្ខ ជាប្រធានមណ្ឌលសុខភាពឃុំអូសណ្តាន់ បានមានប្រសាសន៍ថា នៅមណ្ឌលសុខភាពអូរសណ្ដាន់ មានជម្រាលជនពិការហើយ តែនៅកន្លែងបន្ទប់ទឹកគ្មាននោះទេ។ ប្រធានមណ្ឌលរូបនេះ អះអាងពីគម្រោងសាងសង់ជម្រាលនេះ នៅឆ្នាំ២០២៣។

 
អ្នកគ្រូពេទ្យ វុទ្ធី ស្រីល័ក្ខណ៍ បានបរៀបរាប់ថា មណ្ឌលសុខភាពអូរសណ្ដាន់នេះ ជាទូទៅមានជនពិការទៅទទួលសេវាចាប់ពី ១ទៅ ២នាក់ ក្នុងមួយថ្ងៃ ហើយជនមានពិការភាព ដែលទៅទទួលសេវាភាគច្រើន ពួកគេទៅពិនិត្យ និងពិគ្រោះជំងឺទូទៅ។ 
 
នៅពេលដែលពួកគាត់ទៅទទួលសេវា គ្រូពេទ្យមណ្ឌលសុខភាព បានយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកមានពិការភាព ដោយជួយលើកពួកគាត់ចូលទៅកន្លែងទទួលសេវា។ ជនមានពិការភាព ពេលទៅទទួលសេវា មិនត្រូវបង់ថ្លៃសេវានោះទេ ហើយពួកគាត់ មានអាទិភាព និងមានការយកចិត្តទុកដាក់ជាងប្រជាពលរដ្ឋទូទៅ។ នេះបើតាមអ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍។ 


អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពឃុំអូរសណ្ដាន់
 
មណ្ឌលសុខភាពអូសណ្តាន់ មានជម្រាលជនពិការសម្រាប់ឡើង ប៉ុន្តែនៅបន្ទប់ទឹក ពុំទាន់មាននៅឡើយ ព្រោះខ្វះខាតថវិកាសាងសង់។ អ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍ ប្រាប់បែបនេះ ហើយបញ្ជាក់ថា សម្រាប់ជម្រាលជនពិការនៅបន្ទប់ទឹក អ្នកគ្រូ កំពុងអង្គាសថវិកាពីសប្បុរសជន ដើម្បីសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ព្រោះវាសំខាន់ណាស់សម្រាប់ពលរដ្ឋដែលមានពិការភាព នៅពេលដែលទៅទទួលសេវានៅមណ្ឌលសុខភាព។
 
អ្នកស្រី វុទ្ធី ស្រីល័ក្ខ បានអះងាងយ៉ាងដូច្នេះ៖ «ខ្ញុំកំពុងរកដំណោះស្រាយ ដើម្បីរកថវិកាមកធ្វើជម្រាលជន(មាន)ពិការ(ភាព)នៅកន្លែងបន្ទប់ទឹក។ ខ្ញុំសន្សំថ្លៃបង់សេវាពីប្រជាពលរដ្ឋ និងរកជំនួយផ្សេងៗទៀត ដើម្បីបានធ្វើនៅឆ្នាំក្រោយ ដើម្បីឱ្យជនពិការគាត់ងាយស្រួលពេលប្រើប្រាស់បន្ទប់ទឹក»។
 
អ្នកស្រីបានបន្ថែមទៀត ជាមួយគ្នានេះ ប្រធានមណ្ឌលសុខភាពរូបនេះ បានតាំងចិត្តផ្ដល់សេវាជូនជនមានពិការភាពយ៉ាងយកចិត្តទុកដាក់ និងផ្ញើសារផ្តាំទៅប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលមានពិការភាព។ អ្នកស្រីថា៖ «អ្នកមានពិការភាព សូមកុំគិតថាពេទ្យមានការរើសអើង ចំពោះពួកគាត់ ពួកខ្ញុំយកចិត្តទុកដាក់ចំពោះជាងពលរដ្ឋទូទៅ និងចង់ឱ្យពួកគាត់មកទទួលសេវាឱ្យបានគ្រប់ៗគ្នា»។
 
សូមជម្រាបថា នៅក្នុងឃុំអុរសណ្ដាន់ មានពលរដ្ឋដែលមានពិការភាពចំនួន ១០៨នាក់ ក្នុងនោះស្រី៤១នាក់៕


ជម្រាលជនពិការនៅមណ្ឌលសុខភាពអូរសណ្ដាន់
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ជម្រាលជនពិការ
  សុខាភិបាល
  មណ្ឌលសុខភាពអូរសណ្ដាន់
© រក្សាសិទ្ធិដោយ thmeythmey.com