ជាតិ
ប្រទេសនិយាយភាសាអង់គ្លេសបានល្អបំផុត៖ ហូឡង់ លេខ១, សិង្ហបុរីលេខ២ ឯកម្ពុជាលេខ៩៤
03, Jan 2023 , 8:29 am        
រូបភាព
ភាសាអង់គ្លេស​ ជាភាសាដែលនិយាយយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក​ ហើយអ្នកនិយាយភាសាអង់គ្លេសភាគច្រើនមិនមែនជាជនជាតិដើមដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាកំណើតឡើយ។ ប្រជាជនជាច្រើនលើពិភពលោកអាចប្រើប្រាស់ភាសាអង់គ្លេសបានជាភាសាទី២​ ហើយប្រទេសខ្លះវិញថែមទាំងបានដាក់ភាសាអង់គ្លេសជាភាសាជាតិរបស់ខ្លួនទៀតផង។



បើតាមទិន្នន័យពីវេបសាយ World Economic Forum ក្នុងឆ្នាំ២០១៩ មនុស្សប្រមាណ១,៥ពាន់លាននាក់អាចនិយាយភាសាអង់គ្លេសបាន ដែលក្នុងចំណោមនោះមានតែមនុស្សជាង៤០០លាននាក់ប៉ុន្តែដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាកំណើត។ នេះមានន័យថាមនុស្សជាង១ពាន់លាននាក់មកពីប្រទេសផ្សេងៗគ្នាអាចប្រើប្រាស់ភាសាអង់គ្លេសបានក្រៅតែពីភាសាកំណើតខ្លួន។ 
 
បើតាមការស្រាវជ្រាវចុងក្រោយរបស់សន្ទស្សន៍ការនិយាយភាសាអង់គ្លេសក្នុងឆ្នាំ ២០២២ ដែលស្រាវជ្រាវលើប្រទេសជុំវិញពិភពលោកដែលរៀនភាសាអង់គ្លេស និងគុណភាពនៃការបង្រៀននៅក្នុងប្រទេសនីមួយៗ ប្រទេសហូឡង់ប្រទេសដែលអាចនិយាយភាសាអង់គ្លេសល្អបំផុត មានពិន្ទុ៦៦១។  សិង្ហបុរី៖ ជាប្រទេសមួយក្នុងតំបន់អាស៊ី សិង្ហបុរីឈរនៅលំដាប់ទី២ ដែលមានប្រជាជនអាចនិយាយភាសាអង់គ្លេស​ជាភាសាទី២ ជាមួយនឹងអូទ្រីសដែរជាមួយពិន្ទុ៦២៨។
 
ឯន័រវេស នៅលេខបន្ទាប់ដោយមានពិន្ទុ៦២៧ ឯដាណឺម៉ាកដែលជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងជើងនិងមានភាសាដាណឺម៉ាកជាភាសាជាតិ មានពិន្ទុ៦២៥។
បែលហ្ស៊ិក នៅចំណាត់ថ្នាក់បន្ទាប់មានពិន្ទុ៦២០ តាមពីក្រោយដោយស៊ុយអែតមាន៦១៨ពិន្ទុ, ហ្វាំងឡង់មាន៦១៥ពិន្ទុ, ព័រទុយហ្គាល់មាន៦១៤ពិន្ទុ និងអាល្លឺម៉ង់មានពិន្ទុ៦១៣។
 
ចំណែកកម្ពុជាឈរនៅលំដាប់ទី៩៤ ក្នុងចំណោមប្រទេសចំនួន ១១១ ដែលមានប្រជាជនអាចនិយាយភាសាអង់គ្លេសបាន ខណៈប្រទេសថៃឈរនៅលំដាប់​លេខ៩៧ វៀតណាមនៅលំដាប់ទី៦០ និងឡាវនៅលំដាប់ទី ១១១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com