ជាតិ
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ៣មុខ គ្រោងចុះបញ្ជីនៅឆ្នាំនេះ
03, Jan 2023 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ៣មុខ  រួមមាន អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ គ្រោងចុះបញ្ជីនៅដើមឆ្នាំ២០២៣។ នេះបើតាមលោក លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តថា ការចុះបញ្ជី«អំបិលកំពតកែប» ជាជំនួយបច្ចេកទេសរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(Actions for Development) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization) ខណៈ «ទឹកត្រីកំពតកែប និងបង្កងតាកែវ» ជាជំនួយបច្ចេកទេសរបស់អង្គភាព EU Arise+ IPR ។ គម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅដើមឆ្នាំ២០២៣ ។ 
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖« ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ពិតជាមានសារសំខាន់ណាស់ ព្រោះវាជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលត្រូវបានសកលលោកចាត់ទុកថា ជាឈោ្មះ ឬសញ្ញាសម្គាល់ ប្រើប្រាស់លើទំនិញមានក្នុងតំបន់ភូមិសាស្ត្រជាក់លាក់ និងមានគុណភាព ឬកេរ្តិ៍ឈ្មោះ ដែលផ្សារភ្ជាប់នឹងទីតាំងភូមិសាស្ត្រ និងជាប្រភពកំណត់អត្តសញ្ញាណ»។
 
លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០
 
ក្រៅពីផលិតផលទាំងនេះ នាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងណិជ្ជកម្ម ក៏កំពុងសហការជាមួយអង្គការ UNIDO ដើម្បីចុះសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផលសក្ដានុពល ៣មុខទៀត រួមមាន «បង្គាក្រៀមកំពុងសោម បង្គាក្រៀមកោះកុង និងប្រហុកសៀមរាប» ដើម្បីចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងស្នើសុំអង្គការ WIPO ចុះសិក្សា និងវាយតម្លៃលើផលិតផលនេសាទ «ក្ដាមថ្មកោះកុង» និងរៀបចំចុះបញ្ជី «អង្ករបាត់ដំបង» ដើម្បីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ «ក្រូចថ្លុងកោះពីរ» ក្នុងខេត្តត្បូងឃ្មុំ ក៏គ្រោងនឹងរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ។ នេះបើតាមលោក ស៊ាង ថៃ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម។
  

 
លោក ស៊ាង ថៃ បញ្ជាក់ថា ដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបានជោគជ័យ គឺត្រូវគោរពលក្ខខណ្ឌចំនួន៥ រួមមានទី១ សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលជាសមាគម ឬអង្គការអន្តរវិជ្ជាជីវៈមួយប្រមូលផ្តុំទៅដោយផលិតករ ប្រតិបត្តិករ និងពាណិជ្ជករ ហើយត្រូវចុះបញ្ជីសមាគមនោះនៅក្រសួងមហាផ្ទៃ។ ទី២ សៀវភៅបន្ទុក ដែលពិពណ៌នាអំពីទំនិញ និងបច្ចេកទេសផលិតកម្ម ។ ចំពោះឈ្មោះទំនិញសម្គាល់ភូមិសាស្ត្រ ត្រូវបានប្រើប្រាស់សម្រាប់តែទំនិញដែលបានផលិត។

ទី៣ ប្រព័ន្ធត្រួតពិនិត្យ និងស្វែងរកតឹកតាង គឺជាប្រព័ន្ធដែលធានាថាទំនិញទាំងអស់ ដាក់លក់ក្រោម ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហើយបានផលិតចេញពីតំបន់ដែលបានកំណត់ និងអនុលោមតាមសៀវភៅបន្ទុកពិតប្រាកដ។ ទី៤ ការកំណត់តំបន់ភូមិសាស្ត្រ នៃតំបន់ផលិតកម្ម គឺឈ្មោះទំនិញសម្គាល់ភូមិសាស្ត្រ ត្រូវបានប្រើប្រាស់ដោយផលិតករ និងប្រតិបត្តិករ នៅក្នុងតំបន់ដែលបានកំណត់។ ទី៥ បញ្ជាក់ភស្តុតាង និងទំនាក់ទំនង គឺការបញ្ជាក់អំពីយថាប្រភេទទំនិញ និងប្រភពដើមរបស់វា ដោយយោងលើកត្តាធម្មជាតិ ភូមិសាស្ត្រ ប្រវត្តិ និងមនុស្ស។
 

ប្រភពរូប៖ គណនីហ្វេសប៊ុក លោក ប៊ុន បារាំង សហប្រធានសហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត-កែប
 
ចាប់តាំងពីឆ្នាំ២០០៩មក នាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម បានចុះសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផលសក្ដានុពលចំនួន ២២ ជាម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញរួមមាន ម្រេចគិរីវង្ស កាហ្វេរតនគិរី កាហ្វេមណ្ឌលគិរី សាច់ក្រក និងប្រហុកសៀមរាប ផាមួងកោះដាច់ សូត្រភ្នំស្រុកខេត្តបន្ទាយមានជ័យ ម្នាស់ទឹកឃ្មុំ ក្រូចថ្លុងស្ទឹងត្រែង ទុរេន ទឹកត្រីកំពត ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង់ អង្ករ ណែមបាត់ដំបង អង្ករនាងអំខេត្តក្រចេះ ហូលព្រែកចង្រ្កានកំពង់ចាម ពង់ទាកូនស្រែនាងតាកែវ អង្ករក្រហមស្វាយរៀង ក្រវ៉ាញពោធិ៍សាត់ និងបង្កងតាកែវ។
 
គួរបញ្ជាក់ថា ផលិតផលសម្គាល់ភូមិសាស្រ្ត សំដៅលើផលិតផលមានលក្ខណៈពិសេស ដែលផ្សារភ្ជាប់ទៅនឹងផែនដី អាកាសធាតុ ស្នាដៃ បច្ចេកទេស និងទេពកោសល្យរបស់ប្រជាកសិករនៃតំបន់ជាក់លាក់។ ចំណែក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅទៅលើឈ្មោះ ឬសញ្ញាសម្គាល់ ដែលប្រើប្រាស់លើផលិតផល ឬទំនិញមានក្នុងតំបន់ភូមិសាស្រ្តជាក់លាក់ និងគុណភាព កេរ្តី៍ឈ្មោះ ដែលភ្ជាប់នឹងទីតាំងភូមិសាស្ត្រ និងជាប្រភពកំណត់អត្តសញ្ញាណ ព្រមទាំងជាសញ្ញានៃការចង្អុលបង្ហាញពីគុណភាព កិត្តិស័ព្ទ និងចរិតលក្ខណៈផ្សេងៗទៀត៕
 

Tag:
 ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com