កីឡាជាតិ
ជាតិ
លោក Keisuke Honda៖ សូមអភ័យទោសចំពោះលទ្ធផល ប៉ុន្តែខ្ញុំមានមោទកភាពចំពោះកីឡាកររបស់យើង
03, Jan 2023 , 8:51 am        
រូបភាព
លោក Keisuke Honda នៅលើ​ទីលាន Thammasat នាជំនួប​ចុងក្រោយពូល A នៃ AFF Mitsubishi Electric Cup 2022 រវាងកម្ពុជា និង​ថៃ។ រូបថត FFC
លោក Keisuke Honda នៅលើ​ទីលាន Thammasat នាជំនួប​ចុងក្រោយពូល A នៃ AFF Mitsubishi Electric Cup 2022 រវាងកម្ពុជា និង​ថៃ។ រូបថត FFC
ដោយ: រួបរួម
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានសម្តែងការសោកស្តាយចំពោះលទ្ធផលបរាជ័យ ៣-១ ក្នុងជំនួបចុងក្រោយពូល A នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជាមួយក្រុមម្ចាស់ផ្ទះថៃ កាលពីល្ងាចថ្ងៃទី២ ខែមករា។

«សូមអភ័យទោសចំពោះលទ្ធផល ប៉ុន្តែខ្ញុំមានមានមោទកភាពចំពោះកីឡាកររបស់យើង ហើយសូមអរគុណអ្នកទាំងអស់សម្រាប់រឿងរ៉ាវគ្រប់យ៉ាង»។ លោក Honda បានសរសេរយ៉ាងដូច្នេះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោយលទ្ធផលនៃបរាជ័យនេះ នៅតែរារាំងឱកាសកម្ពុជាក្នុងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup ជាលើកដំបូង។
 
បើប្រៀបធៀបជាមួយជំនួបមុនៗជាមួយថៃ កម្ពុជាធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតនៅកីឡដ្ឋាន Thammasat បើទោះបីជាលទ្ធផលបរាជ័យក៏ដោយ។ ម្ចាស់ផ្ទះថៃ បានស៊ុតបាល់ប៉េណាល់ទីនាំមុខ ១-០ នៅនាទីបន្ថែមក្នុងតង់ទីមួយ ដោយកីឡាករជើងចាស់ Teerasil Dangda ហើយ Sumanya Purisai បន្ថែម១ទៀតនៅនាទី ទី៥០។
 
 
នៅនាទី៦៨ ក្រោយការសហការយ៉ាងល្អពី សារ ទី នៅតំបន់គ្រោះថ្នាក់ សៀង ចន្ធា បានស៊ុតបាល់បញ្ចូលទីតាមពីក្រោយថៃ១គ្រាប់ ហើយក៏ជាកីឡាករដំបូងខ្មែរផងដែរ ដែលបានរកគ្រាប់បាល់បញ្ចូលទីលើថៃ ក្រោយក្រុមទាំងពីស្មើគ្នា ២-២ នាជំនួបពានមិត្តភាព Vietnam Independence Cup កាលពីឆ្នាំ១៩៧៤។ ប៉ុន្តែឈានដល់នាទី៩០ Teerasil រកបានមួយគ្រាប់បន្ថែមទៀត ដែលនាំឲ្យថៃឈ្នះ ៣-១។
 
កម្ពុជាបានបញ្ចប់យុទ្ធនាការរបស់ខ្លួន ដោយបានទទួលចំណាត់ថ្នាក់លេខ៣ក្នុងពូល A ដោយបានឈ្នះហ្វីលីពីន ៣-២ ឈ្នះព្រុយណេ ៥-១ តែចាញ់ឥណ្ឌូណេស៊ី ២-១ និងចាញ់ថៃ ៣-១។ នេះក៏ជាកំណត់ត្រាលើកដំបូងផងដែសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់ការប្រកួតក្នុងពូល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com