ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អនុវិទ្យាល័យកោះរំដួល លើកទឹកចិត្តជនពិការឱ្យទទួលសេវាអប់រំ ក្រោយមានជម្រាល
03, Jan 2023 , 6:59 pm        
រូបភាព
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់)

ស្រុកក្រគរ, ពោធិ៍សាត់៖ ក្រោយមានជម្រាលជនពិការ នាយកអនុវិទ្យាល័យកោះរំដួល ដែល​​ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានជំរុញកុមារដែលមានពិការភាពនៅមូលដ្ឋានរបស់ខ្លួន ឱ្យមកទទួលសេវាអប់រំ។ បច្ចុប្បន្នមានកុមារពិការភាពមួយចំ​នួនផ្នែកតូចប៉ុណ្ណោះ ដែលបានឱកាសសិក្សា។ អនុវិទ្យាល័យមួយនេះ បានដាក់ផែនការផ្ដល់ការអប់រំ ដល់សិស្សពិការឱ្យបានប្រសើរជាង កុមារមានកាយសម្បទាដទៃទៀតដែរ។

 
នាយកអនុវិទ្យាល័យកោះរំដួល លោកស្រី ប៉ូច កែវ បានលើកឡើងថា សព្វថ្ងៃនៅក្នុងអនុវិទ្យាល័យកោះរំដួល បានសិស្សមានពិការភាពមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានការអប់រំ។ កុមារទាំងនេះ ភាគច្រើន មានពិការភាពផ្នែកខ្លះនៃកាយសម្បាទា ពោលគឺមិនរហូតដល់ ដើរមិនរួច ឬជិះរទេះ​នោះទេ។ 
 
កុមារមានពិការភាព ត្រូវបានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ជាងកុមារដទៃ។ ទន្ទឹមនេះ អនុវិទ្យាល័យកោះរំដួល បានសង់ជម្រាលសម្រាប់ជនមានពិការភាពរួចរាល់ តាមអគារសិក្សាចំនួន១ និងបន្ទប់ទឹកមួយកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក្នុងករណីទទួលបានសិស្សមានពិការភាពកម្រិតធ្ងន់មកសិក្សាផងដែរ។
 
លោកស្រី ប៉ូច កែវ ចាត់ទុកជម្រាលសម្រាប់ជនមានពិការភាព ជាផ្នែកមួយជំរុញឱ្យកុមារពិការមានទទួលបានការអប់រំខ្ពស់ ជាពិសេសកាត់បន្ថយបញ្ហាបោះបង់ការសិក្សា។ នាយកអនុវិទ្យាល័យរូបនេះ បន្ថែមដូច្នេះថា៖«ការធ្វើជម្រាលនេះ មានប្រយោជន៍ច្រើន ដល់ប្អូនៗជនពិការ។ ទី១អាចឱ្យពួកគេ អាចមករៀន ទៀងទាត់ដូចកុមារដទៃ ឧទាហរណ៍ថា ប្រសិនបើ គ្មានជម្រាលទេ គាត់អត់អាចជិះរទេះមកសិក្សាបានទេ។ ទី២ អត់ប្រឈមនឹងការបោះបង់ការសិក្សា អ៊ីចឹង សាលាយើង ក៏ត្រូវគិតគូរពីបញ្ហាហ្នឹងដែរ»។ 
 
នៅឆ្នាំ២០២២ អនុវិទ្យាល័យកោះរំដួល បានសិស្សចំនួន ៣៩៧នាក់ ក្នុងនោះ មានអ្នកពិការកម្រិតស្រាលម្នាក់។ បន្ថែមពីនេះ សាលា ក៏មានផែនការសង់ជម្រាលជនពិការមួយកន្លែងបន្ថែមទៀតដែរ ដើម្បីធានាការសិក្សារបស់សិស្ស មានពិការភាពនាពេលអនាគត។ 
 
ជាមួយគ្នានេះ អ្នកស្រី ប៉ូច កែវ បានអំពាវនាវ ដល់អាណាព្យាបាលដែលមានកូនពិការ គួរតែផ្ដល់ឱកាសដល់ពួកគេ មកទទួលសេវាអប់រំ ដើម្បីអនាគតប្រសើរ ជៀសផុតពីភាពលំបាក​៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 អប់រំ
  ជម្រាលជនមានពិការភាព
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com