កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក តែម ម៉ឺន៖ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរត្រូវតែដាក់ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ
03, Jan 2023 , 3:39 pm        
រូបភាព
ដោយ:
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថាការដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ នៅសង្វៀនប្រកួតធំៗ ដោយសារតែកីឡា «ប្រដាល់គុនខ្មែរ» ជាកីឡាប្រពៃណីជាតិ និងចង់បង្ហាញថាកីឡានេះជាសិល្បៈគុនរបស់បុព្វបុរសខ្មែរយូរមកហើយ។ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយល់ឃើញថា ការរៀបចំដាក់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដើម្បីឱ្យកីឡាករគោរពមុនឡើងសង្វៀនជាការល្អ។

 
«កីឡាប្រដាល់គុនខ្មែរ ជាកីឡាប្រពៃណីជាតិ ដែលជាកីឡាជាប់ពាក់ព័ន្ធជាមួយពាក្យសម្តីរបស់បុព្វបុរសយើង ចាត់ទុកថាជាប្រភេទកីឡាបែបវប្បធម៌ប្រពៃណី របស់ជនជាតិមួយ សាសន៍មួយនោះគឺរបស់យើងហ្នឹងហើយ»។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ក្រោយមហាជនដែលគាំទ្រកីឡាប្រដាល់គុនខ្មែរមួយចំនួនមានការងឿងឆ្ងល់ពីអត្ថន័យនៃការដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ នៅទីតាំងប្រកួត ប៉ុន្តែពីមុនមិនធ្លាប់មាន។
 

រូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ក្នុងកម្មវិធីប្រដាល់គុនខ្មែរ។ រូបពី KE

មហាជនមួយចំនួនបានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុករៀងខ្លួនៗលើរូបព្រះមហាក្សត្រនៅទីតាំងសង្វៀនប្រដាល់ថា ស្ថានីយ៍ទូរទស្សន៍គួរតែមានការរៀបចំដាក់ព្រះឆាយល័ក្ខណ៍ព្រះមហាក្សត្រខ្មែរដ៏ស្រស់ស្អាត គ្រប់កម្មវិធីប្រដាល់គុនខ្មែរ។ 
 
ការលើកឡើងរបស់អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ ជុំវិញការតាំងរូបព្រះឆាយល័ក្ខណ៍ព្រះមហាក្សត្រ ដោយសារកន្លងមក មិនធ្លាប់ឃើញមានការដាក់តាំងបង្ហាញរូបភាពព្រះមហាក្សត្រទំហំធំនៅកម្មវិធីប្រកួតប្រដាល់នៅតាមកម្មវិធីប្រដាល់តាមស្ថានីយ៍ទូរទស្សន៍នេះទេ ដោយដាក់រូបតូចៗប៉ុណ្ណោះ។ ពួកគេចង់ឱ្យមានផ្ទាំងព្រះមហាក្សត្រធំនៅគ្រប់ការប្រកួតទាំងអស់ចាប់ពីពេលនេះទៅ។
 
ជាមួយគ្នានេះដែរ លោក ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក៏យល់ឃើញស្របតាមការលើកឡើងរបស់មហាជនផងដែរ ពោលគឺតាំងពីមុនការលើកឡើងនេះម្លេះ។ លោក តែម ម៉ឺន អះអាងថា៖«យើងត្រូវតែដាក់រូបព្រះមហាក្សត្រក្នុងកម្មវិធីសំខាន់ និងដាក់រហូត។ សម្រាប់ប្រទេសយើង កម្មវិធីធំៗ កន្លែងសំខាន់ៗ យើងត្រូវតែរៀបចំឱ្យបានត្រឹម»៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ស៊ីហ្គេម២០២៣
 តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com