ជាតិ
លោក សំបូរ មាណ្ណារ៉ា៖ ​អាចរក្សា​សំណង់​បុរាណ​បាន​ ទាល់​តែ​ក្រសួង​៣​​ធ្វើ​ការ​រួម​គ្នា​
03, Jan 2023 , 8:59 pm        
រូបភាព
 រូបពីហ្វេសប៊ុក Preap Chanmara
រូបពីហ្វេសប៊ុក Preap Chanmara
ភ្នំពញ​៖ ត្រឹម​​រយៈ​ពេល​មិន​ដល់​មួយ​ខែ នា​​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០២២ កុដិ​​បុរាណ​​៣​ខ្នង​ និង​ចេតិយ​បុរាណ​១ខ្នង​ ក្នុង​វត្ត​ចំនួន​២​ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​វាយ​កម្ទេច​។ កុដិ​​បុរាណ​​៣​ខ្នង ដែល​បាន​កសាង​ក្នុង​អំឡុង​ឆ្នាំ​១៩៣០​ ក្នុង​វត្ត​ឧណ្ណាលោម​ ត្រូវ​បាន​វាយ​រាប​ដល់​ដីនៅ​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ ក្រោម​ហេតុ​ផល​សំណង់​ចាស់ទ្រុឌទ្រោម​ពេក និង​ដើម្បី​យក​ទី​តាំង​សង់​ព្រះ​ចេតិយ​​​។ ចំណែក​ចេតិយ​បុរាណ​ ក្នុង​វត្ត​បទុម​វតី ​បាន​កសាង​ក្នុង​ឆ្នាំ​១៩០០ ក៏​ត្រូវ​បាន​វាយ​ខូច​ខាត​ដោយ​អន្លើ​ ក្រោម​ហេតុ​ផល​ស្ដាប់​ការ​បង្គាប់ឱ្យ​ជួស​ជុល​​មិន​ច្បាស់​។



លោក សំបូរ​ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ​ បាន​លើក​ឡើង​ថា ដើម្បី​​​​ទប់​ស្កាត់​ការ​វាយ​កម្ទេច​សំណង់​បុរាណ​ ឬ​សំណង់​បេតិកភណ្ឌ​​ នៅ​ទូទាំង​ប្រទេស​ នោះ​​ត្រូវ​មាន​ការ​សហការ​គ្នា​វាង​ក្រសួង​៣ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ក្រសួង​ធម្មការ​និង​សាស្ត្រ និង​ក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម និង​សំណង់​។ លោក​សាស្ត្រា​ចារ្យ​បន្ថែម​ទៀត​ថា កិច្ច​សហការ​នេះ​ ចាំ​បាត់​ត្រូវ​ឱ្យ​គ្រប់​ភាគី​ មាន​ឆន្ទៈ​មុត​មាំ​ក្នុង​ការ​​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ​។
 
ដើម្បី​កាន់​តែ​ច្បាស់​ សូម​អស់​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា អញ្ជើញ​ស្ដាប់​បទ​សម្ភាស រវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោក សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ សំបូរ ម៉ាណ្ណារ៉ា ដូច​តទៅ​៖





«កុំ​ធ្វើ​អ្វី​ទៅ​តាម​តែ​អាជ្ញា​ដាច់​ដោយ​ឡែក​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​មាន​ការ​ព្រម​ព្រឿង​រួម​គ្នា​​ដោយ​ក្រសួង​ទាំង​៣។ ប្រតិកម្ម​ភ្លើង​ចំបើក គ្រាន់​តែ​ប្រតិកម្ម ហើយ​បញ្ចប់​ ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​កើត​ឡើង​ មិន​មាន​អ្នក​ខុស មិន​មាន​អ្នក​ជាប់​ទោស ឬ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ ដែល​មិន​ធ្វើ​​ឱ្យ​សាធារណជន​ស្ងប់​ចិត្ត​​»។ នេះ​ជា​ការ​មើល​ឃើញ​របស់​លោកសាស្ត្រា​ចារ្យ សំបូរ ម៉ាណ្ណារ៉ា​។
 
កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ​រាជ​រដ្ឋាភិបាលកម្ពុជា​​​​ បាន​ចេញ​សារាចរណែនាំ​ស្ដី​ពី​ការ​ទប់​ស្កាត់ ​ការ​វាយ​​កម្ទេច​ និង​បំផ្លិច​បំផ្លាញ​សំណង់​បេតិកភណ្ឌ ដោយ​ហាម​ឃាត់​ចំពោះ​ការ​កែប្រែ​ និង​​ការ​ប្ដូ​រ​រូប​រាង​ខាង​ក្រៅ​ ឬ​ធ្វើ​ឱ្យ​ខូច​ខាត​សោភ័ណ្ឌ​ភាព​ចំពោះ​សំណង់​ នៃ​តំបន់​បេតិកភណ្ឌ​ទី​ក្រុង​។
 
ទប់ស្កាត់​ការ​វាយ​កម្ទេច​ និង​បំផ្លិច​បំផ្លាញ​សំណង់​វប្បធម៌​ សំណង់​ប្រវត្តិសាស្ត្រ​ សំណង់​បុរាណ​ និង​សំណង់​អគារ​បេតិកភណ្ឌ​ ដើម្បី​ការ​ពារ​ឱ្យ​បាន​គង់​វង្ស​។ បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​បំផ្លាញ​អគារ​បេតិកភណ្ឌ​ ក្នុង​តំបន់​ការ​ពារ​និងក្រៅ​​តំបន់​ការ​ពារ​ ដោយ​ផ្ដោត​លើ​យុទ្ធ​សាស្ត្រ​ គោល​នយោបាយ​ ផែន​ទី​ចង្អុល​បង្ហាញ​ ដើម្បី​ជំរុញ​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​បេតិកភណ្ឌ​ ប្រកប​ដោយ​និរន្តរភាព​។
 
សំណង់​អគារ​បេតិកភណ្ឌ​ ដែល​នឹង​ត្រូវ​ជួស​ជុល​ កែ​ប្រែ​រូប​រាង​ ឬ​វាយ​កម្ទេច​ចោល​ ត្រូវ​ស្នើ​សុំ​ការ​ពិនិត្យ​ និង​សម្រេច​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ជា​មុន​សិន​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កន្លង​ទៅ​សំណង់​វិហារ វត្ត ចេតិយ​ ផ្ទះ​ និង​សំណង់​បុរាណ​ជា​ច្រើ​ន​ទៀត ត្រូវ​បាន​វាយ​កម្ទេច​ចោល​ ក្រោម​ហេតុ​ផល​នានា ដោយ​ហេតុ​ផល​ខ្លះ​ពិបាក​នឹង​ទទួល​យក​បាន​។ ​ក្រោយ​សំណង់​បេតិកភណ្ឌ​ ឬ​សំណង់​បុរាណ​ទាំង​នោះ​វាយ​រាប​ដល់​ដី រលាយ​បាត់​រូប​រាង​ ក្រសួង​វប្បធម៌​ បាន​ត្រឹម​សម្ដែង​ការ​សោក​ស្ដាយ​។ ក៏មាន​ខ្លះ​ដែរ ក្រសួង​បាន​ប្រកាស​ថា​នឹង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ក៏​ប៉ុន្តែ​រឿង​នោះ​ ត្រូវ​បាន​ស្ងាត់​ឈឹងទៅ​វិញ​ ដោយ​ក្រសួង​ពុំ​បាន​បង្ហាញ​លទ្ធផល​ចុង​ក្រោយ​ ឱ្យ​សាធារណជន​បាន​អស់​ចម្ងល់​ឡើយ​៕​
 
 
 

Tag:
 វត្ត​
  ចេតិយ​
  សំណង់បុរាណ​
  បេតិកភណ្ឌ​
  ក្រសួង​
 
© រក្សាសិទ្ធិដោយ thmeythmey.com