ជាតិ
ពលរដ្ឋទៅកម្សាន្តនៅខេត្តព្រះសីហនុ អាចទាក់ទងទៅអាជ្ញាធរ ក្នុងករណីមានអាជីវករទារប្រាក់តាមឆ្នេរ
05, Jan 2023 , 10:29 am        
រូបភាព
ឆ្នេរសាធារណៈដែល រដ្ឋបាលក្រុងព្រះសីហនុ ដាក់ឱ្យសាធារជនមកកម្សាន្ត លំហែកាយ។ រូបភាព៖ រដ្ឋបាលក្រុងព្រះសីហនុ
ឆ្នេរសាធារណៈដែល រដ្ឋបាលក្រុងព្រះសីហនុ ដាក់ឱ្យសាធារជនមកកម្សាន្ត លំហែកាយ។ រូបភាព៖ រដ្ឋបាលក្រុងព្រះសីហនុ
ភ្នំពេញ៖ ឆ្នេរសាធារណៈ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុរៀបចំសម្រាប់សាធារណជនមកកម្សាន្ត ដោយមិនមានការបង់ប្រាក់ និងយកទីតាំងឆ្នេរធ្វើអាជីវកមុ្មផ្ទាល់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានប្រាប់ឱ្យសាធារណជនទាក់ទងមកអាជ្ញាធរក្រុង ក្នុងករណីអាជីវករទារថ្លៃសេវាតាមឆ្នេរ។

 
ឆ្នេរសាធារណៈដែលរដ្ឋបាលក្រុងព្រះសីហនុ រៀបចំឱ្យសាធារណជនទៅកម្សាន្តនោះមានដូចជា ឆ្នេរអូរឈើទាលទី២ ឆ្នេរអូរត្រេះទី១ ឆ្នេរអូរត្រេះទី២ និងឆ្នេរជំទាវម៉ៅ។ ចំណែក ឆ្នេរអូរឈើទាលទី១​ រដ្ឋបាលក្រុងអនុញ្ញាតឱ្យអាជីវករលក់ដូរធម្មតា។ 
 
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ លើកឡើងថា ឆ្នេរចំនួន៤ត្រូវបានរៀបចំសម្រាប់សាធារណជនដោយមិនបង់ប្រាក់ ចំពោះឆ្នេរអូរឈើទាលទី១ គឺជាទីកន្លែងសម្រាប់អាជីវករប្រកបរបរពីមុនមក។ ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍតំបត់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំឱ្យមានគំរូស្តង់ដា។
 

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ។ រូបភាព៖​ រដ្ឋបាលខេត្តព្រះសីហនុ

អ្នកនាំពាក្យខេត្តរូបនេះ បញ្ជាក់ដូច្នេះ៖ «ឆ្នេរអូរឈើទាលទី២ ឆ្នេរអូរត្រេះទី១ ឆ្នេរអូរត្រេះទី២ និងឆ្នេរជំទាវម៉ៅ ជាឆ្នេរសាធារណៈដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ ឬជួលកន្ទេល តង់ កៅអី និងសម្ភារលក់ដូរផ្សេងៗ នៅលើឆ្នេរ។ ជាពិសេសនោះគឺ ការយកទីតាំងសាធារណៈ ទៅធ្វើជាឆ្នេរឯកជននេះតែម្តង» ។
 
ករណីរដ្ឋបាលក្រុងព្រះសីហនុ ផ្សព្វផ្សាយនេះ គឺជាការក្រើនរម្លឹកបន្ថែមដល់សាធារណជន និងអាជីវករដែលតែងតែងដាក់តាំងសម្ភារលក់ដូរលើឆ្នេរទាំងនេះ។ អ្វីសំខាន់ទៅទៀតនោះ គឺដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត អាចសម្រាក បោះតង់ រួមទាំងការប្រើប្រាស់បន្ទប់ទឹកសាធារណៈ ដោយមិនមានការបង់ប្រាក់ផងដែរ។
 
លោក ឃាង ភារម្យ ក៏បានអំពាវនាវដល់សាធារណជន ដែលមកកម្សាន្តនៅតាមឆ្នេរសាធារណៈ ដែលជួបករណីបុគ្គលណាម្នាក់ទៅលក់ដូរ ជួលនៅទីតាំងទាំងនោះ ត្រូវរាយការណ៍មកអាជ្ញាធរក្រុង ដើម្បីមានវិធានការណាមួយ។ ករណីប្រជាពលរដ្ឋ ជួបករណីទារប្រាក់នៅតាមឆ្នេរសាធារណៈ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩៦ ៧២៣ ៦៦០០៕
 
 

Tag:
 ThmeyThmey
  ក្រុងព្រះសីហនុ
  ឆ្នេរសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com