ជាតិ
វីដេអូ
ឆ្នាំនេះ ត្រីត្រូវច្រើន ប៉ុន្ដែបែរជា​មិន​សូវមានអ្នកទិញ
05, Jan 2023 , 11:29 am        
រូបភាព
(FRONT ឆ្នាំនេះត្រីត្រូវច្រើន តែពលរដ្ឋខ្មែរអ៊ិស្លាមស៊ីឈ្នួលកាត់ត្រីផ្អកដោយដៃនៅច្រាំងចំរេះ១ បែររកចំណូលបានតិច) ។ ​​
(FRONT ឆ្នាំនេះត្រីត្រូវច្រើន តែពលរដ្ឋខ្មែរអ៊ិស្លាមស៊ីឈ្នួលកាត់ត្រីផ្អកដោយដៃនៅច្រាំងចំរេះ១ បែររកចំណូលបានតិច) ។ ​​
ដោយ:
ភ្នំពេញ៖  រដូវត្រីត្រូវ ពលរដ្ឋ ធ្វើដំណើរមកទិញត្រីតាមដាយត្រីមួយចំនួន នៅដងទន្លេក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនេះ ពលរដ្ឋខ្មែរអ៊ីស្លាមប្រកបរបស់កាត់ត្រីផ្អកដោយដៃ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លើកឡើងថា ត្រីឆ្នាំនេះត្រូវច្រើន ប៉ុន្ដែអ្នកទិញ មានចំនួនតិច។

 
ចំណែករបរកាត់ត្រីផ្អក ក៏រកចំណូលបានតិចជាងឆ្នាំមុនដែរ។ តម្លៃកាត់ត្រីផ្អក ១០គីឡូក្រាម ២ម៉ឺនរៀល។ ពេលខ្លះ អ្នកកាត់ប្រើវិធីសាស្រ្តម៉ៅតែម្ដង តាមស្ថានភាពជាក់ស្ដែង។ ពលរដ្ឋទទួលស៊ីឈ្មួលកាត់ត្រីផ្អកនៅតំបន់នោះ រកចំណូលបានចន្លោះត្រឹម១៥ ០០០រៀល ទៅ ៦០ ០០០រៀលក្នុងមួយថ្ងៃ។ ឆ្នាំមុនៗគាត់អាចរកបានចន្លោះពី ៤០ ០០០រៀលទៅ ១០ ០០០រៀលក្នុងមួយថ្ងៃ។ 
 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែធ្នូ ដល់ថ្ងៃទី២ ខែមករាឆ្នាំ២០២៣ ផលត្រីនេសាទដាយត្រីនៅភ្នំពេញ និងខេត្តកណ្ដាល ប្រមូលបាន ១៤៨១តោន។ ទិន្នផលនេះ មានការកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ២០២១-២០២២ ដែលផលត្រីបានត្រឹម ៨៩០តោនប៉ុណ្ណោះ។
 
ចំពោះប្រភេទត្រីដែលប្រមូលបានរួមមាន ត្រីរៀល ៤៥ភាគរយ, ស្លឹកឫស្សី៣០ភាគរយ, ខ្នងវែង៥ភាគរយ, កញ្រ្ជូក៣ភាគរយ, ច្រកែង២ភាគរយ, ឈ្វាត៥ភាគរយ និងត្រីចម្រុះ១០ភាគរយ។ ដោយឡែក ពលរដ្ឋមកទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី មានប្រហែល៨ពាន់នាក់  ដោយ៩០ភាគរយជាអ្នកមកពីបណ្ដាខេត្ត។
 
ផលនេសាទកើនឡើងនេះ ក្រសួងកសិកម្ម បញ្ជាក់ថា បណ្ដាលមកពីការទប់ស្កាត់នូវបទល្មើសខុសច្បាប់ក្នុងបឹងទន្លេសាប ប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមសហការការពារថែរក្សាចំនួនត្រីនៅក្នុងទឹកសាបពីគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្ដែង និងបទល្មើសខុសច្បាប់គ្រប់ទម្រង់៕
 



















 
 
 

Tag:
 ត្រីផ្អក
  ត្រីប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com