ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន២នៅវៀតណាមបញ្ជាទិញគ្រាប់ចន្ទីពីកម្ពុជា ៧ម៉ឺនតោន ក្នុងឆ្នាំ២០២៣ រូបតំណាង៖ គ្រាប់ចន្ទីកំពុងហាលថ្ងៃនៅក្នុងចម្ការមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ KOSAL FARMS
× ក្រុមហ៊ុនអូឡាំ និងក្រុមហ៊ុនIntersnack ដែលមានទីតាំងរោងចក្រនៅប្រទេសវៀតណាម បានបញ្ជាទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជាចំនួន ៧០ ០០០តោន សម្រាប់ឆ្នាំ២០២៣។ គ្រាប់ចន្ទីស្រស់ដែលក្រុមហ៊ុនទាំងនេះទិញពីកម្ពុជា ដើម្បីយកទៅកែច្នៃលក់បន្តក្នុងតម្លៃខ្ពស់។
បើតាមសមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនអូឡាំ(Olam)បញ្ជាទិញគ្រាប់ចន្ទីពីស្រស់ពីចំនួន៥ម៉ឺនតោន និងក្រុមហ៊ុនIntersnack ក៏បានបញ្ជាទិញចំនួន២ម៉ឺនតោន។ ពាក់ព័ន្ធនឹងការបញ្ជាគ្រាប់ចន្ទីស្រស់ពីកម្ពុជានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ខាងសមាគមនឹងសហការជាមួយប្រជាសហគមន៍ ក្នុងការដឹកជញ្ជូនគ្រាប់ចន្ទីឱ្យក្រុមហ៊ុនដល់ព្រំដែនវៀតណាម។
« យើងបានជជែកជាមួយក្រុមហ៊ុនអូឡាំរួចហើយដែលគេបញ្ជាក់ថាទិញគ្រាប់ចន្ទីពីយើង។ ប៉ុន្តែខាងក្រុមហ៊ុនតម្រូវឱ្យយើងដឹកជញ្ជូនឱ្យគេដល់ព្រំដែនតាមច្រកអូរយ៉ាដាវ[ខេត្តរតនៈគិរី]»។ លោក ស៊ីឡុត និយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបន្តថា៖ «មកទល់ពេលនេះយើងបានទាក់ទងជាមួយសហគមន៍ដែលជាដៃគូសហការផលិតគ្រាប់ស្វាយចន្ទីនាំទៅប្រទេសវៀតណាមហើយ»។
ចំពោះក្រុមហ៊ុន Intersnack ដែលបញ្ជាទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជា២ម៉ឺនតោននោះ នឹងមកចរចា តម្លៃនិងកិច្ចការងារមួយចំនួនជាមួយសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១១មករា ឆ្នាំ២០២៣។ ក្រៅពីក្រុមហ៊ុនដែលមានទីតាំងរោងចក្រនៅវៀតណាមនេះ ក៏មានក្រុមហ៊ុនមកពីប្រទេសឥណ្ឌា ចិន និងប្រទេសផ្សេងៗទៀត បានបញ្ជាទិញគ្រាប់ចន្ទីទាំងស្រស់ និងទាំងកែច្នៃពីកម្ពុជា ផងដែរ។ នេះបើតាមលោក ស៊ីឡុត។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅទីផ្សារអន្តជាតិបាន៦៧ម៉ឺនតោន ស្មើនឹងទឹកប្រាក់១០៧៧លានដុល្លារ។ ការនាំចេញនេះ គឺធ្លាក់ចុះដល់៣៤,៦៥ភាគរយ។ ទីផ្សារប្រទេសធំជាងគេ គឺវៀតណាមដែលបានចូលគ្រាប់ស្វាយពីកម្ពុជា ដល់៦៦ម៉ឺនតោន។
បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា គ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចូលពីកម្ពុជា គឺភាគច្រើនជាប្រភេទគ្រាប់សើម ដែលមានតម្លៃថោកជាងប្រភេទគ្រាប់ចន្ទីស្រស់។ លោក ស៊ីឡុត បញ្ជាក់ថា៖ «ពួកគេ[ឈ្មួញវៀតណាម]ទិញមកយកហាលនៅតាមព្រំដែន និងសម្រាំងគុណភាពគ្រាប់។ គ្រាប់ណាមានគុណភាពគឺគេលក់ឱ្យរោងចក្រកែច្នៃ និងគ្រាប់ដែលអន់ឬមិនល្អគឺគេលក់ឱ្យរោងចក្រកៀបប្រេង»៕
Tag:
កសិកម្ម
ចន្ទី
លោក អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com