ជាតិ
សេដ្ឋកិច្ច
អ្នកមានប្រាក់បៀវត្សត្រឹម ១លាន៥សែនរៀល មិនជាប់ពន្ធឡើយ!
05, Jan 2023 , 9:59 pm        
រូបភាព
រូបតំណាង៖ បុគ្គលិករបស់ក្រុមហ៊ុនមួយកន្លែងនៅរាជធានីកំពុងបំពេញការងារប្រចាំថ្ងៃរៀងៗខ្លួន នាថ្ងៃទី៥មករា​ ឆ្នាំ២០២២
រូបតំណាង៖ បុគ្គលិករបស់ក្រុមហ៊ុនមួយកន្លែងនៅរាជធានីកំពុងបំពេញការងារប្រចាំថ្ងៃរៀងៗខ្លួន នាថ្ងៃទី៥មករា​ ឆ្នាំ២០២២
ប្រាក់បៀវត្ស​ទាបបំផុតដែល​ជាប់ពន្ធ៥ភាគរយ​ក្នុងចំនួនលើស ១​លាន​៣​សែន​រៀល ​ត្រូវបាន​ដំឡើង​ដល់លើសពី ​១​លាន​៥សែន​រៀល​។ នេះជាការបន្ធូរបន្ថយរបស់រដ្ឋាភិបាលលើប្រាក់បៀវត្សដែលត្រូវអនុវត្តចាប់ពីមករា ឆ្នាំ២០២៣តទៅ។

 
ពលរដ្ឋដែលទទួលបានប្រាក់បៀវត្សលើសពី១លាន៥សែនរៀលទើបជាប់ពន្ធ។ មានន័យថា អ្នកដែលមានប្រាក់បៀវត្សត្រឹម១លាន៥សែនរៀល គឺមិនជាប់ពន្ធឡើយ។ នេះបើយោងតាមសេចក្តីណែនាំស្តីពី ការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំចុងឆ្នាំ២០២២។​
 


ក្រសួងសេដ្ឋកិច្ចបន្តរៀបរាប់ថា សម្រាប់ពលរដ្ឋដែលមានបៀវត្សលើសពី ២លានរៀលដល់ ៨លាន៥សែនរៀលត្រូវជាប់ពន្ធ១០ភាគរយ។ អ្នកដែលមានប្រាក់បៀវត្សលើសពី ៨លាន៥សែន ដល់ ១២លាន៥សែន រៀល ត្រូវជាប់ពន្ធ១៥ភាគរយ ហើយអ្នកដែលមានបៀវត្សលើសពី១២លាន៥សែនរៀល ត្រូវជាប់អត្រាពន្ធ២០ភាគរយ។ 
 
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់សារព័ត៌មានថ្មីៗថា ការអនុគ្រោះបន្ធូរបន្ថយពន្ធលើប្រាក់បៀវត្សរបស់រដ្ឋាភិបាលនាពេលនេះ គឺការចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់អ្នកដែលមានចំណូលតិច ។
 
គិតមកទល់បច្ចុប្បន្ន កម្ពុជា​បានធ្វើ​វិសោធនកម្ម​ច្បាប់ទាក់ទង​នឹង​ប្រាក់បៀវត្ស​អប្បបរមាដែល​ត្រូវ​ជាប់ពន្ធ ចំនួន​៥​លើក​រួចមកហើយ។ លើកទីមួយ៖ ចំនួន​ប្រាក់បៀវត្ស​រួច​ពន្ធ៥០​ម៉ឺនរៀល ត្រូវបាន​កែ​មក៨០​ម៉ឺន​រៀល​រួច​ពន្ធ​នៅ​ឆ្នាំ​២០១៥។ លើក​ទី​ពីរ៖ ​ដំឡើង​ដល់​១​លាន​រៀលនៅក្នុង​ឆ្នាំ​២០១៧, ​លើក​ទី​បី៖​ ​ដំឡើង​ដល់​១​លាន​២​សែន​រៀល​ក្នុង​ឆ្នាំ​២០១៨, លើកទីបួន៖ ដំឡើងដល់១លាន៣សែនរៀលក្នុងឆ្នាំ២០២០។ សម្រាប់លើកទីប្រាំ៖ ពន្ធ​ប្រាក់បៀវត្សនេះត្រូវបានដំឡើងលើសពី១លាន៥​សែនទើបជាប់ពន្ធ ដែលត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ៕ 
 

Tag:
 ពន្ធលើប្រាក់បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com