ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ​​​​​​​​​​​​​​​មេប៉ុស្តិ៍អន្សាចំបក់ ប្ដេជ្ញាលុបបំបាត់សកម្មភាពក្មេងទំនើង ដើម្បីឆ្លើយតបនឹងសំណើពលរដ្ឋ ​
06, Jan 2023 , 10:29 am        
រូបភាព
ដោយ៖ បូ ចាន់រ៉ា (យុវជនឃុំអន្សាចំបក់) 
 
​ស្រុកក្រគរ, ពោធិ៍សាត់៖ សកម្មភាពក្មេងទំនើង បានបង្កភាពអសន្ដិសុខនានា ដល់ពលរដ្ឋ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បញ្ហាក្មេងទំនើង មិនងាយដោះស្រាយនោះទេ ប៉ុន្តែមេប៉ុស្តិ៍អន្សាចំបក់ បានប្ដេជ្ញាលុបបំបាត់រាល់បញ្ហាអសកម្មទាំងអស់ ដែលចេញពីក្មេងទំនើង ដើម្បីធានាថា ភូមិ ឃុំ មានសុវត្ថិភាព។

 
លោក ថេត សុវត្ថធី នាយប៉ុស្តិ៍នគរបាលអន្សាចំបក់ បានលើកឡើងថា ក្មេងទំនើង ជាបញ្ហាប្រឈមមួយ របស់ប៉ុស្តិ៍នគរបាលអន្សាចំបក់ ដោយសារតែ តំបន់មួយនេះ ជាប់នឹងខេត្តកំពង់ឆ្នាំង។ ព្រំប្រទល់ ជាតំបន់ស្មុគស្មាញ ដោយមានរដ្ឋបាលពីរ ដែលទាមទារឱ្យមានការរួមដៃគ្នា ដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង។ 
 
លោក ថេត សុវត្ថធី រៀបរាប់ថា សព្វថ្ងៃ ក្មេងទំនើង អាចបង្កចលាចលនៅខេត្តកំពង់ឆ្នាំង ហើយរត់គេចខ្លួនទៅខេត្តពោធិ៍សាត់ ឬពួកគេអាចបង្កហេតុនៅខេត្តពោធិ៍សាត់ ហើយគេចខ្លួន ទៅខេត្តកំពង់ឆ្នាំងវិញ។ នេះមូលហេតុដែលធ្វើឱ្យសមត្ថកិច្ច ពិបាកកំណត់មុខសញ្ញា និងតាមចាប់ខ្លួន។ 
 
​ដើម្បីដោះស្រាយបញ្ហានេះ ប៉ុស្តិ៍នគបាលអន្សាចំបក់ បានជំរុញការផ្សព្វផ្សាយ និងដាក់វិ​ធាន​ការតាមផ្លូវច្បាប់ ក្នុងករណីណែនាំហើយតែមិនរាងចាល។ បច្ចុប្បន្ន ក្មេងទំនើងភាគច្រើន កើតចេញពីការប្រើប្រាស់គ្រឿងញៀន។ នៅឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលអន្សាចំបក់ បង្រ្កាបបានក្មេងទំនើងចំនួន ២ករណី។
 
បើតាម លោក ថេត សុវត្ថធី ប្រសិនបើគ្រប់គ្រងក្មេងទំនើងមិនបានល្អ នឹងបង្កភាពអសន្តិសុខយ៉ាងខ្លាំងដល់សហគមន៍ ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងផ្ដល់គំរូមិនល្អដល់យុវជនជំនាន់ក្រោយ។
 
កន្លងទៅប៉ុស្តិ៍នគរបាលអន្សាចំបក់ បានដាក់គោលដៅយាមល្បាតនៅពេលយប់ និងបង្រ្កាបសូម្បីតែ អ្នកបង្ហោះម៉ូតូ ឬប្រើប្រាស់បំពង់សំឡេងឮជាដើម។ ​«ខ្ញុំជឿថា នៅឃុំណាក៏មានក្មេងទំនើងដែរ ប៉ុន្តែ ក្រោមការខិតខំរបស់ប៉ុស្តិ៍ គឺយើងព្យាយាម ទប់ស្កាត់ បង្កា បង្រ្កាប និងផ្សព្វផ្សាយ គ្រប់បែបយ៉ាង។ អ៊ីចឹង ខ្ញុំចង់និយាយ យើងបានផ្សព្វផ្សាយ គ្រប់បែបយ៉ាងហើយ ប៉ុន្តែ បើគាត់(ក្មេងទំនើង) នៅតែប្រព្រឹត្ត យើងនឹងអនុវត្តតាមផ្លូវច្បាប់»។ លោក ថេត សុវត្ថធី បញ្ជាក់ដូច្នេះ រួចបន្តថា ក្នុងមួយខែ ប៉ុស្តិ៍នគរបាលអន្សាចំបក់ ជំរុញការផ្សព្វផ្សាយពី ៧ទៅ ១០លើក តាមបណ្ដាភូមិចំនួន ៧។ ជាមួយគ្នានេះ លោក ថេត សុវត្ថធី បានលើកទឹកចិត្តឱ្យពលរដ្ឋក្លាយហាន រាយការណ៍នូវព័ត៌មានដែលពិត ដល់សមត្ថកិច្ច ដើម្បីងាយស្រួលគ្រប់គ្រង និងបង្រ្កាបទាន់ពេលវេលា៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ប៉ុស្តិ៍នគរបាលអន្សាចំបក់
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com