ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអូរសណ្ដាន់ថា ការផ្ដល់សេវារដ្ឋបាលដ៏ល្អ​ជូនពលរដ្ឋ ជា​កាតព្វកិច្ចរបស់អា​ជ្ញា​ធរ
07, Jan 2023 , 8:29 am        
រូបភាព
ដោយ៖ បុត្រ លក្ខិណា(យុវជនឃុំអន្លង់ត្នោត)

ពោធិ៍សាត់៖ ឃុំអូរសណ្ដាន់មានផ្ដល់សេវាជាច្រើនដូចជា ធ្វើអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណភាព​ ការវាស់វែងដីធ្លី និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ល។ បើតាមលោក ម៉ម ធន មេឃុំអូរសណ្ដាន់ ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរនៅក្នុងមូលដ្ឋាន។

 
លោក ម៉ម ធន មេឃុំអូសណ្តាន់ បានឱ្យដឹងថា នៅឆ្នាំ២០២១-២០២២ ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ មានពេលខ្លះក៏ប្រសើរ ពេលខ្លះក៏មិនបានល្អ  ព្រោះប្រជាពលរដ្ឋខ្លះពុំទាន់យល់ច្បាស់ពី ឯកសារពាក់ព័ន្ធដែលតម្រូវសម្រាប់ការរៀបចំឯកសារ។ ប៉ុន្តែភាគច្រើនពលរដ្ឋ គឺមានការយល់យល់ និងនៅរង់ចាំទទួលសេវាតាមលំដាប់លំដោយនៅពេលដែលពួកគេ​មកទទួលសេវាពីរដ្ឋបាលឃុំ។

លោក ម៉ម ធន មេឃុំអូរសណ្ដាន់
 
ដោយសង្កេតឃើញបែបនេះ អាជ្ញាធរឃុំបានស្នើសុំដាក់ជំនួយការចំនួន ២នាក់ទៀត ដើម្បីជួយសម្រួលដល់ការផ្ដល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័សជាងមុន។ ជុំវិញការចុះបញ្ជីស្មាម ធ្វើអត្រានុកូលដ្ឋានទាំង៣ មានសំបុត្រកំណើត សំបុត្រមរណភាព និងសំុបុត្រអាពាហ៌ពិពាហ៌ រួមទាំងធ្វើឯកសារផ្សេងៗទៀត។ លោក ម៉ម ធន បញ្ជាក់ថា៖« ពួកខ្ញុំធ្វើគ្មានពេលលស់មួយថ្ងៃទេ ចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ ប្រសិនបើមានតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ពិសេសកម្មកររោងចក្រ»។
 
មេឃុំរូបនេះ​បានបន្តថា ប្រជាពលរដ្ឋដែលនៅក្នុងឃុំ ​មកធ្វើឯកសារនៅថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។ រីឯពលរដ្ឋដែលទៅធ្វើការតាមរោងចក្រ ឬទៅធ្វើការនៅតាមបណ្ដាខេត្តឆ្ងាយៗ គឺអាចមកធ្វើនៅថ្ងៃសៅរ៍-អាទិត្យ ព្រោះនៅឃុំមានក្រុមងារប្រចាំការជារៀងរាល់ថ្ងៃ។ «ខ្ញុំបានរៀបចំផែនការនេះ ដើម្បីជួយដល់ពលរដ្ឋក្នុងឃុំ អាចមកទទួលសេវាគ្រប់ៗគ្នា ជៀសវាងការចំណាយពេល ការចំណាយសេវាក្រៅផែនការច្រើន ឬសេវាឯកជន ទើបខ្ញុំរៀបចំឡើងយ៉ាងយកចិត្តទុកដាក់»។ នេះបើតាមលោក ម៉ម ធន មេឃុំអូរសណ្ដាន់ បានលើកឡើង ដោយបានបន្ថែម​ថា ចំពោះការធ្វើឯកសារខ្លះ មិនមានគិតកម្រៃសេវានោះទេ ហើយឯកសារខ្លះ មានគិតកម្រៃទៅតាមតម្លៃ ដែលបានបិទនៅលើក្ដារខៀន។ ប៉ុន្តែបើពលរដ្ឋ ​ឱ្យ​កម្រៃតាមបនោសញ្ចេតនា អ្នកផ្តល់សេវាអាចទទួល តែមិនកំណត់ទេ។


 
ជាមួយគ្នានេះ លោក ម៉ម ធន បានសំណូមពរឱ្យប្រជាពលរដ្ឋនៅក្នុងឃុំអូរសណ្ដាន់ ជជែកគ្នាដោយបើកចំហត្រង់ទៅត្រង់មក ប្រសិនបើមានរឿងអ្វីមិនពេញចិត្ត ដើម្បីងាយស្រួលដោះស្រាយរាល់បញ្ហាដែលពួកគេជួបប្រទះ ជៀសវាងការនិយាយតៗគ្នា។ លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមានសរុប ២ ០១២គ្រួសារ ដោយមានពលរដ្ឋជាង ​ ៦ ៨៧៦នាក់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ផ្ដល់សេវាសាធារណ
  ឃុំអូរសណ្ដាន់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com