ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ករណីរំលោភបំពានផ្លូវភេទ ជាក្ដីកង្វល់ធំរបស់យុវតី និងស្ត្រី ក្នុងឃុំក្បាល​ត្រាច
06, Jan 2023 , 6:59 pm        
រូបភាព
យុវតីក្នុងឃុំក្បាលត្រាច ខេត្តពោធិ៍សាត់ បារម្ភពីការរំលោភបំពានផ្លូវភេទ។
យុវតីក្នុងឃុំក្បាលត្រាច ខេត្តពោធិ៍សាត់ បារម្ភពីការរំលោភបំពានផ្លូវភេទ។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច) 
 
ស្រុកក្រគរ, ពោធិ៍សាត់៖ ​ស្ត្រី និងយុវតីមួយចំនួន នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ចំពោះករណីរំលោភបំពានផ្លូវភេទនៅក្នុងឃុំ ខណៈកន្លងទៅថ្មីៗនេះ ​ធ្លាប់មានករណីចាប់រំលោភមិនបានសម្រេចមួយករណី ​លើកុមារីមួយរូបនៅក្នុងឃុំ។ បើតាម​ពលរដ្ឋទាំងនោះ អសុវត្ថិភាពនៅក្នុងឃុំ ក៏ទំនងមកពីនៅក្នុងឃុំ មានករណីប្រើប្រាស់គ្រឿងញៀន រីឯទីតាំងផ្លូវស្ងាត់មួយចំនួនក្នុងភូមិគ្មាន​ភ្លើងបំភ្លឺពេលយប់។

 
កញ្ញា ហ៊ុយ សុភា ជាយុវតីមួយរូបរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ខេត្តពោធិ៍សាត់ ដែលបានលើកឡើងពីកង្វល់របស់ខ្លួន ជុំវិញបញ្ហារំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនេះ។ សម្រាប់យុវតី វ័យ១៨ឆ្នាំរូបនេះ បញ្ហានេះធ្វើឱ្យ​ខ្លួនមិនមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើដំណើរ ឬមានអារម្មណ៍ខ្លាចរអា រាល់ពេលធ្វើដំណើរពេលយប់។ «ខ្ញុំខ្លាចតើ​! ខ្លាចវា(ករណីរំលោភ)កើតឡើង​ ដែលបង្កដោយសារពួកបែកថ្នាំបែកអី។ ហើយម្ដុំនេះសុទ្ធតែស្រីៗ។ ពេលយប់មិនទាន់ទេ ចូលផ្ទះអស់ហើយ»។ នេះជាការលើកឡើងរបស់ កញ្ញា ហ៊ុយ សុភា ជុំវិញកង្វល់ពីការរំលោភបំពានលើស្ត្រី និងកុមារីក្នុងមូលដ្ឋានខ្លួន។ 
 
 

កញ្ញា ហ៊ុយ សុភា ជាយុវតីមួយរូបរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ខេត្តពោធិ៍សាត់ ។

កញ្ញា ហ៊ុយ សុភា ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចខ្លួន បង្កើនការយកចិត្តទុកដាក់ ក្នុងការចុះយាមល្បាត ឱ្យបានញឹកញាប់ និងទៅដល់តំបន់ដែលប្រឈម នឹងហានិភ័យ ដូចជាទីងងឹតគ្មានភ្លើងបំភ្លឺផ្លូវ ឬកន្លែងស្ងាត់ជាដើម និងការភ្លើងបំភ្លឺនៅតាមទីតាំងប្រឈមទាំងនោះ។ 
 
ជាមួយគ្នានេះ អ្នកស្រី ឈឺន ឈុន ដែលជាអាណាព្យាបាលរបស់ កញ្ញា សុភា ក៏បង្ហាញក្ដីកង្វល់របស់ខ្លួនផងដែរ ជុំវិញបញ្ហាការរំលោភផ្លូវភេទលើស្ត្រី និងកុមារីក្នុងមូលដ្ឋានខ្លួន។ ស្របនឹងក្ដីកង្វល់នេះ អ្នកស្រីថា កន្លងមកខ្លួនមិនដែលបង្ហាញក្ដីកង្វល់ខ្លួនទៅកាន់អាជ្ញាធរមានសមត្ថកិច្ចបានដឹងឡើយ ប៉ុន្តែអ្នកស្រីតែទូន្មានកូនៗរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងមិនឱ្យធ្វើដំណើរពេលយប់តែម្នាក់ឯងឡើយ។ 
 

 អ្នកស្រី ឈឺន ឈុន ដែលជាអាណាព្យាបាល កញ្ញា សុភា ។

ជុំវិញបញ្ហាការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារី នៅក្នុងភូមិ-ឃុំ ក្បាលត្រាចនេះ គឺជាការយកចិត្តទុកដាក់មួយ ក្នុងការរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព សម្រាប់ពលរដ្ឋ ជាពិសេសស្រ្តី និងកុមារី ពីកម្លាំងសមត្ថកិច្ច។ 
 
​លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ​បញ្ជាក់ថា ក្នុងឃុំធ្លាប់មានករណីចាប់ប៉ុនប៉ង​រំលោភលើក្មេងស្រីមិនបានសម្រេចមួយករណី ដែលកើតឡើង កាលពីដើមឆ្នាំ២០២២។  ​លោកពន្យល់បន្ថែថា៖ «រយៈពេល៣ឆ្នាំដែលឆ្នាំមកកាន់មកនេះ បើប្រៀបធៀបនឹងពីមុនៗ ឃើញថាមានការថយចុះ។ ពាក់ព័ន្ធនឹងបទល្មើសរំលោភ ដោយសារតែមានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ដូច្នេះមួយរយៈចុងក្រោយនេះ ខាងប៉ុស្ដិ៍បានចុះចាប់ បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៅ
ហើយបទល្មើសហ្នឹង(រំលោភ)ហ្នឹងក៏វាថយ»។ 
 

លោក ម៉ៅ រដ្ឋា នាយប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។ 

ក្រៅពីការចុះបង្ក្រាបមុខសញ្ញាបទល្មើសគ្រឿងញៀនដែលបង្កជាការរំលោភបំពានកុមារី និងស្ត្រីនេះ លោកមេប៉ុស្ដិ៍បញ្ជាក់ថា សមត្ថកិច្ចក៏បានចុះផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់បន្ថែមទៀតដែរលើកូនៗរបស់ពួកគេ ជុំវិញការធ្វើដំណើរទៅកាន់ទីកន្លែងស្ងាត់ផ្សេង​ៗ​​។ បើទោះបីបច្ចុប្បន្នស្ថានភាពការរំលោភបំពានផ្លូវភេទ មិនមានការកើតឡើង ក៏សមត្ថកិច្ចនៅតែបារម្ភ និងមានសកម្មភាពចុះផ្សព្វផ្សាយ បង្ក្រាប និងតាមដានជាប់ជាប្រចាំដែរដើម្បីបង្ការកុំឱ្យកើតមានឡើង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគ្រប់រូប តាមភូមិនីមួយៗ មានលេខទូរស័ព្ទសមត្ថកិច្ចគ្រប់ដៃ ដើម្បីទាក់ទង ពេលមានករណីកើតឡើង ឬរាយការណ៍ផ្សេងៗជាដើម៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  សុវត្ថិភាពស្រ្តី និងកុមារ
  ពោធិ៍សាត់
  ក្បាលត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com