កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lahoz អាជ្ញាកណ្តលពិន័យកាតច្រើនជាងគេ ៣ប្រកួតចុងក្រោយត្រូវបានដកការងារពី La Liga
06, Jan 2023 , 9:29 pm        
រូបភាព
លោក Antonio Mateu Lahoz ត្រូវបានដកតំណែងក្នុងការងារអាជ្ញាកណ្តាលកាត់ក្តីក្នុងការប្រកួតក្របខណ្ឌ La Liga បន្ទាប់ពីលោកបានផ្តល់ការពិន័យកាតលឿងជាច្រើនបំផុតអំឡុងការប្រកួតរវាងក្រុមកំពូលតារាង Barcelona ទល់ ​Espanyol សប្តាហ៍មុន។



លោក Lahoz ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនាជំនួបតំបន់ ​Catalan Derby កាលពីថ្ងៃទី៣១ ធ្នូ នៃពិធីអបអរឆ្នាំថ្មី លោកបានចំណាយកាតលឿងដល់ទៅចំនួន ១៥កាត ទៅលើកីឡាករចំនួន ១៣នាក់លើទីលាន រួមទាំងលោក Xavi អ្នកចាត់ការទូទៅ Barca ផងដែរ។ ចំណោមកីឡាករទាំង ១៣រូបនេះ ខ្សែការពារស្លាប Jordi Alba របស់ Barca ទទួលបានកាត់លឿង​ ២លើកស្មើកាតក្រហមបណ្តេញចេញ និង Vinicius Souza កាតលឿង ២លើកស្មើកាតក្រហមបណ្តេញចេញដូចគ្នា។ លោក Lahoz រងការរិះគន់យ៉ាងខ្លាំងក្រោយជំនួបនោះ។
 
ក្រុម Espanyol ក្នុងការប្រកួតនោះជាក់ស្តែងទទួលបានសំណាងដែលគេចផុតពីការបាត់បង់កីឡាករលើទីលានត្រឹមតែ ៩នាក់ បន្ទាប់ពីកីឡាករ Souza ត្រូវបានបណ្តេញចេញ។ ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR បានពិនិត្យសកម្មភាពរបស់កីឡាករ Leandro Cabrera និងបានជួយរូបគេដកការពិន័យវិញ បន្ទាប់ពី​ទទួលបានកាតលឿងលើកទីពីរពីលោក Lahoz ក្រោយពេលបង្កកំហុសលើខ្សែប្រយុទ្ធ Robert Lewandowski។ 
 
​ក្រោយការប្រកួតរវាង Barca និង Espanyol បញ្ចប់ទៅលោក Mateu Lahoz នៅថ្ងៃទី៤ ខែមករា បានផ្តល់កាតក្រហមទៅកាន់គ្រូបង្វឹករបស់ Sevilla លោក Jorge Sampaoli ក្នុងការប្រកួតបានត្រឹមតែ ១៨នាទី។ ការប្រកួតនោះ Sevilla យកឈ្នះ ៥-០ លើក្រុម Linares ក្នុងពានរង្វាន់ Copa del Rey។
 
ទោះយ៉ាងក្តីនៅថ្ងៃទី៥ ខែមករា សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះអាជ្ញាកណ្តាលដែលនឹងត្រូវកាត់សេចក្តីការប្រកួតក្របខណ្ឌ La Liga ជំនួបសប្តាហ៍ទី ១៦ នៃរដូវកាល ២០២២-២៣ ប៉ុន្តែក្នុងនោះមិនមានវត្តមានលោក Lahoz ឡើយ។ 
 
មិនត្រឹមតែការប្រកួតក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ឡើយ អាជ្ញាកណ្តាលរូបនេះត្រូវបានកីឡាករអ្នកចាំទីអាហ្សង់ទីន Emiliano Martinez រិះគន់ដោយចំៗថាគ្មានប្រយោជន៍ ក្រោយពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយឈ្នះលើហូឡង់ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។ ពេលការប្រកួត World Cup នោះអាជ្ញាកណ្តាលសញ្ញាតិអេស្ប៉ាញបានផ្តល់កាតដល់កីឡាករក្នុងទីលានចំនួនដល់ទៅ ១៥កាតលឿង និងកាតក្រហម ២ ក្នុងកីឡដ្ឋាន Lusail Iconic កាលនោះ។​ 
 
ក្រោយការប្រកួតនោះទៀតសោតខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក៏បានបង្ហាញអារម្មណ៍របស់គេចំពោះទង្វើរលោក Kahoz ថាជារឿងដែលមិនគួរកើតឡើង ហើយថែមទាំងរិះគន់ចំពោះលោក Lahoz ថាមិនមានសមត្ថភាពកាត់សេចក្តីការប្រកួតដ៏កំពូលលើពិភពលោក ដោយសារតែមិនព្រមពិចារណាឱ្យត្រឹមត្រូវលើកំហុសលើទីលាន៕
 
 
 
 

Tag:
 Antonio Mateu Lahoz
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com