ជាតិ
ភ្ញៀវទេសចរ ទៅលេងភ្នំឱរ៉ាល់ ធ្លាក់ចុះ៥០ភាគរយ នៅឆ្នាំ២០២២
06, Jan 2023 , 9:59 pm        
រូបភាព
 រូបភាពពីសហការី
រូបភាពពីសហការី
រយៈពេលមួយឆ្នាំ នៃឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរទៅឡើងភ្នំឱរ៉ាល់ បានថយចុះប្រមាណ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ការថយចុះនេះ គឺដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ​ពិបាកដល់ការធ្វើដំណើររបស់ទេសចរ។



ភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ កន្លងមកទោះមានវិបត្តិកូវីដ-១៩ ក៏តំបន់ទេសចរណ៍មួយនេះ នៅតែមានភ្ញៀវទេសចរទៅកម្សាន្តរាប់ពាន់នាក់ផងដែរ។ ដោយឡែកក្នុងឆ្នាំ២០២២ ភ្នំឱរ៉ាល់មានទេសចរទៅកម្សាន្តប្រមាណ២៧២៩នាក់ប៉ុណ្ណោះ។ លោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ ប្រាប់ ThmeyThmey25 ថា ចំនួននេះបានថយចុះប្រមាណ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានទេសចរសរុបជាង៥ពាន់នាក់ឯណោះ។
  

រូបភាពពីសហការី
 
«ឆ្នាំហ្នឹងភ្ញៀវធ្លាក់ខ្លាំង ជាងពាក់កណ្ដាល មានតែជាង២ពាន់នាក់ទេ ហើយជនបរទេស២៧៩នាក់»។ នេះជាការលើកឡើងរបស់លោក ឈីម ដែលបន្តថា ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ធ្វើឱ្យផ្លូវដាច់ ពិបាកដល់ការធ្វើដំណើររបស់ភ្ញៀវ។ ម្យ៉ាងទៀត នៅលើភ្នំឱរ៉ាល់ក៏បែងចែកសហគមន៍ផ្សេងៗ ដូច្នេះចំនួនភ្ញៀវក៏បែងចែកផងដែរ។
 
យ៉ាងណា ការថយចុះចំនួនភ្ញៀវទេសចរ បានបង្កក្ដីកង្វល់ដល់ពលរដ្ឋក្នុងសហគមន៍ ដ្បិតពួកគេត្រូវបាត់បង់ចំណូលមួយផ្នែកធំពីការងារទេសចរណ៍នេះ។ លោក ឈឺន ឈីម អះអាងថា នៅពេលគ្មានភ្ញៀវដូច្នេះ អ្នកខ្លះត្រូវទៅធ្វើការឱ្យក្រុមហ៊ុនវិនិយោគជិតៗ ខ្លះធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ហើយខ្លះទៀតក៏ចូលព្រៃផងដែរ។ មគ្គុទ្ទេសក៍ទេសចររូបនេះលើកឡើងដូច្នេះ៖«សហគមន៍មិនអាចធ្វើអ្វីបានលើសហ្នឹងទេ។ បើអត់ភ្ញៀវ មានតែទៅធ្វើកម្មករ ហើយធ្វើស្រែ ចូលព្រៃវិញតែប៉ុណ្ណឹងឯង»។ ក្រៅពីភ្នំឱរ៉ាល់ ទេសចរទៅកម្សាន្តនៅភ្នំខ្នងផ្សា ក៏ថយច្រើនដូចគ្នាផងដែរ៕
 

រូបភាពពីសហការី
 


Tag:
 ឱរ៉ាល់
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com