ជាតិ
ផ្សោតងាប់១១ក្បាល នៅឆ្នាំ២០២២
06, Jan 2023 , 4:49 pm        
រូបភាព
 រយៈពេល១២ខែផ្សោតស្លាប់ចំនួន១១ក្បាល ដោយភាគច្រើនជាសត្វពេញវ័យ
រយៈពេល១២ខែផ្សោតស្លាប់ចំនួន១១ក្បាល ដោយភាគច្រើនជាសត្វពេញវ័យ
ដោយ:
ភ្នំពេញ៖ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេល១២ខែក្នុងឆ្នាំ២០២២។ ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។ រយៈពេល ៣ឆ្នាំចុងក្រោយ ផ្សោត បានបាត់បង់ជីវិតសរុបចំនួន ២៩ ក្បាល។

 
ផ្សោតវ័យជំទង់ទី១ បានស្លាប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ ផ្សោតទី២ពេញវ័យ បានស្លាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ វាមានលេខសម្គាល់ខ្លួន៣៥ និងជាផ្សោតទឹកសាបមួយក្បាលចុងក្រោយ នៅក្នុងអន្លង់ឈើទាលខេត្តស្ទឹងត្រែង។ មុនពេលផ្សោតនេះស្លាប់ វាបានស្រកទម្ងន់ពី២០០គីឡូក្រាម មកត្រឹម១០០គីឡូក្រាម បន្ទាប់ពីមានរបួសដោយសារជាប់មងនៅផ្នែកកន្ទុយក្នុងអំឡុងខែមករាកន្លងទៅ។ ផ្សោតនោះ ត្រូវបានអណ្ដែតនៅចំណុចកោះល្ង ក្នុងឃុំព្រះរំកិល ខេត្តស្ទឹងត្រែង។ 
 

     ខែកុម្ភះ ឆ្នាំ២០២២ )ផ្សោតមួយក្បាលគត់លេខ៣៥។ រូបភាពដោយ WWF។

ផ្សោតទី៣ ជាកូនផ្សោត ស្លាប់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២។ ផ្សោតទី៤ ជាកូនផ្សោត ដែលបានស្លាប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកឯ ផ្សោតទី៥ ពេញវ័យ ភេទឈ្មោល បានស្លាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ផ្សោតនេះ មានទម្ងន់ ៩៣គីឡូក្រាម ប្រវែង ២១៥សង់ទីម៉ែត្រ។ ផ្សោតនេះ បានអណ្ដែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ ផ្សោតទី៥នេះ មានស្នាមរបួសនៅលើកន្ទុយ និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោមនៃព្រុយខ្នងរបស់វា។ 
  

 ផ្សោតឈ្មោល ​ទម្ងន់ ៩៣គីឡូក្រាម ងាប់ក្នុងខែ ឧសភា ឆ្នាំ២០២២។ រូបភាពដោយ WWF។

ផ្សោតទី៦ ជាកូនផ្សោត ដែលបានស្លាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ចំពោះផ្សោតទី៧ ជាកូនផ្សោតអាយុប្រមាណ៦សប្ដាហ៍ ភេទឈ្មោល ស្លាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ វាត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ នៅជិតអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ 
  

 កូនផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ៦សប្ដាហ៍ ងាប់ថ្ងៃទី០៧ ខែសីហា នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ។ រូបភាពដោយ WWF។

ផ្សោតទី៨ ពេញវ័យ បានស្លាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ ផ្សោតទី៩ វ័យចាស់ ភេទឈ្មោល បានស្លាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ផ្សោតនេះ មានអាយុប្រមាណ២០ឆ្នាំ ដែលត្រូវបានប្រទះឃើញសពអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ស្លាកស្នាមនៅជាប់ខ្លួនរបស់វា អាចងាប់ដោយសារជាប់មងអ្នកនេសាទ។  
  

  សត្វផ្សោតទី៩ ងាប់ថ្ងៃទីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានសពផ្សោតទឹកសាបមួយក្បាល អាយុចន្លោះ១៥ទៅ២០ឆ្នាំ។ រូបភាពដោយ WWF។

ផ្សោតទី៩ ពេញវ័យ មានអាយុចន្លោះ១៥ទៅ២០ឆ្នាំ ប្រវែង២៣០សង់ទីម៉ែត្រ និងទម្ងន់១៦២គីឡូក្រាម ដែលបានស្លាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ផ្សោតនេះ ត្រូវបានអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ផ្សោតទី១០ មានអាយុចន្លោះពី ៧ ទៅ១០ឆ្នាំ ភេទញី ប្រវែង១៩៣សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូក្រាម ដែលត្រូវបានប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
  

ផ្សោតស្លាប់ទី១០ នៅក្នុងឆ្នាំ២០២២។ រូបភាពដោយ WWF។
 
ផ្សោតទី១១ ពេញវ័យ ភេទញី បានស្លាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានទម្ងន់ប្រហែល៩៣គីឡូក្រាម មានប្រវែង១៩៦ សង់ទីម៉ែត្រ និងមានអាយុចន្លោះពី៧ទៅ១០ឆ្នាំ។ វាបានអណ្ដែត នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ ដោយមានស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយផងដែរ។  
 
ការស្លាប់សត្វផ្សោតក្នុងឆ្នាំនេះ បានក្លាយជាក្តីព្រួយបារម្ភខ្លាំង លើការអភិរក្សសត្វព្រៃ និងសត្វប្រភេទកម្រនានានៅក្នុងប្រទេសកម្ពុជា។ ការស្លាប់នោះ បានបង្ហាញយ៉ាងច្បាស់ថា មជ្ឈដ្ឋានរបស់សត្វផ្សោតរស់នៅគឺអសុវត្ថិភាព និងកំពុងប្រឈមខ្លាំង ដោយការគំរាមកំហែងពីគ្រប់ទិសទីទាំងក្នុង និងក្បែរជម្រករបស់វា។
 
ជាមួយគ្នានេះ  លោក សេង ទៀក ប្រធានអង្គការWWF ប្រចាំនៅកម្ពុជាបានប្រាប់សារព័ត៌មានThmeyThme25ថា ការបាត់បង់ផ្សោតទឹកសាប ឆ្នាំនេះពិតជាចំនួនមួយដ៏ច្រើន បើធៀបឆ្នាំមុនៗ។ អង្គការWWF រួមជាមួយមន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងលើការចាត់វិធានការការពារប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងធំតែមួយគត់គឺការការពារអាយុជីវិតប្រភេទសត្វកម្រក្នុងប្រទេសកម្ពុជា។
 
ទន្ទឹមការបារម្ភនេះ លោក សេង ទៀកក៏សង្ឃឹមថា អនុសាសន៍របស់សម្តេច ហ៊ុន សែន ដែលក្រើនរម្លឹកអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យបង្កើនការយកចិត្តទុកដាក់ដល់ការអភិរក្សសត្វផ្សោតកន្លងទៅ អាចជាដំណឹងល្អ សម្រាប់កិច្ចការពារ និងអភិរក្សផ្សោតប្រកបដោយការយកចិត្តទុកដាក់ និងសម្រេចបានប្រសិទ្ធភាពខ្ពស់។
 
ជាមួយគ្នានេះ ប្រធានអង្គការខាងលើ ជឿជាក់ថា អាជ្ញាធរ នឹងចូលរួមសកម្មក្នុងសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទាំងថ្ងៃយប់ ២៤ម៉ោងក្នុងមួយសប្ដាហ៍ នៅក្នុងតំបន់ដែនជម្រកសត្វផ្សោត និងត្រីមេពូជនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ពិសេសជាងនេះ តំបន់ការពារអចិន្រ្តៃយ៍ដែលត្រូវបង្កើតនោះ អាចក្លាយជាទីតាំងស្នូល និងជម្រកសុវត្ថិភាពសម្រាប់ជីវិតសត្វផ្សោត និងត្រីមេពូជរបស់កម្ពុជាផងដែរ។ 
 
គួរបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWFបានប៉ាន់ប្រមាណថា មានសត្វផ្សោតត្រឹមចំនួន៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ចំណែកឯ លទ្ធផលជំរឿនសត្វផ្សោតឆ្នាំ២០២៣ អាចចេញផ្សាយនៅចន្លោះខែតុលា និងវិច្ឆិកាខាងមុខ៕ 
 
 
 

Tag:
 ក្រចេះ
  ស្ទឹងត្រែង
  សត្វផ្សោតទឹកសាប
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com