ជាតិ
រដ្ឋាភិបាលជ្រើសរើសមន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា២៥០នាក់
06, Jan 2023 , 4:49 pm        
រូបភាព
លិខិតរបស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ញើទៅបណ្តារដ្ឋមន្ត្រី និងប្រធានស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី៣ ខែមករា បង្ហាញឲ្យឃើញថា រដ្ឋាភិបាលបានយល់ព្រមផ្តល់ជាគោលការណ៍ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលក្នុងនោះមានមន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រផងដែរ។
 
ក្នុងចំណោមមន្ត្រីដែលរដ្ឋាភិបាល ត្រូវការសម្រាប់ឆ្នាំ២០២៣នោះ មានមន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា២៥០នាក់ បន្ថែមពីលើការជ្រើសរើសមន្ត្រីក្របខណ្ឌ៤៤នាក់ និងមន្ត្រីកិច្ចសន្យា៤៨១នាក់ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម។
 
លក្ខខណ្ឌជ្រើសរើសមន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា ក៏មានលក្ខណៈដូចមន្ត្រីជាប់កិច្ចសន្យាទូទៅ និងគ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យាផងដែរ។ ក្រសួងត្រូវជ្រើសរើសតាមរយៈការប្រឡងប្រជែងជាវិញ្ញាសាសរសេរ ឬសម្ភាសផ្ទាល់មាត់។
 
បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងអាយុយ៉ាងតិច១៨ឆ្នាំ។ មន្ត្រីជាប់កិច្ចសន្យាអាចបើកប្រាក់កម្រៃតាមប្រព័ន្ធធនាគារ ផងដែរ៕

 

Tag:
 មន្ត្រីកិច្ចសន្យា
© រក្សាសិទ្ធិដោយ thmeythmey.com