ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ប្រធានមណ្ឌលសុខភាពស្រយ៉ូវ ​ថាស្រ្តីពពោះកូនដំបូង ពុំសូវយល់ដឹងពីការថែទាំខ្លួន និងគភ៌​
08, Jan 2023 , 8:59 pm        
រូបភាព
អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។
អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។
 ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)
កំពង់ធំ៖ ស្រ្តីដែលពពោះកូនដំបូង គឺ​ពុំសូវយល់មានដឹងពីរបៀបនៃការថែទាំគភ៌ ថែទាំសុខភាព និងការអនាម័យខ្លួនឯងទេ ដូច្នេះហើយទើបក្រុមគ្រូពេទ្យត្រូវពន្យល់ និងណែនាំពួកគេ ពេលទៅទទួលសេវានៅមណ្ឌលសុខភាព។ នេះបើតាមអ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។

 
អ្នកស្រី សនិកា បានលើកឡើងថា នៅមណ្ឌលសុខភាពស្រយ៉ូវ មានស្ត្រីពិនិត្យផ្ទៃពោះចន្លោះពី៨០ទៅ ១០០នាក់ ក្នុងមួយខែ។ ចំណែកអ្នកទៅសម្រាលជាមធ្យមមានពី ៨ទៅ១៥នាក់ ក្នុងមួយខែ។ បើតាមអ្នកស្រី ការផ្ដល់សេវាសុខភាពជូនស្រ្តីមានផ្ទៃពោះ គឺស្រ្តីខ្លះបានយល់ដឹងពីរបៀបថែទាំគភ៌ និងអ្នកខ្លះទៀតចំណេះដឹងទាំងនេះ នៅមានកម្រិត​នៅឡើយ។
ទាក់ទិននឹងរឿងនេះ គ្រូពេទ្យនៅមណ្ឌលសុខភាពស្រយ៉ូវ បានពន្យល់ និងណែនាំស្រ្តីដែលពួកគេពុំសូវមានចំណេះដឹងលើការថែទាំគភ៌ ដោយពន្យល់ពីសារសំខាន់ នៃការបរិភោគរបបអាហារ ការថែទាំខ្លួន និងសារសំខាន់ការរស់នៅមានអនាម័យស្អាតផងដែរ។ ប្រធានមណ្ឌលរូបនេះបន្តថា ចំពោះស្រ្តីដែលមានកូនទី២ ឬទី៣ ពួកគាត់បានយល់ដឹងច្រើនពីការថែទាំគភ៌ និងអនាម័យខ្លួន តែសម្រាប់ស្រ្តីមានកូនដំបូង គឺពួកគេពុំសូវយល់ដឹងនោះទេ ដូច្នេះហើយគ្រូពេទ្យត្រូវពន្យល់ និងណែនាំបន្ថែម។
រយៈពេលដែលស្រ្តីពពោះ ហើយទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព គ្រូពេទ្យបានផ្ដល់ថ្នាំជាតិដែកចំនួន ២ដង គឺលើកទី១ ផ្ដល់ជូន ៦០គ្រាប់ និងលើកទី២ ផ្ដល់ជូនថ្នាំជាតិដែក ៣០គ្រាប់។ អ្នកគ្រូពេទ្យ ឡុង សនិកា លើកឡើងយ៉ាងដូច្នេះ រួចបញ្ជាក់ថា៖ «ថ្នាំជាតិដែក មានសារសំខាន់ណាស់ ដើម្បីជួយដល់គ្រាប់ឈាមកូននៅក្នុងផ្ទៃម្ដាយ និងស្រ្តីពពោះផ្ទាល់ ព្រមទាំងការពារកុំឱ្យពកឆ្អឹងខ្នងកូន និងការពារជំងឺស្លេកស្លាំង»។
មណ្ឌលសុខភាពស្រយ៉ូវ មានគ្រូពេទ្យចំនួន ៩នាក់ ប្រុសម្នាក់ ក្នុងនោះមានពេទ្យឆ្មបចំនួន ៤នាក់។ មណ្ឌលសុខភាពមានផ្នែកថែទាំពិនិត្យផ្ទៃពោះ មានសម្ភារប្រើប្រាស់ និងថ្នាំបង្ការគ្រប់គ្រាន់។ នេះបើតាមអ្នកគ្រូពេទ្យ ឡុងសនិកា។
ប្រធានមណ្ឌលសុខភាពរូបនេះបន្ថែមថា​ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវ មានការយល់ដឹងផ្សេងៗគ្នា ទាក់ទងនឹងការថែទាំសុខភាព។ អ្នកគ្រូថា នៅតំបន់ផ្សារពួកគេយល់ដឹងបានច្រើនជាងអ្នកនៅតាមតំបន់ដាច់ស្រយាល ព្រោះអ្នកនៅតំបន់ដាច់ស្រយាលទទួលបានការអប់រំតិច តែពេលពួកគាត់មកទទួលសេវានៅមណ្ឌលសុខភាព គឺអ្នកគ្រូពេទ្យបានប្រាប់ និងណែនាំពួកគេឱ្យរស់នៅមានអនាម័យ។
អ្នកគ្រូពេទ្យ ឡុង សនិកា រៀបរាប់បែបនេះ៖ «ឧទាហរណ៍ បើពួកគាត់មកព្យាបាលទាក់ទងក្រពះពោះវៀន ខ្ញុំណែនាំឱ្យគាត់តបអាហារ ដូចជារបស់ឆៅ ហីល គ្រឿងផ្អាប់ ទឹកដូង និងហាមមិនឱ្យហូបគ្រឿងស្រវឹង! និយាយទៅខ្ញុំពន្យល់គាត់ទៅតាមជំងឺថា អាហារណាខ្លះតប និងអាហារណាខ្លះអាចហូបបាន»។
ជាមួយគ្នានេះ អ្នកគ្រូពេទ្យ សនិកា បានស្នើឱ្យស្ត្រីមានផ្ទៃពោះ គោរពពេលវេលានៃការណាត់ជួបជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ និងជំរុញឱ្យស្រ្តីដែលបាត់រដូវ ទៅពិនិត្យសុខភាពនៅមណ្ឌលឱ្យទាន់ពេលវេលា៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 មណ្ឌលសុខភាពស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com