ជាតិ
សម្តេច ហ៊ុន សែន នឹងបើកឱកាសឲ្យអ្នកកាសែតសួរសំណួរ នាជំនួបប្រចាំឆ្នាំថ្ងៃទី១៤ ខែមករា
09, Jan 2023 , 8:45 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានអាចសាកសួរសំណួរទៅកាន់សម្តេចលើបញ្ហាមួយចំនួន នាជំនួបនៅថ្ងៃទី១៤ ខែមករា ដែលត្រូវជាខួបលើកទី៣៨ នៃការកាន់តំណែងរបស់សម្តេចជានាយករដ្ឋមន្ត្រី។

 
«ខ្ញុំនឹងទុកឱកាសដល់អ្នកសារព័ត៌មានអាចឆ្លើយឆ្លងលើបញ្ហាខ្លះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
 
ជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងអ្នកកាសែត នឹងត្រូវរៀបចំឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយខកខានពីរឆ្នាំចុងក្រោយដោយសារកូវីដ-១៩។ ការកំណត់យកថ្ងៃទី១៤ ខែមករា គឺដើម្បីរំលឹកដល់ឱកាសដែលសម្តេច ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី [១៤ មករា ១៩៨៥]។ 
 
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេច ហ៊ុន សែន ឈានដល់ការប្រារព្ធខួប៣៨ឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា (១៤ មករា ១៩៨៥-១៤ មករា ២០២១)។ បច្ចុប្បន្នសម្តេចគឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេម្នាក់លើពិភពលោក ហើយសម្តេចប្រកាសជាញឹកញាប់ថា សម្តេចនឹងបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកក្រោយៗទៀត។

ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេច ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា និងសម្តេចជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥។
 
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បន្តពីលោក ចាន់ ស៊ី ហើយបន្តតួនាទីជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨៥ ដល់ ១៩៩១ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣  សម្តេចបន្តដឹកនាំរដ្ឋាភិបាលក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។
 
គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាបន្តបន្ទាប់ ដែលនាំឲ្យសម្តេច ហ៊ុន សែន បន្តរក្សាតំណែងនាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ ជាញឹកញាប់ សម្តេចអះអាងថា សម្តេចនឹងបន្តឈរឈ្មោះយ៉ាងហោចណាស់មួយអណត្តិទៀត ឬឈានដល់អាយុ៩០ឆ្នាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com