ជាតិ
សង្គមជាតិ
អ្នកស្រី និន សូរិយា៖ មណ្ឌលសុខភាពថាឡាបរិវ៉ាត់ ខ្វះបន្ទប់សម្រាក ខណៈអ្នកសម្រាលកូនកើនឡើង
10, Jan 2023 , 10:33 am        
រូបភាព
មណ្ឌលសុខភាព ថាឡាបរិវ៉ាត់។ រូបដោយ វតី
មណ្ឌលសុខភាព ថាឡាបរិវ៉ាត់។ រូបដោយ វតី
ស្ទឹងត្រែង៖ បន្ទាប់ពីកូវីដ-១៩ បានថមថយ អត្រាអ្នកទៅសម្រាលកូននៅមណ្ឌលសុខភាព ក្នុងស្រុកថាឡាបរិវ៉ាត់ មានការកើនឡើង រហូតដល់ខ្វះកន្លែងសម្រាក និងរង់ចាំសម្រាល។ ហេតុនេះ ប្រធានមណ្ឌលសុខភាពបានស្នើសុំអគារនិងគ្រែសម្រាកបន្ថែម ដើម្បីបម្រើដល់ពលរដ្ឋ។

 
បន្ទប់សម្រាកព្យាបាលក្នុងមណ្ឌលសុខភាពនេះ អាចដាក់បានត្រឹម៤គ្រែប៉ុណ្ណោះ ខណៈអ្នកសម្រាលកូនមានការកើនឡើង។ កត្តានេះហើយ ទើបតម្រូវឲ្យអ្នកសម្រាលកូនផ្សេងទៀត សម្រាកនៅជាន់ផ្ទាល់ដី ឯខ្លះទៀតសម្រាកនៅលើគ្រែខាងក្រៅបន្ទប់ ។ ទើបសម្រាលកូនទី២ បានមួយថ្ងៃ អ្នកស្រី ឃុន សុខុន ដែលសម្រាកលើគ្រែខាងក្រៅបន្ទប់ បានឲ្យដឹងថា មណ្ឌលសុខភាពថាឡាបរិវ៉ាត់ ផ្ដល់សេវាល្អប្រសើរ សម្រាប់ស្ត្រីមានផ្ទៃពោះ។ 
 

អ្នកស្រី ឃុន សុខុន សម្រាលកូននៅមណ្ឌលសុខភាពថាឡាបរិវ៉ាត់។ រូបដោយ វតី
 
ក្នុងសម្លៀបំពាក់ជិតដៃជិតជើង ពាក់មួក ហើយអង្គុយបីកូន អ្នកស្រីវ័យ២៧ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «មណ្ឌលក្បែរផ្ទះ ហើយធ្លាប់សម្រាលកាលកូនទីមួយ ទើបទុកចិត្ត ទើបមកសម្រាលទៀត ហើយកន្លែងអនាម័យក៏សមរម្យអាចទទួលយកបាន»។ 
 
អ្នកស្រី និន សូរិយា ប្រធានមណ្ឌលសុខភាពថាឡាបរីវ៉ាត់ បានសង្កេតឃើញថា នៅក្នុងឆ្នាំ២០២២កន្លងមក មានស្ត្រីមកសម្រាលកូនចន្លោះ២៥នាក់ ទៅ៣៥នាក់ក្នុងមួយខែៗ ដែលមានចំនួនច្រើនជាងអំឡុងពេលកូវីដ-១៩។ ជាក់ស្ដែងនៅខែ ធ្នូ កន្លងមកនេះ មានអ្នកសម្រាលកូន នៅមណ្ឌលសុខភាព ចំនួន៣៤នាក់។ 
 
ប្រធានមណ្ឌលសុខភាពរូបនេះ បានដើរបង្ហាញបន្ទប់នីមួយៗ ដល់ក្រុមសារព័ត៌មានបណ្ដើរ រៀបរាប់បណ្ដើរថា ទោះបីមណ្ឌលសុខភាពតូច ហើយមានបន្ទប់តិច ប៉ុន្តែការរៀបចំទុកដាក់សម្ភារៈ មានអនាម័យល្អប្រសើរ អមជាមួយនឹងសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ជាមួយពលរដ្ឋ  ទើបពលរដ្ឋបន្តមកប្រើប្រាស់សេវាមណ្ឌលសុខភាព។ 
 

 អ្នកស្រី និន សូរិយា ប្រធានមណ្ឌលសុខភាពថាឡាបរិវ៉ាត់។ រូបដោយ វតី 

«នៅពេលពលរដ្ឋមកសម្រាលច្រើន គឺខ្វះគ្រែ ខ្វះបន្ទប់សម្រាក និងបន្ទប់រង់ចាំ។ មានពលរដ្ឋខ្លះ គាត់មកចាំសម្រាលតែអត់មានកន្លែងសម្រាករង់ចាំសម្រាល ពួកគាត់ត្រូវទៅផ្ទះវិញ ខ្លះត្រូវចេញទៅមន្ទីរពេទ្យផ្សេង ខ្លះក៏មិនបានដឹងថាពួកគាត់ទៅសម្រាលនៅកន្លែងណាដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី សូរិយា ដោយបន្ថែមថា កន្លងមកធ្លាប់ស្នើសុំទៅខាងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងដែរ ប៉ុន្តែពុំទាន់ទទួលបានការសម្រេចណាមួយឡើយ។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពី លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឡើយ។ យ៉ាងណាអ្នកស្រី សូរិយា ស្នើសុំឲ្យមានការជួយសាងសង់បន្ទប់សម្រាកបន្ថែម ដើម្បីរៀបចំគ្រែសម្រាប់អ្នកជំងឺឲ្យបានច្រើន ដែលអាចបម្រើសេវាមើលថែនិងព្យាបាលដល់ពលរដ្ឋ៕ 
 

Tag:
 ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com