ជាតិ
សង្គមជាតិ
សមត្ថកិច្ច សុំឲ្យសង្គមស៊ីវិលដក «បទឈាមបាតុករ» ចេញពីបណ្តាញសង្គម
10, Jan 2023 , 11:59 am        
រូបភាព
កម្មករ ធ្វើបាតុកម្ម ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ រូបពី AFP
កម្មករ ធ្វើបាតុកម្ម ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ រូបពី AFP
ដោយ៖ ទេពញាណ 

នគរបាលភ្នំពេញ ស្នើឲ្យអង្គការសង្គមស៊ីវិល លុបបទចម្រៀង ដែលមានចំណងជើង «ឈាមបាតុករ» ចេញពីបណ្តាញសង្គមវិញ ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សារវាងមន្រ្តីសង្គមស៊ីវិល និងនគរបាលភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។



មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ត្រូវកោះហៅឲ្យចូលទៅបំភ្លឺនៅស្នងការដ្ឋានរាជធានីភ្នំពេញ ជុំវិញការយកបទចម្រៀងឈាមបាតុករ ទៅបង្ហោះលើបណ្តាញសង្គម។ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ ដែលស្ថិតក្នុងចំណោមមន្រ្តីសង្គមស៊ីវិលផ្សេងទៀត ដែលត្រូវបានកោះហៅ បានប្រាប់អ្នកកាសែតក្រោយចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ជំនួបនេះ មានលក្ខណៈជាកិច្ចពិភាក្សាគ្នា មិនមែនជាការដាក់សម្ពាធនោះទេ។ 
 
លោក មានប្រសាសន៍ដូច្នេះថា៖«គេ បានសុំថា អាចដក [បទចម្រៀងហ្នឹង] ចេញពីទំព័រហ្វេសប៊ុក [របស់អង្គការលីកាដូ] បានទេ? ចំពោះខ្ញុំ ខ្ញុំ មិនអាចសម្រេចខ្លួនឯងបានទេ។ ចម្លើយក្រោយពីខ្ញុំប្រជុំគណៈកម្មការគ្រប់គ្រងអង្គការលីកាដូសិន។ […] យើង ទទួលយកការស្នើសុំ តែត្រូវសម្រេចដោយគណៈកម្មការគ្រប់គ្រងអង្គការលីកាដូ»។ 
 
យ៉ាងណា បើចូលទៅមើលលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ គេ លែងឃើញបទចម្រៀងឈាមបាតុកនេះទៀតហើយ។ មានន័យថា អង្គការលីកាដូ បានលុបបទនេះចេញពីទំព័រហ្វេសប៊ុករបស់ខ្លួនវិញហើយ។ 
 
លោក អំ សំអាត លើកឡើងថា ក្នុងកិច្ចពិភាក្សាគ្នា ភាគីនគរបាល បានសួរពីគោលបំណងដែលអង្គការលីកាដូ យកបទឈាមបាតុករ ទៅបង្ហោះលើបណ្តាញសង្គម។ លោក រៀបរាប់ពីគោលបំណង៣យ៉ាងទៅកាន់នគរបាល គឺ ទី១ ដើម្បីរម្លឹកខួប៩ឆ្នាំនៃការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរ ទី២ ដើម្បីសុំឲ្យអាជ្ញាធរស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងការប៉ះទង្គិចនេះ ទី៣ ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យមានហិង្សាក្នុងសង្គមខ្មែរតទៅទៀត។ 
 
ថ្ងៃទី២-៣ ខែមករា ឆ្នាំ២០២៣ គឺជាខួប៩ឆ្នាំនៃការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរ លើផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ ការប៉ះទង្គិចនេះ បណ្តាលឲ្យបាតុករមួយចំនួន ដែលជាកម្មករ បានបាត់បង់ជីវិតនិងរងរបួស។ គេ ដឹងថា កាលនោះ កម្មករ បាននាំគ្នាធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ដើម្បីទាមទារឲ្យដំឡើងប្រាក់ខែឲ្យដល់១៦០ដុល្លារ។ 
 
អង្គការសង្គមស៊ីវិលខ្លះ បាននាំគ្នារៀបចំពិធីប្រាព្ធខួប៩ឆ្នាំ នៃហេតុការណ៍ផ្ទុះហិង្សានេះ និងរៀបចំពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត។ ទន្ទឹមនេះ ពួកគេ បានយកបទឈាមបាតុករ ដែលនិពន្ធ និងច្រៀងដោយតារាចម្រៀងរ៉េប គា សុគន្ធ ទៅបង្ហោះលើបណ្តាញសង្គម។ លោក គា សុគន្ធ ក៏បង្ហោះបទនេះលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរ តែលោក បានដកចេញវិញ។   
 
បទឈាមបាតុករ បង្ហាញអន្ថន័យអំពីការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរ។ អង្គការលីកាដូ សរសេរលើទំព័រហ្វេសប៊ុកថា អង្គការលីកាដូ និងអង្គការសង់ត្រាល់ បានសហការគ្នាក្នុងការផលិតបទឈាមបាតុករ (ដោយយកបទនេះ ទៅកាត់បញ្ចូលជាមួយវីដេអូ និងរូបភាពអំពីការប៉ះទង្គិចគ្នារវាងបាតុករ ជាមួយអាជ្ញាធរ)។ អង្គការទាំង២ សុទ្ធតែបានបង្ហោះបទនេះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ 
 
ចំពោះអង្គការសង់ត្រាល់ នៅមិនទាន់លុបបទឈាមបាតុករ ចេញពីទំព័រហ្វេសប៊ុករបស់ខ្លួននៅឡើយទេ មកដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ អង្គការលីកាដូ បានឲ្យដឹងថា ក្រៅពីលោក អំ សំអាត នៅមានមន្រ្តីសង្គមស៊ីវិល៣រូបទៀត គឺ លោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ លោក លោក វន់ ពៅ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលត្រូវនគរបាលភ្នំពេញ កោះហៅឲ្យចូលទៅបំភ្លឺបន្តបន្ទាប់គ្នា ជំវិញការផ្សព្វផ្សាយបទនេះ។ 
 
នគរបាលភ្នំពេញ កោះហៅមន្រ្តីសង្គមស៊ីវិលខាងលើទៅសួរនាំ ក្រោយពីអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សរសេរលិខិតជូនទៅលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យទប់ស្កាត់ការផ្សព្វផ្សាយបទឈាមបាតុករ។ តាមរយៈលិខិត ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីវប្បធម៌ ជម្រាបលោកអគ្គស្នងការថា បទឈាមបាតុករ មានខ្លឹមសារអុជអាល និងញុះញង់ ដែលអាចបង្កអសន្តិសុខដល់សង្គម។
 
លោក អំ សំអាត និយាយជាមួយអ្នកកាសែត នៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ក្នុងការផ្សព្វផ្សាយបទឈាមបាតុករ ក្រៅពីគោលបំណងទាំង៣ ដែលលោករៀបរាប់ខាងលើ អង្គការលីកាដូ ពុំមានគោលបំណងអ្វីផ្សេងនោះទេ។ លោក បដិសេធថា អង្គការសង្គមស៊ីវិល មិនមានគោលបំណងញុះញង់ ដូចការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ឡើយ។ 
 
រីឯ ករណីតារាចម្រៀងរ៉េប គា សុគន្ធ ឯណេះវិញ តារាចម្រៀងរូបនេះ ធ្លាប់ជាប់ពន្ធនាគារអស់១ឆ្នាំរួចមកហើយ ពីបទញុះញង់ ដោយសារការច្រៀងបទចម្រៀង ដែលបង្កប់អត្ថន័យរិះគន់ពីបញ្ហាសង្គម។ ចម្រៀងរបស់លោក ដែលគេធ្លាប់ឮកន្លងមក មានដូចជា បទដីខ្មែរ និងបទទឹកភ្នែករាស្ត្រ ជាដើម៕
 

Tag:
 បទឈាមបាតុករ
  កោះហៅសង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com