ជាតិ
ព្រះតេជគុណ យ៉ន សេងយៀត៖បើយើងស្រឡាញ់អង្គរវត្ត យើងគួរតែយល់ដឹងពីប្រវត្តិសាស្រ្ត
11, Jan 2023 , 8:59 am        
រូបភាព
ព្រះតេជគណ យ៉ន សេងយៀត និមន្តទស្សនាប្រាសាទអង្គរវត្ត។
ព្រះតេជគណ យ៉ន សេងយៀត និមន្តទស្សនាប្រាសាទអង្គរវត្ត។
ដោយ:
ព្រះតេជគុណ យ៉ន សេង យៀត ជំរុញឱ្យពលរដ្ឋ និងយុវជន ដែលស្រលាញ់អង្គរវត្ត ត្រូវសិក្សាស្វែងយល់ពីប្រវត្តិអង្គរ និងប្រវត្តិសាស្រ្ត។ ព្រះតេជគុណ យ៉ន សេងយៀត មានសង្ឃដីកាដូច្នេះ ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅទឹកដីប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ខណៈព្រះអង្គនិមន្តដឹកនាំសិស្សគណ(កូនសេក្ខលោក) ៤នាក់ មកពីខេត្តកំពង់ស្ពឺ ទស្សនាប្រាសាទអង្គរវត្តលើកដំបូង។

 
សិស្សគណទាំង៤នាក់នេះ មិនធ្លាប់បានឃើញអង្គរវត្តឡើយ។ ព្រះតេជគណ យ៉ន សេងយៀត នាំពួកគេទាំង៤នាក់ មកកាន់ទីនេះ ដើម្បីឱ្យពួកគេ បានស្គាល់ និងបានឃើញពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទនេះឡើង។


ព្រះតេជគណ យ៉ន សេងយៀត នាំសិស្សគណ ទស្សនាប្រាសាទអង្គរវត្ត។

ម្យ៉ាងទៀតព្រះតេជគណ យ៉ន សេងយៀត មានគោលបំណងចង់បណ្តុះផ្នត់គំនិត ឱ្យកូនសេក្ខលោក ទាំង៤នាក់ ចេះស្រឡាញ់វប្បធម៌ និងអរិយធម៌ ខណពួកគេចូលចិត្ត និងស្រឡាញ់ព្រៃភ្នំច្រើនជាងវប្បធម៌ ដោយសារពួកគេនៅតំបន់ព្រៃភ្នំតាំងពីតូចមកម្លេះ។ 
 
ព្រះតេជគណ យ៉ន សេងយៀត តែងតែមានមោទកភាពណាស់ នៅពេលដែលសម្ដែងធម៌លើកពីប្រាសាទអង្គរវត្ត មកបកស្រាយម្ដងៗ។ ព្រះអង្គក៏ជំរុញឱ្យពលរដ្ឋ និងយុវជន គួរតែសិក្សាពីប្រវត្តិនៃការកសាងប្រាសាទអង្គរវត្តឱ្យបានច្រើន ជៀសវាងនិយាយខុសឆ្គង។
 
ព្រះតេជគណ យ៉ន សេងយៀត មានថេរដីកាថា៖«ក្រៅអំពីស្រលាញ់ និងមានមោទកភាពចំពោះអង្គរវត្តទន្ទឹមនឹងនោះយើងក៏ត្រូវសិក្សាពីប្រវត្តិសាស្រ្តប្រាសាទអង្គរវត្តឱ្យបានច្បាស់ ពីព្រោះកាលណាយើងស្រលាញ់យើងត្រូវស្គាល់ឱ្យច្បាស់ថាអ្វីជាអង្គរវត្ត អ្វីជាតម្លៃ នរណាជាអ្នកធ្វើ?ធ្វើដើម្បីអ្វី សម្រាប់អ្នកណា?តើផ្តល់ផលប្រយោជន៍អ្វីខ្លះ? ជៀសវាងការពណ៌នាទៅខុស ឬការតបតណាមួយទៅទាំងខុសដែលយើងមិនបានសិក្សាស្វែងយល់ពីប្រវត្តិនៃប្រាសាទអង្គរឱ្យបានច្បាស់ជាមុន»។
 
ពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានភាពនៅតំបន់អង្គរវត្ត មានការវិវត្តន៍ខុសពី៣០ឆ្នាំមុន ដោយមានការរៀបចំសោភណ្ឌភាព និងរបៀបរៀបរយ គួរជាទីចាប់អារម្មណ៍។
 
ព្រះតេជគណ យ៉ន សេងយៀត មានថេរដីកាថា៖«ការរៀបចំសណ្តាប់ធ្នាប់ប្រាសាទអង្គរវត្ត គឺឃើញថាបានល្អ ដោយសារកាលឆ្នាំ១៩៩២ នៅមុខប្រាសាទអង្គរវត្ត មានភាពរញ៉េរញ៉ៃអត់សូវមានរបៀបទេ ហើយក្រោយមកទៀតក៏មិនទាន់រៀបបានល្អ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញខាងអប្សរា រដ្ឋបាលខេត្ត រៀបចំបានស្អាត»។
 
ព្រះអង្គមានថេរដីកាបន្តថា អង្គរជាគុណតម្លៃ និងជាស្នាដៃមួយ ដែលបរទេសតែងតែស្ងប់ស្ញែង ចំពោះបុព្វបុរសខ្មែរ។ «ចំពោះប្រាសាទអង្គរវត្តដែលអាចតាំងនៅបានរហូតមកដល់សព្វថ្ងៃនេះ អាស្រ័យលើ ថ្ម និងបច្ចេកទេសការការពារពីសំណាក់«អ្នកថែអង្គរ» ហើយមួយវិញទៀតការបណ្តុះកូនចៅឱ្យចេះស្រឡាញ់អង្គរជារឿងមួយដ៏ល្អ ។ ត្រូវមើលថាប្រាសាទអង្គរ មិនមែនត្រឹមតែជាថ្មនោះទេ ត្រូវមើលឱ្យលើសពីថ្ម ទាំងពីការបូជារបស់បុព្វបុរស និងរឿងរ៉ាវជាច្រើនទៀត ដែលលោកអាចសាងសង់ប្រាសាទដ៏ស្កឹមស្កៃនេះបាន»។ នេះបើតាមព្រះអង្គ សេងយៀត៕
 
 

Tag:
 អង្គរវត្ត
 ព្រះតេជគណ យ៉ន សេងយៀត
© រក្សាសិទ្ធិដោយ thmeythmey.com