ជាតិ
សង្គមជាតិ
កម្ពុជា ធ្វើប្រតិបត្តិការចុះត្រួតពិនិត្យនៅគ្រប់រោងចក្រ-សហគ្រាស ដែលមានពលករបរទេស
12, Jan 2023 , 3:47 pm        
រូបភាព
នគរបាលផ្នែកអន្តោប្រវេសន៍ថ្នាក់លើ ចុះពិនិត្យការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
នគរបាលផ្នែកអន្តោប្រវេសន៍ថ្នាក់លើ ចុះពិនិត្យការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ពលករបរទេសខុសច្បាប់ ឬជនបរទេសរងគ្រោះពីការជួញដូរ ដែលត្រូវរកឃើញតាមរោងចក្រ-សហគ្រាស និងទីតាំងណាមួយ មិនប្រឈមការជាប់ទោសឡើយ ដោយលើកលែងតែមេខ្លោង ដែលមិនត្រូវឲ្យរួចខ្លួន។ 


ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ទៅ អាជ្ញាធរមានសមត្ថកិច្ច បូករួមទាំងមន្រ្តីពីស្ថាប័នពាក់ព័ន្ធនានា នឹងចុះទៅតាមកន្លែងធ្វើការទាំងឡាយ ដែលមានជនបរទេសបម្រើការងារ ជាពិសេសរោងចក្រ-សហគ្រាសនៅទូទាំងប្រទេសកម្ពុជា ដើម្បីស្វែងរកជនបរទេសខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងទៀត ដូចជា ការជួញដូរកម្លាំងពលកម្មខុសច្បាប់ និងការជួញដូរមនុស្ស ជាអាទិ៍។ 
 
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទម្លាយព័ត៌មាននេះ ឲ្យសាធារណជនដឹងជាមុន ក្នុងពិធីបើកវេទិកាលើកទី៥ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ បើតាមប្រសាសន៍របស់សម្តេច ប្រតិបត្តិការចុះត្រួតពិនិត្យតាមរោងចក្រ-សហគ្រាសនេះ មិនមែនមានតែការចូលរួមពីស្ថាប័នរដ្ឋនោះទេ ដោយមានការចូលរួមយ៉ាងទូលំទូលាយពីភាគីផ្សេងទៀតផងដែរ ដូចជា វិស័យឯកជន និងតំណាងស្ថានទូតបរទេសនានានៅកម្ពុជា។ 
 
សម្តេចរដ្ឋមន្រ្តី ដែលកាន់តំណែងជា​​ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្សដែរនោះ ផ្ញើសារទៅកាន់រោងចក្រ-សហគ្រាសយ៉ាងដូច្នេះថា៖«យើង មិនទៅវាយឆ្មក់ ដូចវាយបន្ទាយសត្រូវទេ។ [យើង] បក់ដៃហៅមក [ប្រាប់ថា] ឥឡូវ ខ្ញុំ ទៅធ្វើការនៅកន្លែងហ្នឹង សុំឲ្យមានកិច្ចសហការទាំងអស់គ្នា ធ្វើកំណត់ហេតុ ផ្តិតមេដៃទាំងអស់គ្នា ហើយទទួលខុសត្រូវចំពោះមុខច្បាប់ បើកាលណារកឃើញថា មានបញ្ហា។ ខ្ញុំ ជម្រាបជូនជាមុនឲ្យហើយ»។


សម្តេច ស ខេង ថ្លែងក្នុងពិធីបើកវេទិកាលើកទី៥ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កាលពីនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សម្តេចឧបនាយករដ្ឋមន្រ្តី ផ្តល់ព័ត៌មានថា រោងចក្រ-សហគ្រាស មិនតិចជាង១ពាន់កន្លែងនោះទេ ដែលជាគោលដៅ ដែលកម្លាំងសមត្ថកិច្ច នឹងត្រូវចុះទៅត្រួតពិនិត្យ។ សម្តេច បញ្ជាក់ថា កម្លាំងសមត្ថកិច្ច នឹងជ្រើសរើសយករោងចក្រ-សហគ្រាសណា ដែលត្រូវចុះទៅត្រួតពិនិត្យដំបូង និងរោងចក្រ-សហគ្រាសណា ដែលត្រូវចុះទៅត្រួតពិនិត្យបន្តបន្ទាប់។ 
 
​​ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស ចាត់ទុក ការធ្វើប្រតិបត្តិការនេះ ថាជាការបោសសម្អាតតាមរោងចក្រ-សហគ្រាសឲ្យស្អាត និងលើកទឹកចិត្តដល់ថៅកែ ឬម្ចាស់ ឲ្យដំណើរការរោងចក្រ-សហគ្រាស់របស់ខ្លួន ឲ្យបានល្អ និងស្របតាមច្បាប់។ 
 
តាមពិតទៅ កន្លងមក និងបច្ចុប្បន្ននេះ សមត្ថកិច្ចកម្ពុជា បានធ្វើប្រតិបត្តិការស្វែងរកពលករបរទេសខុសច្បាប់រួចមកហើយ តាមបញ្ជារបស់រដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ។ ប្រតិបត្តិការ ដែលសម្តេច ស ខេង ទើបប្រកាសនេះ គឺជាប្រតិបត្តិការបន្ថែមទៀត ក្នុងការរុករកភាពមិនប្រក្រតីតាមកន្លែងធ្វើការ ដែលមានកម្លាំងជនបរទេស។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មើលឃើញថា ប្រតិបត្តិការ ដែលនឹងចាប់ផ្តើមនៅថ្ងៃ២០មករានេះ នឹងអាចរកឃើញពលករបរទេសខុសច្បាប់ និងបទល្មើសជាច្រើនថែមទៀត នៅតាមរោងចក្រ-សហគ្រាស។ យ៉ាងណាក៏ដោយ សម្តេច ប្រាប់ទៅពលករបរទេសខុសច្បាប់ កុំឲ្យយល់ច្រឡំ និងកុំឲ្យភ័យថា ពួកគេ នឹងត្រូវចាប់ចង ពេលសមត្ថកិច្ចរកឃើញ។ 
 
សម្តេច បន្តថា ពន្ធនាគារនៅកម្ពុជា ពុំមានកន្លែងដាក់ពួកគេឡើយ ខណៈបច្ចុប្បន្ន ពន្ធនាគារនៅទូទាំងប្រទេស មានភាពចង្អៀនណែតទៅហើយ ដោយសារមានអ្នកជាប់ឃុំដល់ទៅប្រមាណ៣,៧ម៉ឺននាក់។ ប៉ុន្តែ សម្តេច សង្កត់ធ្ងន់ថា មេខ្លោង ដែលមានបទល្មើស ដោយសារនាំពលករបរទេសចូលកម្ពុជាដោយខុសច្បាប់ ឬជួញដូរកម្លាំងពលកម្មបរទេសដោយខុសច្បាប់ នឹងមិនត្រូវលើកលែងនោះទេ។   
 
សូមរម្លឹកខ្លីថា ក្នុងឆ្នាំ២០២២ កម្ពុជា បានចាប់ផ្តើមធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ១ ដែលដូចប្រតិបត្តិការខាងលើនេះដែរ គឺចុះត្រួតពិនិត្យគ្រប់កន្លែងស្នាក់នៅរបស់ជនបរទេស ដើម្បីស្វែងរកអំពើជួញដូរមនុស្ស៕ 
 
 
 

Tag:
 ពលករបរទេសខុសច្បាប់
  ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com