ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង ព្រមានបិទដេប៉ូខ្សាច់ ដែលមិនស្ដាប់ការណែនាំអាជ្ញាធរ
12, Jan 2023 , 5:19 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពី ហ្វេសប៊ុករបស់លោក ឃួង ស្រេង
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពី ហ្វេសប៊ុករបស់លោក ឃួង ស្រេង
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមានដល់ម្ចាស់ដេប៉ូខ្សាច់ និងក្រុមឡានដឹកខ្សាច់ទាំងឡាយណា ដែលពុំស្ដាប់ការណែនាំរបស់អាជ្ញាធរ ហើយបង្កឲ្យខូចសណ្ដាប់ធ្លាប់សាធារណ។ ការព្រមាននេះ ធ្វើឡើងក្រោយ ពីមានករណីផ្ទុះទុយោខ្សាច់ នៅផ្លូវលេខ២ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១២មករា។

 
ករណីផ្ទុះទុយោខ្សាច់កាត់ផ្លូវជាតិលេខ២ ក្បែរសាលារៀន ACE ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ណមានជ័យ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងមានខ្សាច់ពាសពេញផ្លូវ។ ជុំវិញករណីនេះដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ សុំមិនបកស្រាយច្រើនឡើយ ដោយគ្រាន់តែឆ្លើយមកកាន់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា អាជ្ញាធរកំពុងចុះដោះស្រាយ។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ក្រុមការងារសាលាក្រុងគ្រោងកោះហៅ ម្ចាស់ដេប៉ូខ្សាច់ និងក្រុមឡានដឹកខ្សាច់ មកណែនាំបន្ថែមទៀត។ កន្លងមក អាជ្ញាធរបានណែនាំហើយ ឲ្យក្រុមហ៊ុនដែលទទួលការដឹកជញ្ជូនខ្សាច់ទាំងនោះ រៀបចំនិងគ្រប់គ្រងទីតាំងខ្សាច់ ឲ្យបានត្រឹមត្រូវ ជាពិសេសកុំឲ្យហាលខ្សាច់ចេញក្រៅដេប៉ូ។ 
 
លោក ឃួង ស្រេង បានលើកឡើងបែបនេះ៖ «ពិតណាស់យើងចង់បានការអភិវឌ្ឍ យើងត្រូវការបូមខ្សាច់និងដឹក។ ប៉ុន្តែ កិច្ចការនេះ ត្រូវឲ្យគាត់ធ្វើឲ្យបានហ្មត់ចត់»។ 
 
អភិបាលរាជធានីភ្នំពេញបានពន្យល់បន្ថែមថា ដេប៉បូមខ្សាច់ និងដឹកខ្សាច់ ត្រូវពិនិត្យសណ្ដាប់ធ្នាប់ឲ្យខ្ជាប់ខ្ជួន។ លើសពីនេះ ត្រូវលាងកង់រថយន្ត គ្រប និងសម្អាតផ្លូវឡើងវិញ។ អភិបាលរាជធានីភ្នំពេញលើកឡើងបែបនេះ៖ «ខ្សាច់វាសើម នៅដាក់នៅទីតាំងណាមួយ ឬដឹកតាមរថយន្ត តែមានហាលទឹក ហើយពេលខ្លះជ្រុះខ្សាច់អី ក្រុមហ៊ុនខ្សាច់និងដឹកជញ្ជូន ត្រូវសម្អាតឡើងវិញ ដើម្បីឲ្យព្រឹកឡើង ពលរដ្ឋធ្វើដំណើរបានស្រួល ហើយមានសោភ័ណភាព»។ 
 
បើតាមលោក ឃួង ស្រេង កន្លងមកអាជ្ញាធរបានណែនាំឲ្យឡានដឹកខ្សាច់ នៅពេលយប់។ «ចំពោះបញ្ហាគ្រប់គ្រងខ្សាច់តាមដេប៉ូ និងដឹកខ្សាច់នេះ បើណែនាំម្ដង ពីរដង ពុំស្ដាប់ យើងបិទអាជីវកម្មតែម្ដង ដូចករណីផ្លូវជាលេខពីកន្លងមក គឺបានបិទទាំងស្រុកមិនឲ្យមានការបូមនិងដឹកជញ្ជូនឡើយ»។ នេះបើតាមលោក ឃួង ស្រេង។ 
 
កាលពីខែសីហា ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ បានបិទដេប៉ូខ្សាច់ចំនួន ៧ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ។ ការសម្រេចបិទនេះ ដោយសារម្ចាស់ដេប៉ូខ្សាច់ទាំងនោះ ពុំស្ដាប់ការណែនាំ និងធ្វើខុសកិច្ចសន្យាជាច្រើនលើក ពាក់ព័ន្ធនឹងការមិនលាងសម្អាតរថយន្តឲ្យបានស្អាត នៅពេលដឹកខ្សាច់ និងមិនបានដឹកខ្សាច់តាមពេលវេលា(ពេលយប់)៕ 
 

Tag:
 ខ្យាច់
© រក្សាសិទ្ធិដោយ thmeythmey.com