អន្តរជាតិ
កោះតៃវ៉ាន់ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអ៊ុយក្រែនអភិវឌ្ឍប្រព័ន្ធឌីជីថលឡើងវិញ
14, Jan 2023 , 9:29 pm        
រូបភាព
លោកស្រី Audrey Tang រដ្ឋមន្រ្តីកិច្ចការឌីជីថលតៃវ៉ាន់។ រូបថត AFP
លោកស្រី Audrey Tang រដ្ឋមន្រ្តីកិច្ចការឌីជីថលតៃវ៉ាន់។ រូបថត AFP
រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលតៃវ៉ាន់លោកស្រី Audrey Tang អះអាងថា កោះតៃវ៉ាន់ត្រៀម​ខ្លួន​រួចរាល់​ក្នុងការ​ជួយ​អ៊ុយក្រែនអភិវឌ្ឍប្រព័ន្ធឌីជីថល​រួមមានការរៀនពីចម្ងាយដែលជា​ផ្នែកមួយដើម្បី​កសាង​ប្រទេសឡើងវិញ​ក្រោយ​សង្គ្រាម។

 
ពីទឹកដីលីទុយអានីក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសក្រោយចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២២ លោកស្រី Audrey Tang រដ្ឋមន្រ្តីកិច្ចការឌីជីថលរបស់តៃវ៉ាន់បានលើកពីគោលនយោបាយបញ្ចូលប្រព័ន្ធ​ឌីជីថល​ក្នុងប្រព័ន្ធអប់រំ ដែលជាអ្វីមួយដែលកោះនេះអាចជួយអ៊ុយក្រែនបាន។
 
«តៃវ៉ាន់បានផ្តល់ជំនួយមនុស្សធម៌ (ដល់អ៊ុយក្រែន) រួចហើយទាក់ទងនឹងម៉ាស៊ីនភ្លើង បរិក្ខារ និង ផ្សេងៗទៀត ប៉ុន្តែយើងក៏កំពុងគិតអំពីកម្រិតឌីជីថលផងដែរ»។ លោកស្រី Tang ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះនៅថ្ងៃទី១៣ ខែមករា រួចបន្តថា តៃវ៉ាន់ចង់ផ្ដល់ឱ្យ អ៊ុយក្រែនទទួលបានផល​ដូចខ្លួនក្នុងការមានសហគមន៍សិក្សាឆ្លងវប្បធម៌។
 
បើតាមលោកស្រី Tang មិនមានការពិភាក្សាជាផ្លូវការជាមួយរដ្ឋាភិបាលអ៊ុយក្រែនស្តីពីកិច្ច​សហ​ប្រតិប​ត្តិការផ្នែកឌីជីថលនេះនៅឡើយ ប៉ុន្តែលោកស្រីកំពុងទាក់ទងជាមួយទំនាក់ទំនងដោយឡែកជាមួយដៃគូលើរឿងនេះ។
 
នៅទីក្រុងវីលនីញូស លោកស្រី Tang បានដាក់កម្រងផ្កានៅលើផ្នូររបស់ជនស៊ីវិលដែលត្រូវ​បាន​សម្លាប់​កាលពីខែមករា ឆ្នាំ១៩៩១ ក្រោមដៃរបស់កងទ័ពសូវៀតក្នុងអំឡុងការប៉ុនប៉ងដែលបរាជ័យ​ក្នុង​ការ​ផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រឯករាជ្យ។ តៃវ៉ាន់បានបើកការិយាល័យតំណាង​នៅទីក្រុងវីលនីញូស​កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើឱ្យចិនខឹងយ៉ាងខ្លាំង៕
 
 
 

Tag:
 តៃវ៉ាន់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com