សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ឱ្យ Apple គ្រោងសាងសង់រោងចក្រនៅវៀតណាម
14, Jan 2023 , 10:29 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនផលិតអេក្រង់ BOE Technology Group គ្រោងនឹងចំណាយ៤០០លានដុល្លារដើម្បីសាងសង់រោងចក្រចំនួនពីរនៅក្នុងប្រទេសវៀតណាម ក្នុងការផ្កត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Apple ។

 
ក្រុមហ៊ុន BOE Technology Group កំពុងចរចាដើម្បីជួលដីរាប់សិបហិកតានៅភាគខាងជើងប្រទេសវៀតណាម។ ប្រភព Reuters បានឱ្យដឹងថា ពួកគេមានរោងចក្រតូចមួយរួចហើយនៅភាគខាងត្បូង ដែលភាគច្រើនផ្គត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Samsung និង LG Electronics ។
 
ក្រុមហ៊ុនខាងលើនេះគ្រោងនឹងជួលដីរហូតដល់ ១០០ ហិកតា និងប្រើប្រាស់ ២០ភាគរយនៃផ្ទៃដីនេះសម្រាប់រោងចក្រផលិតប្រព័ន្ធបញ្ជាពីចម្ងាយដោយចំណាយអស់ ១៥០លានដុល្លារ។ ផ្ទៃដី​ចំនួន ៥០ហិកតា​ទៀត​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សាងសង់​រោងចក្រ​ផលិត​អេក្រង់ ដោយ​ចំណាយ​ថវិកា​អស់ ២៥០ លាន​ដុល្លារ។ អ្នកផ្គត់ផ្គង់របស់ពួកគេនឹងប្រើប្រាស់ផ្ទៃដីចំនួន ៣០ហិកតាដែលនៅសេសសល់ចន្លោះពេលនេះដល់ឆ្នាំ ២០២៥។
 
ក្រុមហ៊ុនមួយនេះនឹងផ្តោតលើការផលិតអេក្រង់ OLED ជំនួសឱ្យ LCD នៅក្នុងរោងចក្រនេះ។ ថ្មីៗនេះ Apple បានប្រើអេក្រង់ OLED សម្រាប់ iPhone ជំនាន់ថ្មី។ ក្រុមហ៊ុន Apple សហការជាមួយ BOE ចាប់ពីឆ្នាំ ២០២១។
 
BOE Technology Group ជាក្រុមហ៊ុនផលិតអេក្រង់ធំជាងគេរបស់ចិនបើផ្អែកតាមបរិមាណនៃការផ្គត់ផ្គង់។ លោក Kuo Ming-chi អ្នកវិភាគនៅក្រុមហ៊ុន TF International Securities កាលពីសប្តាហ៍មុនបានព្យាករថា BOE នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ដ៏ធំបំផុតសម្រាប់ម៉ូដែល iPhone ថ្មីនៅឆ្នាំ ២០២៤ ។
 
ផែនការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលដឹកនាំដោយ Apple និង Foxconn ក្នុងការកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ ជាពិសេសនៅក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ក៏ដូចជាគោលនយោបាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិន។
 
វៀតណាមដែលសម្បូរដោយពលកម្មតម្លៃថោក បានទាក់ទាញការវិនិយោគដ៏ធំពីក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សជាច្រើន។ ក្រុមហ៊ុន Hon Hai Precision Industry និង Luxshare Precision Industry ក៏គ្រោងនឹងប្រមូលផ្តុំផលិតផល Apple ជាច្រើននៅក្នុងប្រទេសវៀតណាម ដូចជាកុំព្យូទ័រយួរដៃ ឬថេបប្លេតជាដើម៕
 

Tag:
 វៀតណាម ​Apple
© រក្សាសិទ្ធិដោយ thmeythmey.com