អន្តរជាតិ
ទិន្នន័យ Cirium ៖ ក្រុមហ៊ុនអាកាសចរណ៍​បង្កើនចំនួនហោះហើរ ខណៈចិនបើកព្រំដែន
15, Jan 2023 , 8:29 am        
រូបភាព
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium ក្រុមហ៊ុនអាកាសចរណ៍បង្កើនចំនួនកៅអី​ហោះហើរក្នុងខែមករានេះសម្រាប់ជើងទៅនិងមកពីចិនចំនួន៩,៥ភាគរយក្នុងសប្ដាហ៍មុន ខណៈដែល​ព្រំដែនចិនបើកឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជើងហោះហើរ​នេះ​នៅ​តែ​តិច​ជាង​ចំនួ​ន​កាលពីមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

 
ក្នុងរបាយការណ៍របស់ Cirium ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់​ហុងកុង​បាន​បន្ថែម​កៅអីសរុបដល់ទៅ៥២,០០០ ក្រោយដែលព្រំដែនជាមួយចិនដី​គោកបើកឡើងវិញ។ ក្រុមហ៊ុន​អាកាសចរណ៍ចិន Xiamen និង Juneyao  ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតបានបន្ថែមកៅអី១៦ម៉ឺនសម្រាប់ដំណើរទៅនិងមកចិនដែរ។
 
បើតាម ក្រុមហ៊ុនវិភាគទិន្នន័យហោះហើរដដែល ក្រុមហ៊ុន អាកាសចរណ៍​បច្ចុប្បន្ន​ដំណើរការ​តែ​១១​ភាគរយនៃទំហំហោះហើរមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ។ ខណៈថ្ងៃបុណ្យចូលឆ្នាំចិន​ឈានចូលមកនៅថ្ងៃទី២១ ខែមករា សំបុត្រយន្តហោះក៏នឹងឡើងថ្លៃផងដែរ។
 
ជាមួយនឹងការដករឹតត្បិតនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនរំពឹងនឹងទទួលបានជោគជ័យក្នុងការ​បើក​ប្រទេសឡើងវិញជាអន្តរជាតិ។ ទិន្នន័យបង្ហាញថា ទំហំហោះហើរទៅនិងមកចិនដែលនឹងមានក្នុង​ខែ​កុម្ភៈ​កើន​ឡើងដល់២៣ភាគរយ ហើយក្នុងខែមីនា នឹងកើនឡើងដល់១៣ភាគរយ។ 
 
បន្ថែមពីលើនេះ ចំនួនកៅអីហោះហើរទៅនិងមកពីចិន នឹងកើនឡើង៤​,៣លានក្នុងមួយខែចាប់ពី​ខែ​មេសាដែល​ចំនួ​ន​នេះកើនឡើងពី១,៨៥លានកៅអីក្នុងខែមករា និង២,៧លានកៅអីក្នុងខែមីនា៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com